អត្ថបទព័ត៌មានស្តីពីសហគមន៍ និងរបៀបរស់នៅ៖
ក្រោមប្រធានបទសកម្មភាពងាយៗដែលធ្វើឱ្យគេហដ្ឋានរបស់អ្នកក្លាយជាឋានសួគ៌
អត្ថបទដោយ : ហ៊ិន ស្រីពៅ
គេហដ្ឋាន គឺជាជម្រកសម្រាប់ស្នាក់នៅ ជាកន្លែងការពារនឹងធម្មជាតិ សត្វសាហាវ និងការពារមនុស្សដែលចង់មកយាយីយើងបាន។ សំខាន់ជាងនេះទៀត វាជាទីឋានដ៏បរមសម្រាប់ទុកដាក់ថែរក្សាការពារទ្រព្យសម្បត្តិ ជាកន្លែងធ្វើការ កន្លែងសម្រាក កន្លែងបរិភោគ កន្លែងលេង ជាកន្លែងបង្កប់ទៅដោយសកម្មភាពគ្រប់បែបយ៉ាង និង តពូជពង្សវង្សត្រកូលប្រកបដោយភាពស្រុះស្រួលជិតស្និទ្ធកក់ក្ដៅក្នុងចិត្តជាទីបំផុត។
ដូចពាក្យចាស់លោកពោលថា “ស៊ូស្លាប់បាកុំឱ្យស្លាប់មេ លង់ទឹកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ”។
ខាងក្រោមនេះជាសកម្មភាពងាយៗដែលធ្វើឱ្យគេហដ្ឋានរបស់យើងគួរឱ្យចង់រស់នៅ៖
១. បោសសម្អាតផ្ទះជាប្រចាំ៖ សកម្មភាពបោសសម្អាតគេហដ្ឋានពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវសម្អាតទាំងក្នុង និងក្រៅគេហដ្ឋាន ព្រមទាំងគ្រប់បន្ទប់ទាំងអស់ជាមួយនឹងសម្ភារៈសម្អាតដូចជា អំបោស ប្រដាប់ជូតផ្ទះ និងម៉ាស៊ីនបូមធូលី (បើមាន)។ វាជួយជម្រះនូវល្អងធូលី និងបាក់តេរីទាំងឡាយដែលមាននៅក្នុងផ្ទះរបស់យើងដែលធ្វើឱ្យយើងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងមានទំនុកចិត្តក្នុងការដកដង្ហើម។
២. មានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់៖ បើកចំហបង្អួចទាំងអស់នៅក្នុងផ្ទះដើម្បីឱ្យមានខ្យល់ចេញចូលជាមួយនឹងពន្លឺថ្ងៃ និងខ្យល់អាកាសបរិសុទ្ធ។ ការបើកបង្អួចឱ្យបានពី១០-២០នាទីម្ដង ឬពីរដងក្នុងមួយថ្ងៃ មិនត្រឹមតែបណ្ដេញចេញនូវខ្យល់អាប់អ៊ួរនៅក្នុងផ្ទះ និងការបំពុលប៉ុណ្ណោះទេ វាថែមទាំងនាំមកនូវខ្យល់ស្អាតដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ម្យ៉ាងវិញទៀត ខ្យល់ចេញចូលល្អ និងពន្លឺថ្ងៃធម្មជាតិមានសារៈសំខាន់ជាចាំបាច់ក្នុងការបំបាត់នូវសំណើម មេរោគផ្សិត ជួយកម្ចាត់បាក់តេរីដែលបង្កគ្រោះថ្នាក់ និងថែរក្សាបាននូវគុណភាពខ្យល់ដែលល្អបរិសុទ្ធ ហើយធ្វើឱ្យសុខភាពផ្លូវដង្ហើមយើងកាន់តែសល្អប្រសើរ។
៣. លាងបន្ទប់ទឹក និងបង្គន់ជារៀងរាល់ថ្ងៃ៖ បន្ទប់ទឹក និងបង្គន់គឺជាកន្លែងដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា។ គ្មានគេហដ្ឋានណាដែលបានសាងសង់ឡើងមកដោយគ្មានបន្ទប់ទឹកនោះឡើយ។ ដោយឡែកចំពោះការងារដុសលាងបន្ទប់ទឹក ឬបង្គន់វិញ គឺជាការងារមួយដ៏គួរឱ្យខ្ពើមរអើមបំផុត ហើយគ្មាននរណាម្នាក់ចង់ធ្វើការងារហ្នឹងឡើយ។ ប៉ុន្ដែបើយើងគិតឱ្យបានស៊ីជម្រៅ នៅពេលដែលយើងចូលបន្ទប់ទឹកស្អាត និងមិនស្អាត យើងនឹងទទួលបាននូវអារម្មណ៍ផ្សេងគ្នា។ ដូច្នេះយើងរាល់គ្នាត្រូវតែលាងសម្អាតបន្ទប់ទឹកជាប្រចាំជាមួយនឹងសាប៊ូកម្ចាត់មេរោគ និងជូតឱ្យស្ងួតគ្រប់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះដើម្បីទទួលបានក្លិនប្រហើរ យើងអាចយកសម្បកក្រូច ស្លឹកតើយ និងផ្លែម្នាស់ដាក់ក្នុងបន្ទប់ទឹកបាន។
៤. បង្កើតភាពបៃតងស្រស់នៅក្នុងគេហដ្ឋាន៖ ដើមផ្កាសម្រាប់លម្អក្នុងផ្ទះ ផ្ដល់អត្ថប្រយោជន៍ធំធេងដល់ស្មារតី រាងកាយ និងខួរក្បាលរបស់យើងដោយត្រូវបានមនុស្សជាតិទូទៅទទួលស្គាល់ថា “សួតធម្មជាតិ” រុក្ខជាតិទាំងនេះ ក៏អាចកម្ចាត់ជាតិពុលចេញពីខ្យល់ (រហូតដល់៨៧%) វាកាត់បន្ថយបរិមាណធូលី បញ្ចេញអុកស៊ីសែន និងសំណើមទៅក្នុងខ្យល់ និងបន្ថយភាពតានតឹងក្នុងអារម្មណ៍។ ហេតុដូច្នេះការមានរុក្ខជាតិនៅផ្ទះអាចកាត់បន្ថយភាពធុញថប់អារម្មណ៍ផ្ដល់កម្លាំងចិត្ត និងធ្វើឱ្យយើងមានអារម្មណ៍ថាកាន់តែស្រស់ស្រាយ និងមានផលិតភាពក្នុងការងារ។ លើសពីនេះទៀតរុក្ខជាតិទាំងនេះបានធ្វើឱ្យគេហដ្ឋានរបស់យើងមើលទៅគួរជាទីស្វាគមន៍ ស្អាត និងស្រស់បំព្រង។
ដកស្រង់ចេញពី៖ https://www.aia.com.kh/kh/what-matters/health-wellness/Turn-Your-Home-Into-a-Healthy-Haven.html
https://www.pinterest.com/pin/781163497853132635/