អត្ថបទព័ត៌មានស្តីពីវិទ្យាសាស្ត្រ និងរបកគំហើញ
ក្រោមប្រធានបទ “បច្ចេកវិជ្ជាកំពូលទាំង១០ ក្នុងការជំរុញបដិវត្តន៍ឧស្សាហកម្មទី៤ របស់ពិភពលោក”
អត្ថបទដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool
ពិភពលោកត្រូវបានផ្លាស់ប្តូរ និងវិវត្តន៍ទៅមុខដោយឥតឈប់ឈរ ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ល្បឿននៃការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាកាន់តែមានល្បឿនលឿនដោយនឹកស្មានមិនដល់។ ខាងក្រោមនេះជាការស្វែងយល់ពីបច្ចេកវិទ្យាកំពូលទាំង១០ ដែលកំពុងដឹកនាំបដិវត្តន៍ឧស្សាហកម្មទី៤ នាសម័យនេះ និងដំណើរការវិវដ្ដបន្តបន្ទាប់ទៅថ្ងៃអនាគត។
1. បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនវៃឆ្លាត (Artificial Intelligence & Machine Learning)
បញ្ញាសិប្បនិម្មិត (AI) និង ម៉ាស៊ីនវៃឆ្លាត សំដៅលើសមត្ថភាពរបស់ម៉ាស៊ីនក្នុងការរៀន និងធ្វើសកម្មភាពប្រកបដោយភាពវៃឆ្លាតមានន័យថាពួកគេអាចធ្វើការសម្រេចចិត្តអនុវត្តការងារ និងថែមទាំងព្យាករណ៍លទ្ធផលនាពេលអនាគតដោយផ្អែកលើអ្វីដែលពួកគេរៀនពីទិន្នន័យ។ AI និង ML ក៏ជាមូលដ្ឋានគ្រឹះនៃការវិវដ្ដបច្ចេកវិទ្យាជាច្រើនទៀតដែលត្រូវបានបង្កើតឡើង។ AI ផ្តល់ឱ្យម៉ាស៊ីននូវសមត្ថភាពដើម្បីអនុវត្តដំណើរការយ៉ាងទូលំទូលាយឱ្យដូចនឹងដំណើរការរបស់មនុស្ស ដូចជាការមើលឃើញ ការស្គាល់មុខ ការសរសេរ ការជជែកកំសាន្ត និងការនិយាយជាដើម។ AI នឹងជ្រៀតចូលក្នុងជីវិតរបស់យើងកាន់តែច្រើន ព្រោះសមត្ថភាពរបស់ម៉ាស៊ីនប្រកបដោយច្ចេកវិទ្យាធ្វើសកម្មភាពឆ្លាតវៃកាន់តែប្រសើរឡើង។
2. អ៊ីនធើណេតសម្រាប់អ្វីៗទាំងអស់( Internet of Things)
IoT សំដៅទៅលើការកើនឡើងនៃឧបករណ៍ និងវត្ថុប្រចាំថ្ងៃដែលត្រូវបានភ្ជាប់ទៅប្រព័ន្ធអ៊ីនធើណេតហើយធ្វើការប្រមូល និងបញ្ជូនទិន្នន័យ។ សព្វថ្ងៃនេះមានឧបករណ៍ឆ្លាតវៃចំនួន២០ពាន់លានគ្រឿង ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើនឡើងដល់យ៉ាងហោចណាស់២០០ពាន់លានឧបករណ៍ដែលបានភ្ជាប់ក្នុងពេលឆាប់ៗនេះ។ ឧបករណ៍វៃឆ្លាតទាំងនេះមានមុខងារចំពោះការផ្ទុកទិន្នន័យដ៏ច្រើន ហើយកំពុងផ្លាស់ប្តូរពិភពលោករបស់យើងយ៉ាងឆាប់រហ័ស ព្រមទាំងផ្លាស់ប្តូរពីរបៀបដែលយើងរស់នៅជាមួយវា។
3. ទិន្នន័យយក្ស (Big Data)
ទិន្នន័យយក្ស សំដៅលើការផ្ទុះឡើងនៃចំនួនទិន្នន័យដ៏ច្រើនមហិមាដែលត្រូវបានបង្កើតឡើងនៅក្នុងយុគសម័យឌីជីថល។ ពិភពលោករបស់យើងពោរពេញទៅដោយទិន្នន័យច្រើនជាងពេលមុនដែលធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការទទួលបាននូវការយល់ដឹងថ្មីៗ ព្រមទាំងព្យាករណ៍ពីអ្វីដែលនឹងកើតឡើងនាពេលអនាគតយ៉ាងជាក់លាក់។ តាមរយៈការវិភាគទិន្នន័យដ៏ច្រើនជាមួយនឹងក្បួនដោះស្រាយដ៏ឆ្លាតវៃ គេអាចសម្គាល់ឃើញបាតុភូត ហេតុការណ៍ របកគំហើញ និងទំនាក់ទំនងផ្សេងៗដែលពីមុនយើងមិនធ្លាប់បានដឹង។
4. ប្លុកឆេន (Blockchains)
ប្លុកឆេន ឬសៀវភៅបញ្ជីចែកចាយ គឺជាមូលដ្ឋានទិន្នន័យដែលមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកព័ត៌មាន។ នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ការរក្សាទុក ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការការពារទិន្នន័យ បង្ហាញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ស្ថាប័នជាច្រើន។ ហើយបច្ចេកវិទ្យាប្លុកឆេននឹងរកដំណោះស្រាយជាក់ស្តែង និងធ្វើឱ្យមានសុវត្ថិភាពខ្ពស់បំផុតចំពោះបញ្ហានេះ។ blockchain គឺជាឧបករណ៍ទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់វិស័យឧស្សាហកម្មការងារដូចជាផ្នែកធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។
5. ការរក្សាទុកទិន្នន័យក្នុងកុំព្យូទ័រ (Cloud & Edge Computing)
Cloud & Edge Computing វាជាការរក្សាទុក និងគ្រប់គ្រងដំណើរការនៃទិន្នន័យនៅលើកុំព្យូទ័ររបស់មនុស្ស ឬស្ថាប័នផ្សេងទៀតនៅក្នុងមជ្ឈមណ្ឌលទិន្នន័យមួយតាមរយៈបណ្តាញដែលផ្តល់ឱ្យក្រុមហ៊ុននោះនូវសមត្ថភាពក្នុងការរក្សាទុកទិន្នន័យដ៏ច្រើន និងគ្រប់គ្រងដំណើរការប្រតិបត្តិស្ទើរតែគ្រប់ពេលវេលា។ ម្យ៉ាងទៀត វាក៏ជាការគ្រប់គ្រងដំណើរការទិន្នន័យនៅលើឧបករណ៍ផ្សេងៗទៀតដូចជាស្មាតហ្វូនជាដើម។
6. មនុស្សយន្ត និងម៉ាស៊ីនយន្ត (Robots/Cobots)
មនុស្សយន្ត និងម៉ាស៊ីនយន្តនាពេលបច្ចុប្បន្ននេះអាចត្រូវបានគេកំណត់ថាជាម៉ាស៊ីនឆ្លាតវៃដែលអាចយល់ និងឆ្លើយតបទៅនឹងសកម្មភាពរបស់មនុស្ស ព្រមទាំងបំពេញការងារជាប្រចាំ ឬស្មុគស្មាញដោយស្វ័យប្រវត្តិ។ នៅក្នុងយុគសម័យនេះ វាគឺជាវត្ថុដ៏វៃឆ្លាត និងមានសមត្ថភាពក្នុងការធ្វើសកម្មភាពស្វយ័តដែលត្រូវបានកំណត់ពីមនុស្សយន្ត និងបំបែកការគ្រប់គ្រងចំពោះម៉ាស៊ីនវៃឆ្លាតផ្សេងៗទៀត។ ការកើនឡើងនៃមនុស្សយន្តសហការ ឬមនុស្សយន្តគឺជាប្រព័ន្ធមនុស្សយន្តជំនាន់ចុងក្រោយដែលត្រូវបានរចនាឡើងដើម្បីធ្វើការជាមួយមនុស្សក្នុងនាមជាសហការីមនុស្សយន្ត។ Cobots ជួយបង្កើនលទ្ធផលការងារដែលមនុស្សធ្វើ និងធ្វើអន្តរកម្មប្រកបដោយសុវត្ថិភាព និងងាយស្រួលក្នុងការជួយកម្លាំងមនុស្សដែលមិនអាចធ្វើបាន។
7. យានយន្តស្វ័យប្រវត្តិ (Autonomous Vehicles)
យានយន្តស្វ័យប្រវត្តិមិនថាជារថយន្តឡានដឹកទំនិញ កប៉ាល់ ឬយានជំនិះផ្សេងៗទៀតនោះទេ វាគឺជាយានដែលអាចដឹងថាមានអ្វីកើតឡើងនៅជុំវិញវា និងគ្រប់គ្រងដំណើរការដោយគ្មានវត្តមានមនុស្ស។ ក្រុមហ៊ុនផលិតរថយន្តធំៗនីមួយៗកំពុងវិនិយោគយ៉ាងច្រើនទៅលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ សក្តានុពលទាំងនេះ នឹងកាត់បន្ថយការបំពុលបរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពរស់នៅប្រចាំថ្ងៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
8. បណ្តាញ 5G (The 5G Network)
5G គឺជាបច្ចេកវិទ្យាបណ្តាញតំណភ្ជាប់ជំនាន់ទី៥ ដែលរួមជាមួយការច្នៃប្រឌិតបណ្តាញផ្សេងៗទៀតនឹងផ្តល់ឱ្យយើងនូវបណ្តាញឥតខ្សែល្បឿនលឿនបំផុត និងមានស្ថេរភាពជាងមុនក៏ដូចជាសមត្ថភាពក្នុងការភ្ជាប់ឧបករណ៍កាន់តែច្រើន និងអាចធ្វើឱ្យកាន់តែសម្បូរបែបជាមួយតំណភ្ជាប់ឧបករណ៍វៃឆ្លាតផ្សេងៗ។
9. ការកែហ្សែន (Genomics/Gene Editing)
Genomics គឺជាវិស័យជីវវិទ្យាដែលផ្តោតលើការយល់ដឹង និងការរៀបចំឌីអិនអេ និងហ្សែននៃភាវៈរស់។ ការកែហ្សែនគឺជាបច្ចេកវិទ្យាដែលអាចបង្កើតវិស្វកម្មហ្សែនដើម្បីផ្លាស់ប្តូរឌីអិនអេ និងរចនាសម្ព័ន្ធហ្សែននៃភាវៈរស់។ កុំព្យូទ័រដែលមានទំហំធំ និងឧបករណ៍ Software ទំនើបៗ ដែលអាចប្រើជាឧបករណ៍ជួយយើងឱ្យយល់ពីហ្សែនរបស់មនុស្សចាប់តាំងពីវាត្រូវបានតម្រៀបតាមលំដាប់លំដោយដំបូង។ សព្វថ្ងៃនេះបច្ចេកវិទ្យាជីវសាស្ត្របានឈានដល់ចំណុចកំពូលដែលគេអាចធ្វើការផ្លាស់ប្តូរឌីអិនអេនៅក្នុងកោសិកានៃភាវៈរស់ក្នុងការធ្វើឱ្យប្រែប្រួលនៃលក្ខណៈផ្សេងៗនៃភាវៈរស់ជំនាន់ក្រោយ។
10. ការគណនា Quantum (Quantum Computing)
Quantum Computing ជាការគណនាធរណីមាត្រដ៏ស៊ីជម្រៅ និងភាគល្អិតតូចៗបំផុតដែលមានលក្ខណៈស្មុគស្មាញបំផុត។ ជាការគណនាដែលមានភាពទំនើបព្រមទាំងផ្តល់លទ្ធផលស៊ីជម្រៅ និងមានសក្តានុពលជាងការគណនាបច្ចុប្បន្នរាប់លានដង។ វាជាការសង្កេតផងដែរចំពោះបាតុភូតផ្សេងៗនៅពេលដំណាលគ្នានៃការធ្វើសកម្មភាពគណនាជាមួយនឹងស្ថានភាពលើសពីមួយបាន។
អត្ថបទដកស្រង់៖ https://www.forbes.com/sites/bernardmarr/2020/05/04/here-are-the-top-10-technology-trends-of-the-4th-industrial-revolution/?sh=bb73a2d1fbe5