សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់ខ្លួនស្ថិតក្រោមបរិយាកាសដ៏សែនរីករាយបំផុតពីសំណាក់សិស្សានុសិស្សចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី១២ ជាច្រើនរយនាក់ នៅព្រឹកថ្ងៃទី២៦ ខែតុលា នេះ ក្រោមអធិបតីរបស់អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង នាយកចាងហ្វាង ចាងហ្វាង និងលោកគ្រូ អ្នកគ្រូរបស់ពួកគេផងដែរ។
ក្រៅតែពីស្វាគមន៍យ៉ាងកក់ក្ដៅនូវការវិលត្រឡប់របស់សិស្សចាស់ សិស្សថ្មី ដែលបានមកកាន់អន្តរទ្វីបក្នុងគោលដៅក្រេបជញ្ជក់យកចំណេះដឹងពីសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាចំណេះទូទៅខ្មែរតាមបែបខែ្មរ-អាមេរិកាំង ដំបូងគេដែលមានកេរ្តិ៍ឈ្មោះឈានមុខលើផ្នែកគុណភាពអប់រំ វិន័យ និងសេវាកម្មនៅកម្ពុជា គណៈគ្រប់គ្រងសាលារៀនកូនកាត់នេះ ក៏បានណែនាំពីការសិក្សាដល់សិស្សឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ផ្ដោតលើការរៀនសូត្រ ដើម្បីទទួលបានជោគជ័យលើការសិក្សារបស់ខ្លួន។
ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សារបស់សិស្ស លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងពីចក្ខុវិស័យដែលនាំឱ្យសិស្សទទួលបានជោគជ័យលើការសិក្សាប្រកបដោយគុណភាពខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំរហូតមានការទទួលកាន់តែខ្លាំងឡើងពីមហាជនគ្រប់មជ្ឈដ្ឋាន ពិសេសមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សខ្លួនឯងផ្ទាល់។
យុវតី ប្រិមម្រិយ ដែនណាសុភាវី ថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីអបអរសាទរនៃថ្ងៃបើកបវេសនកាលនោះថា ខ្លួនពិតជាមានអារម្មណ៍រីករាយក្នុងការវិលត្រឡប់មកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ ដែលពោរពេញទៅដោយបទពិសោធ ជំនាញច្បាស់លាស់ក្នុងការបង្រៀនប្រកបដោយបច្ចេកទេសខ្ពស់។ យុវតីថ្នាក់ទី១០រូបនេះ និយាយថា ខ្លួនពិតជាមានមោទនភាពដែលសម្រេចចិត្តជ្រើសរើសសាលារៀនបានត្រឹមត្រូវ ដោយមានស្ដង់ដាខ្ពស់ គុណភាពល្អ វិន័យល្អ និងមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យអប់រំនៅកម្ពុជា។
សូមជម្រាបជូនថា បច្ចុប្បន្នសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក គិតត្រឹមដើមឆ្នាំសិក្សានេះមានសិស្សានុសិស្សកំពុងសិក្សាសរុបជាង១៤០០នាក់ ហើយនៅមានសិស្សកំពុងបន្តចុះឈ្មោះចូលរៀននៅឡើយ។ បើតាមការឱ្យដឹងពីនាយកចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ គួរបញ្ជាក់ដែរថា កម្មវិធីសិក្សាពិសេសរបស់សាលានេះ គឺមានទាំងកម្មវិធីអប់រំស្របតាមនិយាមកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីសិក្សាភាសាអង់គ្លេស (English Program) កម្មវិធីសិក្សាកុំព្យូទ័រ (Computer Study Program) កម្មវិធីកីឡា (Sport Program) និងជំនាញថ្ងៃសៅរ៍ ព្រមទាំងកម្មវិធីដំណើរទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេសជាដើម៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ