ដើម្បីបំពេញតម្រូវការសិស្សានុសិស្ស អាណាព្យាបាលសិស្ស និងរួមចំណែកលើកស្ទួយគុណភាពវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរនោះ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្តបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មួយបន្ថែមទៀត បន្ទាប់ពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។
នៅចំពោះមុខអ្នកសារព័ត៌មាន និងសាធារណជនយ៉ាងច្រើនកុះករ ដែលចូលរួមពិធីសម្ពោធអគារសិក្សានេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ការជ្រើសទីតាំងផ្សារថ្មី ជាសាខាអាទិភាពនេះ ព្រោះជាតំបន់មួយដែលមានការគាំទ្រច្រើនពីសំណាក់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស។ ជាពិសេស ជាតំបន់ពោរពេញទៅដោយសេដ្ឋកិច្ចរីកចម្រើន បរិស្ថានល្អ មានសុវត្ថិភាព និងងាយស្រួលដល់ការធ្វើដំណើរ និងការសិក្សារបស់សិស្សានុសិស្ស។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានថា ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បន្តពង្រីកសាខាឥតឈប់ និងកំណើនសិស្សកាន់តែកើនឡើងខ្ពស់ ក៏ព្រោះតែមជ្ឈមណ្ឌល និងសាលារៀន ផ្ដោតសំខាន់ទៅលើគុណភាព វិន័យ សេវាកម្ម ស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ ជាពិសេស មានការកោតសរសើរពីក្រសួងអប់រំ យុវជន និងកីឡា...
អ្នកជំនាញវិស័យអប់រំរូបនេះបន្ថែមថា ដោយសារមានការសំណូមពរ និងការគាំទ្រច្រើនពីសំណាក់មហាជននោះ លោកគ្រោងពង្រីកសាខាចំនួន២០បន្ថែមទៀត។ សាខាបន្ទាប់ពីសាខាផ្សារថ្មីនេះ លោកឧកញ៉ា នឹងបន្តសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា Aii & AIS សាខាជ្រោយចង្វារ នៅក្នុងខែតុលាខាងមុខនេះ ហើយជាបន្តបន្ទាប់ទៀតនឹងមាន Aii & AIS សាខាទួលសង្កែ សាខាសែនសុខ និង Aii & AIS គ្របដណ្ដប់ទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។ នេះបើតាមការអះអាងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មីនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់អាហារូបករណ៍៥០% ដល់សិស្សានុសិស្សម្នាក់ៗ ដែលទៅចុះឈ្មោះសិក្សាចាប់ពី៤នាក់ ក្នុងពេលតែមួយ។
ក្រៅពីនេះ ៣៥% សម្រាប់សិស្សានុសិស្សម្នាក់ៗ ទៅចុះឈ្មោះ ចាប់ពី៣នាក់ ក្នុងពេលតែមួយ និង ២៥% សម្រាប់សិស្សានុសិស្សម្នាក់ៗ ទៅចុះឈ្មោះចូលរៀន ចាប់ពី២នាក់ ក្នុងពេលតែមួយ។
ចំណែកឯ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះផងដែរ លោកឧកញ៉ា បានផ្ដល់អាហារូបករណ៍២៥% សម្រាប់សិស្សម្នាក់ៗពេលចុះឈ្មោះ៤នាក់ឡើងទៅក្នុងពេលតែមួយ។
ក្រៅពីនេះ ២០% សម្រាប់សិស្សម្នាក់ៗពេលទៅចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ ហើយ១៥% សម្រាប់សិស្សម្នាក់ៗពេលទៅចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ និង១០% សម្រាប់សិស្សម្នាក់ៗ។