អត្ថបទព័ត៌មានស្តីពីសុខភាព និងរបៀបរបបនៃការរស់នៅ
ក្រោមប្រធានបទ “ម្តាយឆ្លាតវៃ គួររៀបចំអាហារមានសារជាតិចិញ្ចឹមទាំង ៥មុខនេះសម្រាប់កូនញុំាក្នុងវ័យកំពុងលូតលាស់”
អត្ថបទដកស្រង់ដោយ : ហ៊ិន ស្រីពៅ
#MJQE#AmericanInterconSchool
ក្នុងវ័យកំពុងលូតលាស់ របបអាហារប្រចាំថ្ងៃរបស់ក្មេងម្នាក់ៗពិតជាសំខាន់ ដើម្បីជំនួយដល់ការលូតលាស់ធំធាត់ដោយមានសុខភាពល្អ ហើយនេះជាកាតព្វកិច្ចដ៏សំខាន់របស់អ្នកម្តាយគ្រប់រូប។ អាហារូបត្ថម្ភដែលមានដូចជា អាហារថាមពល អាហារស្ថាបនារាងកាយ និងអាហារការពាររាងកាយ ពិតជាចាំបាច់សម្រាប់ជំរុញដល់ការលូតលាស់របស់កុមារឱ្យមានសុខភាពល្អ។ ជាមួយគ្នានេះដែរ ក៏មិនអាចខ្វះទឹកដោះគោះស្រស់ ដែលមានកាល់ស្យូម ជួយឱ្យឆ្អឹងរឹងមាំ និងលូតលាស់បានល្អ មិនថាស្ថិតនៅវ័យណាក៏ដោយ។
តើអាហារប្រភេទណាខ្លះ ដែលអ្នកម្តាយគ្រប់រូបគួរជ្រើសរើសសម្រាប់កូនៗញុំា? ខាងក្រោមនេះគឺប្រភេទអាហារដែលអ្នកម្តាយគ្រប់រូបគួរតែជ្រើសរើសសម្រាប់កូនៗញ៉ាំជារៀងរាល់ថ្ងៃ៖
១. បន្លែធម្មជាតិ : ប្រភេទបន្លែដែលមានពណ៌បៃតង ឬពណ៌លឿងទុំដូចជា ត្រកួន ស្ពៃ ស្លឹកបាស ការ៉ុត ល្ពៅ ដែលមានសារជាតិចិញ្ចឹមជាច្រើនដល់សារពាង្គកាយរបស់យើង។ អ្នកម្តាយគួរចម្អិនម្ហូបទៅតាមចំណង់ចំណូលចិត្តរបស់កូនៗ ដោយផ្លាស់ប្តូរប្រភេទបន្លែជារៀងរាល់ថ្ងៃតាមតែអាចធ្វើទៅបាន ដើម្បីកុំឱ្យកូនធុញទ្រាន់ពេលគេញុំាអីដដែលៗ។
២. ផ្លែឈើ៖ ផ្លែឈើដែលមានដូចជា ចេក ប៉ោម ល្ហុង ក្រូច និងផ្លែឈើជាច្រើនទៀតដែលមានសារៈសំខាន់សម្រាប់រាងកាយរបស់យើងនៅក្នុងវ័យកំពុងលូតលាស់។ នៅក្នុងផ្លែឈើទាំងនោះភាគច្រើន មានសារជាតិចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម សូដ្យូម ប៉ូតាស្យូម វីតាមីនC មានកាឡូរីទាប និងគ្មានជាតិកូលេស្តេរ៉ុល ដែលជួយការពារ និងបំប៉នរាងកាយរបស់យើងឱ្យមានសុខភាពល្អ។
៣. អាហារដែលមានជាតិប្រូតេអ៊ីន : ពពួកជាតិសាច់ដែលមានដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ ត្រី ស៊ុត កង្កែប សណ្តែក គ្រាប់ធញ្ញជាតិ សុទ្ធតែសម្បូរដោយសារជាតិប្រូតេអ៊ីនដែលរាងកាយមនុស្សត្រូវការសម្រាប់ការលូតលាស់ សាច់ដុំមាំមួន និងប៉ូវកម្លាំងពីការបាត់បង់ថាមពលពេញមួយថ្ងៃ។
៤. អាហារសម្រន់ : អ្នកម្តាយគួរតែរៀបចំអាហារសម្រន់សម្រាប់កូនៗ បន្ទាប់ពី២ទៅ៣ម៉ោងក្រោយពេលញ៉ាំបាយព្រឹក និងថ្ងៃត្រង់។ អាហារសម្រន់ដែលអ្នកម្តាយគួរតែជ្រើសរើសគឺជាប្រភេទយ៉ាអួរ នំ Cookie ផ្លែឈើ ពោត និងដំឡូងស្ងោរជាដើម។ ប្រភេទអាហារទាំងនោះ ទោះបីជាមិនអាចឱ្យកូនៗញ៉ាំឆ្អែតតែវាក៏ជួយកុំឱ្យកូនក្មេងឃ្លានខ្លាំងរហូតដល់ឈឺក្រពះដែរ។
៥. ទឹកដោះគោស្រស់ : ទឹកដោះគោស្រស់មានផ្ទុកនូវសារជាតិវីតាមីន ប្រូតេអ៊ីន ខ្លាញ់ រួមទាំងសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាព ឆ្អឹងរឹងមាំ និងរាងកាយទាំងមូល។ ជាទូទៅ អ្នកម្តាយគ្រប់រូបគួរតែឱ្យកូនៗញ៉ាំទឹកដោះគោស្រស់មួយកែវបន្ទាប់ពីញ៉ាំបាយព្រឹក និងមុនពេលចូលគេងដើម្បីឱ្យគាត់មានថាមពល និងមានឆ្អឹងរឹងមាំតាំងតែពីតូច។
ជាក់ស្តែង មនុស្សចាស់មួយចំនួនកំពុងជួបជាមួយនឹងជំងឺពុកឆ្អឹង ដោយពួកគាត់មិនបានយល់ដឹងពី សារៈប្រយោជន៍របស់ទឹកដោះគោ ទៅលើសុខភាពឆ្អឹង និងរាងកាយទាំងមូល ហើយពួកគាត់ខកខានមិនបានពិសាឱ្យបានជាប់លាប់។ ដូចនេះអ្នកម្តាយគ្រប់រូបត្រូវឱ្យកូនៗញ៉ាំទឹកដោះគោស្រស់យ៉ាងតិច២ដង ឬ២កែវក្នុងមួយថ្ងៃ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://social.sabay.com.kh/article/1222965