កម្មវិធីមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ជាកម្មវិធីមួយរួមចំណែកយ៉ាងផុសផុលក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឱ្យកាន់តែរីកចម្រើន និងជឿនលឿន។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចុះជួបសំណេះសំណាល និងចង្អុលបង្ហាញនូវត្រីវិស័យល្អៗ ដល់យុវជនមាគ៌ាឆ្ពោះទៅកាន់ពិភពលោកចំនួន២០នាក់ មកពីវិទ្យាល័យនានា ក្នុងខេត្តកំពង់ចាម។
នៅក្នុងការជួបសំណេះសំណាលនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឆ្លៀតផ្ដែផ្ដាំដល់យុវជនទាំងនោះថា ក្មួយៗទាំងអស់គ្នានឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃខាងមុខ សូមខិតខំ និងតស៊ូរៀនសូត្រ ដើម្បីឱ្យការប្រឡងនេះទទួលបានជោគជ័យ។ ប៉ុន្តែបើសិនក្មួយៗប្រឡងពុំជាប់ សូមកុំបាក់ទឹកចិត្ត និងអស់សង្ឃឹម ព្រោះបរាជ័យក្នុងការប្រឡងនេះ ពុំមែនជីវិតយើងត្រូវចប់ ឬបរាជ័យរហូតនោះទេ។
លោកឧកញ៉ា វេជ្ជបណ្ឌិត បន្តថា ចាប់ពីពេលនេះតទៅ សូមក្មួយៗត្រូវគិតឱ្យបានច្បាស់ថា នៅពេលរៀនចប់ថ្នាក់ទី១២ តើត្រូវសិក្សាជំនាញអ្វីបន្ត? ចង់ធ្វើអ្វី? ហេតុអ្វីបានជាចង់សិក្សាជំនាញហ្នឹង ហើយដើម្បីអ្វី?…. លោកឧកញ៉ាបញ្ជាក់ថា បើសិនក្មួយៗរៀននូវអ្វីដែលខ្លួនពេញចិត្ត និងស្រឡាញ់ នោះក្មួយៗនឹងរៀនពូកែ រៀនមិនធុញ រៀនឆាប់ចេះ ឆាប់យល់ ហើយការសិក្សានឹងទទួលបានផ្លែផ្កាល្អ ជាពិសេស អាជីពការងារ ឬការរកស៊ីនឹងទទួលបានជោគជ័យ។
អ្នកជំនាញវិស័យអប់រំរូបនេះសង្កត់ធ្ងន់ថា ទោះបីក្មួយៗប្រឡងធ្លាក់ ឬពុំទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅថ្ងៃខាងមុខ សូមកុំបោះបង់ការសិក្សា ហើយក៏មិនគួររៀនត្រួតថ្នាក់នោះទេ តែគួរបន្តសិក្សាថ្នាក់បរិញ្ញាបត្ររង នៅពេលបញ្ចប់បរិញ្ញាបត្ររង ត្រូវបន្តសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ។
អ្នកអាជីវកម្មឆ្នើមដដែលបន្ថែមថា បើសិននៅរៀនត្រួតថ្នាក់ដដែល គឺត្រូវខាតមួយឆ្នាំ គួរឱ្យស្ដាយខ្លាំងណាស់ ហើយក្មេងៗសារក្រោយឡើងមក អាចនឹងសើចយើងក៏អាចថាបាន ហើយជីវិតយើងក៏មិនស្គាល់រសជាតិនៅថ្នាក់មហាវិទ្យាល័យដែរ។ ដូច្នេះ បើលទ្ធផលពុំជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបន្តសិក្សាថ្នាក់បរិញ្ញាបត្ររង ហើយបន្តថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ។
កម្មវិធីមាគ៌ាឆ្ពោះទៅកាន់ពិភពលោក បង្កើតឡើងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ មានការចូលរួម និងរៀបចំដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ នេះបើតាមលោកស្រី សាឯក កម្រង ប្រធានកម្មវិធីមាគ៌ាឆ្ពោះទៅកាន់ពិភពលោក អះអាងប្រាប់អ្នកសារព័ត៌មាន។
គួររម្លឹកថា នេះជាថ្ងៃទី៣ហើយ ដែលយុវជនមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ចុះទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៕