អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE#AmericanInterconSchool
ពេលយើងមានចេញរោគសញ្ញាអាលែកហ្ស៊ី យើងពិតជាត្រូវការប្រើថ្នាំដើម្បីបន្ថយរោគសញ្ញានោះវិញ។ យ៉ាងណាពេលយើងរងការរំខានញឹកញាប់ពេកពីការប្រែប្រួលអាកាសធាតុ និងសារធាតុផ្សេងៗនៅជុំវិញខ្លួន ដែលនាំឱ្យយើងកើតមានរោគសញ្ញាអាលែកហ្ស៊ី នោះជាពេលដែលយើងគួរគិតដល់របបអាហារដែរហើយ។ របបអាហារពិតណាស់មិនអាចព្យាបាលអាលែកហ្ស៊ីបានទេ តែរបបអាហារត្រឹមត្រូវអាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ីបាន។ បន្លែ និងផ្លែឈើមានសារធាតុចិញ្ចឹមច្រើនយ៉ាង អាចជួយឱ្យរាងកាយយើងមានសុខភាពល្អ និងក៏ប្រហែលជាអាចជួយការពារយើងបានពីបញ្ហាអាលែកហ្ស៊ីដែរ។ ខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួន ដែលអាចជួយកាត់បន្ថយរោគសញ្ញាអាលែកហ្ស៊ី៖
១. ខ្ទឹមបារាំង :
ខ្ទឹមបារាំង ម្រេច និងពពួកផ្លែបឺរី មានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា Quercetin។ អ្នកជំនាញវេជ្ជសាស្រ្តលើកឡើងថាសារធាតុ Quercetin គឺជាសារធាតុគីមីរុក្ខជាតិ អាចជួយកាត់បន្ថយប្រតិកម្មហ៊ីស្តាមីន។ ហ៊ីស្តាមីន គឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងប្រតិកម្មអាលែកហ្ស៊ី។
២. ខាត់ណាខៀវ :
ខាត់ណាខៀវត្រូវបានគេដឹងថាជាអាហារល្អបំផុតមួយចំពោះសុខភាព និងសម្បូរដោយវីតាមីន C ជួយសម្អាតការរាំងស្ទះនៅប្រហោងឆ្អឹងច្រមុះ។ ការសិក្សារកឃើញថា ការទទួលបានវីតាមីន C ប្រហែល៥០០មីលីក្រាមប្រចាំថ្ងៃអាចជួយសម្រួលដល់រោគសញ្ញាអាលែកហ្ស៊ី។ ខាត់ណាខៀវប្រហែល៩០ក្រាម មានផ្ទុកវីតាមីន C ប្រហែល៨០មីលីក្រាម។
៣. ខ្ញី :
រោគសញ្ញាដែលរំខានបំផុតកើតចេញពីអាលែកហ្ស៊ី គឺការរលាកជាលិកា ដូចជាហើម រមាស់ច្រមុះ ភ្នែក និងបំពង់ក។ ខ្ញី អាចជួយកាត់បន្ថយរោគសញ្ញាទាំងនេះបាន។ ជាច្រើនរយឆ្នាំមកហើយ ដែលមនុស្សយើងបានប្រើប្រាស់ខ្ញីជាឱសថធម្មជាតិសម្រាប់ព្យាបាលបញ្ហាសុខភាពដូចជា ចង្អោរ និងឈឺសន្លាក់ជាដើម។ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក។ មកដល់ពេលនេះ អ្នកជំនាញបានរកឃើញទៀតថា ខ្ញីក៏មានប្រយោជន៍ក្នុងការប្រឆាំងនឹងអាលែកហ្ស៊ីតាមរដូវកាល។ ខ្ញីត្រូវអ្នកជំនាញជឿថាមានសមត្ថភាពទប់ស្កាត់ការផលិតប្រូតេអ៊ីនរលាកនៅក្នុងឈាម ដែលអាចនាំឱ្យកាត់បន្ថយរោគសញ្ញាអាលែកហ្ស៊ី។
៤. រមៀត :
រមៀតត្រូវគេស្គាល់ជាទូទៅថា ជាឃ្លាំងស្តុកសារធាតុប្រឆាំងនឹងការរលាក។ សារធាតុផ្សំនៅក្នុងរមៀតមានទំនាក់ទំនងនឹងការកាត់បន្ថយរោគសញ្ញានៃជំងឺដែលបង្កឱ្យមានការរលាក និងអាចជួយកាត់បន្ថយអាការៈហើម និងផលរំខានផ្សេងៗពីបញ្ហាអាលែកហ្ស៊ីផង។ ការសិក្សាមួយធ្វើឡើងលើសត្វកណ្ដុររកឃើញថា រមៀតអាចជួយកាត់បន្ថយការឆ្លើយតបទៅនឹងសារធាតុបង្កអាលែកហ្ស៊ី។
៥. ម្នាស់ :
ម្នាស់មានផ្ទុកអង់ហ្ស៊ីមមួយហៅថា bromelain។ តាមការសិក្សា អង់ស៊ីមប្រភេទនេះ អាចជួយកាត់បន្ថយផលរំខានពីជំងឺអាលែកហ្ស៊ី ដូចជាជំងឺហឺត ព្រោះថាបញ្ហាអាលែកហ្ស៊ី ក៏អាចនាំឱ្យកើតជំងឺហឺត ដែរ។
៦. ទឹកឃ្មុំក្នុងតំបន់ :
ទឹកឃ្មុំក្នុងតំបន់សំដៅដល់ទឹកឃ្មុំដែលយកពីឃ្មុំនៅក្នុងតំបន់ដែលយើងកំពុងរស់នៅ។ ការសិក្សារកឃើញថា បើសិនជាយើងបានញ៉ាំទឹកឃ្មុំនោះមុនពេលរដូវបង្កអាលែកហ្ស៊ីចូលមកដល់ រាងកាយយើងអាចនឹងស៊ាំទៅនឹងលម្អងផ្កា ចេញពីតំបន់ដែលយើងរស់នៅដែរ។ សម្រាប់អ្នកមានបញ្ហាអាលែកហ្ស៊ីតាមរដូវកាល គឺអាចបង្កឡើងដោយលម្អងផ្កាឈើនៅក្នុងតំបន់យើងរស់នៅនេះឯង ហើយទឹកឃ្មុំក្នុងតំបន់ក៏មានផ្ទុកលម្អងផ្កាឈើនេះដូចគ្នា។ ពេលយើងបានញ៉ាំទឹកឃ្មុំមុនរដូវកាលផ្កាឈើចូលមកដល់ នោះរាងកាយនឹងធន់ទៅនឹងលម្អងផ្កាទាំងនោះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ីនោះដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.khmerload.com