ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ជាក្រុមហ៊ុនមួយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំមួយទៀតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងការសម្ពោធជាផ្លូវការនូវសាខាថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។
ពិធីសម្ពោធបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
សាខាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នេះមានទំហំដីរហូតដល់៣ហិកតា ស្ថិតនៅទីតាំងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលភាសា អេ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុខភាពក្នុងការសិក្សា។ បរិក្ខារទំនើបៗ ក្នុងទីតាំងនីមួយៗបានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍន៍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក។
បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅហើយចំពោះសេវាកម្មអប់រំ យើងនឹងបន្តមានគំនិតផ្តួចផ្តើមបង្កើននូវចក្ខុវិស័យដ៏រឹងមាំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងមានគោលដៅបំពេញតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាព ជាមួយនឹងកម្មវិធីសិក្សា ផ្អែកលើតម្រូវការរបស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំបរិវត្តន៍កម្មឌីជីថលនៅសតវត្សរ៍ទី២១។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញសិស្សានុសិស្ស និងបណ្តានិស្សិតក្នុងការសិក្សា និងបង្កើនជំនាញភាសារបស់ពួកគេជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងអ្នកជំនាញខាងអប់រំប្រកបដោយសមត្ថភាព និងបទពិសោធច្រើនឆ្នាំ។»
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិស័យអប់រំ បានថ្លែងថា លោក និងសហការី ពិតជាមានមោទនភាព និងសេចក្តីសោមនស្សក្រៃលែង ចំពោះអគារសិក្សាថ្មីនេះ ហើយលោកសង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធផលធំមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង១២សាខាក្នុងរាជធានីភ្នំពេញ។
គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មាន១៨សាខា ក្នុងនោះ១៤សាខាស្ថិតលើទឹកដីរាជធានីភ្នំពេញ ២សាខាទៀតស្ថិតលើទឹកដីខេត្តសៀមរាប ខណៈ២សាខាទៀតគឺស្ថិតនៅលើទឹកដីខេត្តតាកែវ។ បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការសាខាសែនសុខនេះហើយ គណៈគ្រប់គ្រងសាលា Aii និង AIS គ្រោងបន្តបើកដំណើរការសាខាថ្មីជាច្រើនទៀត ដូចជាសាខាច្បារអំពៅក្នុងឆ្នាំ២០២៣ សាខាទួលសង្កែ ចំការដូង បាត់ដំបង កំពង់ចាម កំពង់សោម ជាដើម។ បន្ថែមលើនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់អាហារូបករណ៍រហូតដល់ ៤០% និងសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់អាហារូបករណ៍រហូតដល់១៥% សម្រាប់សាខាសែនសុខ៕
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម ៖
អ្នកឧកញ៉ា គួច ម៉េងលី សម្រេចសមិទ្ធផលដ៏ធំមួយទៀតជាមួយនឹងការសម្ពោធសាខាថ្មី នៅសែនសុខ