គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សារមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាប ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករខ្មែរនៅតាមទីជនបទ។
២. ស្វែងយល់ពីការដាំដំណាំកសិកម្មមួយចំនួន ផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពចម្ការដំណាំច្រើនហិចតា និងសកម្មភាពប្រមូលផលក្រោមខ្យល់អាកាសល្អបរិសុទ្ធប្រកបដោយបរិយាកាសរីករាយស្រស់ថ្លា។
៣. ស្គាល់ឈ្មោះដំណាំ និងយល់ដឹងបន្ថែមពីលក្ខណៈនៃការលូតលាស់របស់ដំណាំធម្មជាតិ រួមទាំងបានគយគន់ស្ថានភាពភូមិសាស្ដ្រ ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងដងវិថី និងនៅជុំវិញតំបន់ទស្សនកិច្ចសិក្សាក្នុងខេត្តកណ្តាល។
៤. យល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពជាក់ស្ដែងនៃតំបន់ទេសចរណ៍ និងប្រាសាទនៅលើភ្នំប្រសិទ្ធិ និងភ្នំរាប ដែលជារមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្រ្ត និងកែច្នៃ។
៥. ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា សិល្បៈ ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងកសិកម្ម។
៦. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៧. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុង ទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
ក្នុងដំណើរទស្សនកិច្ចសិក្សានោះផងដែរ សិស្សានុសិស្សទាំងអស់ក៏បានឆ្លៀតពេលធ្វើដំណើរទៅកាន់សាលាបឋមសិក្សា ភ្នំបាសិទ្ធិ ដើម្បីចែកជូនជាសម្ភារសិក្សាមួយចំនួនជូនដល់ប្អូនៗសិស្សានុសិស្សនៅទីនោះផងដែរ៕