អត្ថបទព័ត៌មានស្តីពីសុខភាព និងសុខុមាលភាព
ក្រោមប្រធានបទ “អាហារល្អៗ៥យ៉ាង អាចជួយបង្ការ និងព្យាបាលសម្ពាធឈាមឡើងខ្ពស់”
អត្ថបទដកស្រង់ដោយ : ហុកសេង ប៊ុនឈឿន
#MJQE#AmericanInterconSchool
បញ្ហាសម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយប្រភេទដែលតែងតែកើតឡើងចំពោះមនុស្សវ័យចំណាស់ ហើយកំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។
ដើម្បីគ្រប់គ្រងសម្ពាធឈាម ក្រៅពីទទួលទានថ្នាំតាមវេជ្ជបញ្ជា របបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ អ្នកឯកទេសបានរំឭកថា អ្នកជំងឺសម្ពាធឈាមឡើងខ្ពស់ គួរតែទទួលទានបន្លែ និងផ្លែឈើស្រស់ឱ្យបានទៀងទាត់ ដោយសារតែវាល្អសម្រាប់សុខភាពទូទៅ និងឈាម។ ខាងក្រោមនេះ គឺជាបន្លែផ្លែឈើ៥ប្រភេទដែលអាចការពារ និងបញ្ចុះសម្ពាធឈាមបាន៖
១. ត្រសក់ :
ការទទួលទានត្រសក់ ២ទៅ៣ផ្លែ ក្នុងមួយថ្ងៃ មិនត្រឹមតែអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយ បញ្ហាឈឺចាប់ បំបាត់ស្រេកទឹក ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ សម្អាតតម្រងនោមប៉ុណ្ណោះទេ សូម្បីតែសម្ពាធឈាមឡើងខ្ពស់ក៏អាចបញ្ចុះបានដែរ។
២. ឪឡឹក :
អ្នកណាមិនចូលចិត្តរសជាតិផ្អែមឆ្ងាញ់របស់ឪឡឹកនោះ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យមួយចំនួនរបស់វានោះទេ។ ការទទួលទានទឹកឪឡឹកចំនួន១០០ក្រាមក្នុងមួយថ្ងៃ អាចជួយការពារបញ្ហារលាក ឈឺក្បាលវិលមុខ មាត់ស្ងួត ជាពិសេសគ្រប់គ្រងសម្ពាធ ឈាម។
៣. ទឹកអំពៅ :
ទឹកអំពៅ មិនត្រឹមតែជាភេសជ្ជ:ដែលពេញនិយមបំផុតនារដូវក្តៅនោះទេ វាក៏អាចថែរក្សារាងកាយឱ្យមានសុខភាពល្អដែរ។ ការទទួលទានទឹកអំពៅ ១ទៅ២កែវជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។
៤. ខ្ទឹមបារាំង :
ខ្ទឹមបារាំង មិនត្រឹមតែជាបន្លែដែលគេពេញនិយមផ្សំនៅក្នុងអាហារផ្សេងៗនោះទេ វាមានសមត្ថភាពព្យាបាលជំងឺមិនចាញ់ទឹកអំពៅដែរ។ ជាពិសេសការទទួលទានខ្ទឹមបារាំងមួយថ្ងៃ១០០ក្រាម អាចព្យាបាលជំងឺលើសឈាមបាន។
៥. ខ្ទឹមស :
ខ្ទឹមស គឺជាគ្រឿងទេសដ៏ពេញនិយមបំផុត ដែលស្ត្រីមេផ្ទះទាំងឡាយត្រូវការជាចាំបាច់សម្រាប់បន្ថែមនៅក្នុងអាហារស្ទើរតែគ្រប់មុខ។ ប៉ុន្តែ ក្រៅពីគ្រឿងទេសដែលមេផ្ទះខ្វះមិនបាន វាក៏ជាថ្នាំកាត់បន្ថយសម្ពាធឈាមផងដែរ ប្រសិនបើអ្នកញាំទាំងឆៅមួយថ្ងៃ ១ទៅ២កំពឹស៕
ដកស្រង់ចេញពីគេហទំព័រ៖ https://postnews.com.kh/health/376660