សាលារៀន អន្តរទ្វីប អាមេរិកកាំង (AIS) ប្រារព្ធខួបគម្រប់១៧ឆ្នាំរបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ជាសាលារៀនចំណេះទូទៅដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យសិក្សាដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល១៧ឆ្នាំលើវិស័យអប់រំឯកជន សាលារៀន អន្តរទ្វីប អាមេរិកាំង បានក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សរាប់ម៉ឺននាក់ ហើយមានការគាំទ្រនិងជាទីទុកចិត្តពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សថាជាសាលាដែលមានគុណភាពល្អ សេវាកម្មល្អ និងវិន័យល្អ។
រយៈពេល១៥ឆ្នាំនៃការបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅការិយាល័យកណ្តាល លោកគ្រូ ទី មុន្នីរក្ស បានលើកឡើងថា «ប្រព័ន្ធអប់រំនៅសាលា AIS គឺមានវិន័យតឹងរ៉ឹង មានច្បាប់ទម្លាប់ ក្រឹត្យក្រមណាស់ ពិសេសគឺយកចិត្តទុកដាក់ខ្ពស់បំផុតលើការបង្រៀនភាសាខ្មែរ ដែលខុសពីគ្រឹះស្ថានសិក្សាឯកជននិងអង្គការមួយចំនួនដែលខ្ញុំធ្លាប់បង្រៀន។ រយៈពេល១៧ឆ្នាំនេះ AIS នៅតែរក្សាបាននូវគុណភាព វិន័យ និងសេវាកម្មយ៉ាងល្អប្រសើរ ដែលធ្វើឱ្យអាណាព្យាបាលកក់ក្តៅនិងជឿទុកចិត្តបំផុត។ ក្នុងនាមជាគ្រូបង្រៀននៅ AIS ម្នាក់ ខ្ញុំពិតជាសប្បាយចិត្តចំពោះភាពរីកចម្រើនរបស់សាលារៀន និងត្រេកអរដែលបានឃើញអតីតសិស្សនិងសិស្សកំពុងសិក្សា សុទ្ធតែជាធនធានមនុស្សដ៏ល្អទាំងក្នុងសង្គមនិងគ្រួសារ»។
ក្នុងនាមជាសិស្សថ្នាក់ទី១១ យុវសិស្ស អ៊ឹង សង្ឃរា បានឱ្យដឹងថា «សាលារៀន អន្តរទ្វីប អាមេរិកាំង ជាថ្នាលអប់រំចំណេះដឹងទូទៅមួយដែលលោកគ្រូអ្នកគ្រូបង្រៀនមានស្តង់ដាល្អនិងការយកចិត្តទុកដាក់បំផុតចំពោះសិស្សឱ្យមានចំណេះដឹង ជំនាញទន់ សីលធម៌ និងសុជីវធម៌ ដើម្បីឱ្យក្លាយជាទំពាំងដ៏ល្អ សម្រាប់ស្នងឫស្សីនាពេលអនាគត។ ខ្ញុំសប្បាយចិត្តដែលបានសិក្សានៅទីនេះ ព្រោះសាលាមានកម្មវិធីបន្ថែមលើការរៀនទូទៅដូចជា ក្រុមការងារស្ម័គ្រចិត្ត ការសិក្សាជំនាញ និងទស្សនកិច្ចសិក្សាជាដើម។ ខ្ញុំជឿជាក់ថា មានមនុស្សជាច្រើនដែលយល់ឃើញដូចខ្ញុំចំពោះគុណភាពសាលា ព្រោះក្នុងមួយឆ្នាំៗ កំណើនរបស់សិស្សតែងតែកើនឡើង ដែលធ្វើឱ្យមានការបង្កើតថ្នាក់បន្ថែម និងការបង្កើតសាខាថ្មីៗជាច្រើន»។
ជាមួយគ្នានេះដែរ យុវតី ហឿន រីណា សិស្សថ្នាក់ទី១២ នៅសាខាទួលគោក បានបង្ហាញការយល់ ឃើញរបស់ខ្លួនថា «ខ្ញុំបានចូលរៀនដំបូងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង គឺថ្នាក់ទី១០។ ដំបូងរាងពិបាកបន្តិច ព្រោះសាលាមានក្រឹត្យក្រមវិន័យនិងច្បាប់តឹងរ៉ឹងជាងសាលាដទៃដែលខ្ញុំធ្លាប់បានសិក្សាកន្លងមក។ បើពេលប្រឡងគឺតឹងរ៉ឹងណាស់ មិនមានការលួចចម្លងទេ ហើយសាលាក៏ហាមប្រាមសិស្សមិនឱ្យពាក់គ្រឿងមានតម្លៃ តុបតែងខ្លួន ឬស្លៀកពាក់មិនសមជាសិស្សចូលក្នុងក្នុងបរិវេណសាលាដែរ។ ខ្ញុំសប្បាយចិត្តដែលបានរៀនសូត្រនៅទីនេះ ព្រោះមានលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់នឹងសិស្ស មានភាពស្និទ្ធស្នាល ហើយក៏មានមិត្តភក្តិល្អៗ ចេះគោរពគ្នានិងជួយគ្នា។ ពេលរៀនកាន់តែយូរ កាន់តែដឹងថាខ្លួនរីកចម្រើនខ្លាំង ព្រោះសាលាមានក្រុមប្រឹក្សាសិស្ស មានក្រុមការងារស្ម័គ្រចិត្ត ដែលធ្វើឱ្យខ្លួនមានឱកាសច្រើនក្នុងការប្រឡូកក្នុងកិច្ចការសង្គម ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង និងទទួលបានចំណេះដឹងថ្មីៗបន្ថែម»។
ក្នុងឱកាសខួបគម្រប់១៧ឆ្នាំផងដែរ លោកស្រី រស់ យ៉ាណា ប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្តែងអារម្មណ៍រំភើប យ៉ាងដូច្នេះ៖ «ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសខួបគម្រប់ទី១៧ឆ្នាំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ ក្នុងនាមខ្ញុំជាគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងគាំទ្រគុណភាពអប់រំរបស់យើងទាំងអស់គ្នាកន្លងមក។»
សូមបញ្ជាក់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង កាលចាប់បើកថ្ងៃដំបូង គឺមានសិស្សត្រឹមតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះចំនួនសិស្សបានកើនឡើងដល់ជិត១ម៉ឺននាក់ និងមានអតីតសិស្សរាប់ម៉ឺននាក់កំពុងសិក្សានិងធ្វើការនៅជុំវិញពិភពលោក ហើយបានពង្រីកខ្លួនដល់ទៅ១៥សាខានៅរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុងមួយចំនួនទៀត។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោយមានការគាំទ្រនិងជឿទុកចិត្តខ្លាំងពីអាណាព្យាបាលនិងសិស្សានុសិស្សដែលតែងតែគាំទ្រអស់រយៈពេល១៧ឆ្នាំកន្លងមកនេះ។ ក្នុងឱកាសដ៏វិសេសនៃខួប១៧ឆ្នាំនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏សូមថ្លែងអរគុណដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សិស្សានុសិស្សគ្រប់សាខា និងមហាជនគ្រប់ទិសទី ដែលជឿទុកចិត្តនិងគាំទ្រដល់គ្រឹះស្ថានសិក្សាយើងខ្ញុំ។ ពួកយើងប្តេជ្ញារក្សាឱ្យបាននូវគុណភាព សេវាកម្ម និងវិន័យឱ្យកាន់តែល្អប្រសើរ ឱ្យសមជាគ្រឹះស្ថានសិក្សាប្រកបដោយគុណភាពអប់រំខ្ពស់ឈានមុខគេនៅកម្ពុជាជារៀងរហូត៕
អត្ថបទ និងរូបភាពដកស្រង់ពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ