អត្ថបទព័ត៌មានស្តីអំពីការកម្សាន្ត៖
ក្រោមប្រធានបទ “រមណីយដ្ឋានទំនប់ស្លា”
អត្ថបទដោយ : គិត សុភ័ក្រ្ត
ទំនប់ស្លា ឬក៏គេច្រើនហៅថា ទំនប់ស្លា រីសត មានទីតាំងស្ថិតនៅភ្វមិស្លា ឃុំស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ ទំនប់ស្លា ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានបឹង ឬស្រះ ឬអាង។ ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទំនប់ស្លា ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៍នោះ មានដូចជា ទស្សនាទេសភាពព្រៃភ្នំ លេងទឹក ឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក ដើរទស្សនាកសិដ្ឋាន ស្ទូចត្រី ជិះទូកកៃយ៉ាក់ រៀបចំអាហារដោយខ្លួនឯង ទស្សនាសួនផ្កា កាហ្វេ ជិះទាទឹក និងចំណុចផ្សេងៗទៀត។
ទំនប់ស្លា គឺជាទំបន់បែបកៃច្នៃ និងធម្មជាតិ ដែលបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១៦។ វាជាទំនប់ដែលអបជាមួយទេសភាពដ៏ស្រស់ស្អាត នៃតំបន់ទេសចរធម្មជាតិថ្មី។ ទិដ្ឋភាពក្នុងទំនប់ មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា និងជួរភ្នំដុះអមជុំវិញទំនប់ ដែលជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឱ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។ ភ្ញៀវទេសចរគ្រប់ៗគ្នាអាចជួលទូកកៃយ៉ាក់ ទាទឹក ជិះលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ។ ក្រៅពីការនឿយហត់ពីការលេងកម្សាន្ត ភ្ញៀវទេសចរអាចសម្រាកពិសាអាហារ និងភេសជ្ជៈជុំគ្នាយ៉ាងរីករាយផងដែរ។ ដើមកំណើតនៃទំនប់នេះ គឺត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកលើផលដំណាំផ្សេងៗជាច្រើននៅជុំវិញតំបន់នោះ។
សព្វថ្ងៃនេះ វាក៏ជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាពដ៏ស្រស់ត្រកាល បានធ្វើឱ្យទីនេះ ក្លាយជាកន្លែងសម្រាកលំហែកាយគួរជាទីមនោរមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ ប្រមាណជា៣០គីឡូម៉ែត្រ ដល់ផ្លូវជាតិលេខ៤១ បត់ឆ្វេង រួចបន្តដំណើរប្រមាណ១៧គីឡូម៉ែត្រ ដល់ផ្លូវលំលេខ១៤៣ បត់ឆ្វេង រួចបន្តដំណើរប្រមាណ៦គីឡូម៉ែត្រ ដល់ផ្លូវលំក្វោងទ្វារ វត្តក្រាំងគម្ពឺ រួចបត់ចូលប្រមាណ១០០០ម៉ែត្រ៕
ដកស្រង់ចេញពី៖
– https://www.google.com/
– https://www.guidetrip.pro/resort