គ្រឹះស្ថានសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលស្ថិតក្រោមក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) នឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
ពិធីសម្ពោធនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនផងដែរ។
ពាក់ព័ន្ធនឹងពិធីនេះ នាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប កញ្ញា គង់ លក្ខិណា បានលើកឡើងថា គ្រឹះស្ថានសិក្សាថ្មី នឹងចូលរួមចំណែកសម្រាប់វិស័យអប់រំប្រកបដោយសមិទ្ធផលដ៏អស្ចារ្យជាមួយនឹងបរិក្ខាទំនើបៗ ដែលនឹងជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូអាចសិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក។
បើតាមស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានសិក្សាខាងលើសម្រាប់ឆ្នាំ២០២២នេះ លោកបានបន្តពង្រីកសាខាឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀត ខណៈសាខាខេត្តតាកែវ ខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង និងសាខាទួលសង្កែ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់ផងដែរ។
គួររំឭកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕