អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “កម្មវិធី Messenger Kids ជួយកុមាររក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រួសារខណៈពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត”
អត្ថបទដោយ : តាប់ សោភ័ណ្ឌ
#MJQE#AmericanInterconSchool
Facebook បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងដាក់កម្មវិធី Messenger Kids ឱ្យដំណើរការក្នុងប្រទេសចំនួន៧០ ទូទាំងពិភពលោក ដោយមានការបញ្ចូលនូវចំណុចពិសេសថ្មីៗជាច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់ឪពុកម្តាយក្នុងការជួយឱ្យកូនៗរបស់ពួកគាត់រក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់ពួកគេ។ ជាមួយគ្នានេះមាតាបិតា និងអាណាព្យាបាលក្នុងប្រទេសកម្ពុជា ក៏អាចទាញយកកម្មវិធីនេះ ដើម្បីឱ្យកូនៗរបស់ខ្លួនប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅទាំងលើប្រព័ន្ធ Android និង IOS ផងដែរ ។ ខណៈដែលសហគមន៍ជាច្រើនកំពុងតែស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីឆ្លើយតបទៅនឹងវិបត្តិវីរុសកូវីដ-១៩ និងស្របពេលដែលសាលារៀននានាបានបិទជាបណ្តោះអាសន្ន ហើយប្រជាពលរដ្ឋទូទៅកំពុងអនុវត្តនីតិវិធី B គម្លាតក្នុងសង្គម ឪពុកម្តាយជាច្រើនកំពុងតែចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការប្រើប្រាស់ បច្ចេកវិទ្យាដើម្បីជួយឱ្យកូនៗរបស់ពួកគាត់រក្សាទំនាក់ទំនងជាមួយនឹងមិត្តភក្កិ និងក្រុមគ្រួសារ ប៉ុន្តែក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគាត់ផងដែរ។
Messenger Kids ជាកម្មវិធីផ្ញើសារ និងជជែកកម្សាន្តជាវីដេអូ។ កម្មវិធីនេះនឹងជួយឱ្យកុមារៗរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេបានយ៉ាងសប្បាយរីករាយក្នុងកម្រិតមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយរបស់ខ្លួន។ Facebook បានធ្វើការយ៉ាងប្រកៀកជាមួយនឹងទីប្រឹក្សាយុវជន ឬ Youth Advisors ដែលជាក្រុមជំនាញផ្នែកសុវត្ថិភាពលើប្រព័ន្ធអនឡាញ ការអភិវឌ្ឍរបស់កុមារ និងបណ្តាញសារព័ត៌មាន ដើម្បីរួមគ្នាបង្កើតកម្មវិធី Messenger Kids នេះឡើង។
Facebook នៅតែបន្តធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញក្នុងវិស័យអប់រំ និងទីប្រឹក្សាផ្នែកសុវត្ថិភាពកុមារ ដើម្បីធានាឱ្យបានថា ក្រុមហ៊ុនកំពុងតែផ្តល់សេវាមួយដែលជួយឱ្យមានតុល្យភាពរវាងការគ្រប់គ្រងរបស់ឪពុកម្តាយ និងមុខងារទាំងឡាយដែលជួយឱ្យកុមារបានរៀនអំពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយគ្នាលើអនឡាញប្រកបដោយការទទួលខុសត្រូវ។ Messenger Kids មានលក្ខណៈពិសេសជាច្រើនសម្រាប់ក្មេងៗ ដើម្បីជួយឱ្យពួកគេរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ពួកគេបាន។ នៅពេលដែលឪពុកម្តាយបង្កើតគណនីឱ្យកូនៗ កូនៗក៏អាចចាប់ផ្តើមជជែកកម្សាន្តជាវីដេអូមួយទល់នឹងមួយ ឬជាក្រុមក៏បាន។ ជាមួយគ្នានេះឪពុកម្តាយអាចចូលទៅត្រួតពិនិត្យមើលបញ្ជីឈ្មោះមនុស្សដែលកូនៗរបស់ពួកគាត់បានភ្ជាប់ទំនាក់ទំនងជាមួយ និងមើលថាតើអ្នកទាំងនោះបើកអនឡាញនៅពេលណា។
កម្មវិធីនេះមានរូបភាពតំណាងឱ្យម៉ាសការពាររូប emoji ដ៏សម្បូរបែប និងសំឡេងនិមិត្តផ្សេងៗ នឹងធ្វើឱ្យ ការសន្ទនាមានភាពរស់រវើក។ ក្រៅពីការជជែកជាវីដេអូទៅក្មេងៗក៏អាចផ្ញើរូបថត វីដេអូ ឬសារជាអក្សរ ទៅកាន់មិត្តភក្តិរបស់ពួកគេ ក៏ដូចជាផ្ញើសារចូលទៅកាន់កម្មវិធី Messenger ធម្មតា របស់អ៊ុ ពូ មីង របស់ខ្លួនផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ។ មានកម្មវិធីសម្រាប់ក្មេងៗដ៏សម្បូរបែប ដូចជា GIF ស៊ុមរូបថត ស្ទីកឃើ ម៉ាសការពារ និងកម្មវិធី គូររូបផ្សេងៗនឹងអនុញ្ញាតឱ្យក្មេងៗអាចបង្កើតមាតិកាជាច្រើន ក៏ដូចជាបង្ហាញពីការយល់ឃើញរបស់ពួកគេផងដែរ។
Messenger Kids ផ្ដល់ជូនឪពុកម្តាយនូវលទ្ធភាពកាន់តែច្រើនដើម្បីគ្រប់គ្រងកូនៗ បញ្ជីមិត្តភក្តិរបស់កូនៗ ព្រមទាំងអាចចូលទៅពិនិត្យមើលថាតើកូនៗកំពុងតែប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើអ្វីខ្លះផងដែរ។ លើសពីនេះទៅទៀត ឪពុកម្តាយក៏អាចគ្រប់គ្រងគណនី និងបញ្ជីមិត្តភក្តិរបស់កូនៗបានផងដែរ តាមរយៈប្រអប់ Messenger Kids Parent Dashboard នៅក្នុង Facebook ផ្ទាល់របស់ពួកគាត់តែម្ដង ដែលដំណើរការទាំងលើប្រព័ន្ធ iOS និង Android ហើយអាចទាញយកកម្មវិធី Messenger Kids ដើម្បីដំឡើងលើ iPad, iPod ឬទូរស័ព្ទ iPhone ពី App Store៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://kohsantepheapdaily.com.kh/article/1071910.html