អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍សំខាន់ៗរបស់ទឹកដូង”
អត្ថបទដោយ : ប៉ាំង លាងស៊ីម
#MJQE#AmericanInterconSchool
ទឹកដូង ជាប្រភពនៃអេឡិចត្រូលីតដ៏សម្បូរបែប មិនត្រឹមតែជួយបំបាត់ភាពស្រេកទឹកប៉ុណ្ណោះទេ ជាពិសេសថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺរាគរូសយ៉ាងមានប្រសិទ្ធភាពទៀតផង។ ការពិសាទឹកដូងជាប្រចាំ អាចជួយរក្សាលំនឹងសុខភាពរាងកាយយើងទាំងមូល ហើយទឹកដូងមានអត្ថប្រយោជន៍ដូចជា៖
១. ប្រភពនៃសារធាតុចិញ្ចឹម
ទឹកដូង មានផ្ទុកជាតិទឹករហូតដល់៩៤% ឯណោះ។ វាមានផ្ទុកសារធាតុចិញ្ចឹមដ៏ច្រើនដែលខ្លួនប្រាណយើងមិនអាចខ្វះបានដូចជា៖
– សារជាតិសរសៃ ជំនួយដល់ប្រព័ន្ធរំលាយអាហារដ៏ល្អបំផុត។
– ប្រូតេអ៊ីន ជាប្រភពនៃអាហារសាងសង់ដែលខ្លួនប្រាណពុំអាចខ្វះបាន។
– វីតាមីនសេ ជាសារធាតុចិញ្ចឹមដ៏សំខាន់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ធ្វើឱ្យស្បែករលោងហាប់ណែន និងជួយដល់សុខភាពបេះដូងទៀតផង។
– ម៉ាញេស្យូម ប៉ូតាស្យូម,សូដ្យូម ជាសារធាតុរ៉ែដ៏សំខាន់ជួយរក្សានៅលំនឹងនៃដំណើរការប្រតិកម្មគីមីក្នុងរាងកាយយើង។
– កាល់ស្យូម ជាជំនួយដល់ការលូតកម្ពស់ដ៏ល្អ។
២. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ក្នុងការសិក្សាស្រាវជ្រាវទៅលើសត្វកណ្តុរជាច្រើនគេបានសន្និដ្ឋានថា ទឹកដូងបានជួយរក្សាកម្រិតជាតិស្ករឱ្យនៅធម្មតា និងលើកកម្ពស់សុខភាពរបស់សត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម។ ក្រៅពីនេះគេបានរក ឃើញទៀតថា វាជាប្រភពនៃសារធាតុម៉ាញេស្យូម ដែលបង្កើនគុណភាពអរម៉ូនអាំងស៊ុយលីនឡើងវិញដែលជាអរម៉ូនយ៉ាងសំខាន់ក្នុងការរក្សាលំនឹងជាតិស្ករក្នុងខ្លួន ហើយជាពិសេសព្យាបាលជំងឺទឹកនោមផ្អែម។
៣. ការពារបញ្ហាគ្រួសក្នុងតម្រងនោម
គ្រួសក្នុងតម្រងនោមបង្កឡើងដោយសារធាតុរ៉ែដែលយើងទទួលបានពីចំណីអាហារ មិនត្រូវបានច្រោះចោលល្អដោយតម្រងនោម ដែលជាហេតុធ្វើឱ្យវាកកស្ទះ និងបង្កជាកករដុំៗស្ថិតនៅតាមតម្រងនោម ប្លោកនោម និងផ្លូវបង្ហូរនោម។ ក្នុងការសិក្សាស្រាវជ្រាវបានរកឃើញថា ការពិសាទឹកដូង បានជួយកាត់បន្ថយបរិមាណសារធាតុរ៉ែមានក្នុងទឹកនោម ហើយជួយកុំឱ្យសារធាតុទាំងនោះធ្វើការបង្កនៅតាមបណ្តោយកោសិកាតម្រងនោមឡើយ។
៤. ការពារពីជំងឺបេះដូង
ការពិសាទឹកដូងជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ តាមរយៈការសិក្សាស្រាវជ្រាវនៅលើសត្វកណ្តុរ គេបានធ្វើការសន្និដ្ឋានថា ទឹកដូងបានចូលរួមចំណែកកាត់បន្ថយសារធាតុ កូលេស្តេរ៉ូលមិនល្អពីក្នុងឈាម និងជាតិខ្លាញ់ដែលមាននៅតាមសរីរាង្គផ្សេងៗនៃរាងកាយយើងដូចជា ខ្លាញ់នៅថ្លើម បេះដូង និងក្បាលពោះជាដើម។ អ្នកមានដឹងទេថា សារធាតុកូលេស្តេរ៉ូលមិនល្អ និងសារធាតុខ្លាញ់ ជាដើមហេតុនៃជំងឺបេះដូងគ្រប់ប្រភេទ។
៥. រក្សាសម្ពាធឈាម
ទឹកដូង ត្រូវបានគេស្រាវជ្រាវទៅលើអ្នកមានបញ្ហាជំងឺលើសឈាមបង្ហាញថា សារធាតុប៉ូតាស្យូមនៃទឹកដូង ជាឱសថធម្មជាតិក្នុងការរក្សាលំនឹងសំពាធឈាមបានយ៉ាងល្អ។ ក្រៅពីនេះ ទឹកដូងបានជួយកាត់បន្ថយហានិភ័យនៃបញ្ហាឈាមកក ដែលជាមូលហេតុនៃជំងឺដាច់សរសៃខួរក្បាលផងដែរ។
៦. ជួយសម្រកទម្ងន់
សម្រាប់គ្នាយើងចង់សម្រកទម្ងន់ គួរតែផឹកទឹកដូងឱ្យបានញឹកញាប់ ព្រោះទឹកដូងងាយស្រួលរក ស្រួលផឹក ថែមទាំងមានកាលឡូរីតិចទៀតផង។ អង់ស៊ីមសកម្មនៅក្នុងទឹកដូង អាចជួយសម្រួលការរំលាយអាហារ និងបន្ថែមសមត្ថភាពដុតជាតិខ្លាញ់ ព្រមទាំងសារធាតុមេតាបូលីសចេញពីរាងកាយ។
៧. បន្សាបជាតិស្រវឹង
ប្រសិនបើយើងផឹកស្រាច្រើន កម្រិតជាតិអាល់កុលខ្ពស់ នឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង។ ផឹកទឹកដូងនៅពេលព្រឹកអាចជួយបំពេញជាតិទឹកឡើងវិញ សម្រួលកុំឱ្យមានអាការចង់ក្អួតនៅពេល ព្រឹក។ ទឹកដូង ក្រៅពីជួយកុំឱ្យបាត់បង់ជាតិទឹកវាមានរសជាតិស្រាលស្រទន់មិនធ្វើទុកក្រពះ អាចកាត់បន្ថយរោគសញ្ញាច្រាល់អាស៊ីដក្រពះ និងហើមពោះ។
៨. ព្យាបាលឈឺក្បាល
ទឹកដូង អាចជួយដោះស្រាយបញ្ហាឈឺក្បាលភាគច្រើន រួមទាំងឈឺក្បាលប្រកាំងបណ្តាលមកពីកង្វះជាតិទឹក ព្រោះអាចជួយបំពេញអេឡិចត្រូលីត និងជាតិទឹកក្នុងខ្លួនឡើងវិញ។ អត្ថប្រយោជន៍មួយទៀត គឺម៉ាញ៉េស្យូម ដោយសារពេលយើងឈឺក្បាលប្រកាំងភាគច្រើន តែងធ្វើឱ្យខ្វះជាតិម៉ាញ៉េស្យូម។ ការសិក្សារជាច្រើនបង្ហាញថា ម៉ាញ៉េស្យូមក្នុងទឹកដូងជួយកាត់បន្ថយ ដោះស្រាយបញ្ហាឈឺក្បាលដែលតែងកើតឡើងជាញឹកញាប់។
អត្ថបទដកស្រង់ចេញពីគេហរទំព័រ៖
– https://www.khmerload.com/news/84437
– https://hellokrupet.com/អាហារូបត្ថម្ភ