អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “អត្ថប្រយោជន៍ និងរបៀបលេងល្បែងបោះអង្គញ់នៅក្នុងឱកាសចូលឆ្នាំខ្មែរ”
អត្ថបទដកស្រង់ដោយ : គង កង
#MJQE#AmericanInterconSchool
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីព្រៃណីជាតិខ្មែរ មានល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនត្រូវបានយុវជន ក៏ដូចជាប្រជាពលរដ្ឋយកមកលេងកម្សាន្ត ដើម្បីអបអរដល់ពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។ ក្នុងនោះមានដូចជា ចោលឈូង ចាប់កូនខ្លែង ស្ដេចចង់ និងទាញព្រ័ត្រ ក្នុងនោះល្បែងបោះអង្គញ់គឺជាល្បែងដ៏មានប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយសំខាន់មួយចំនួនទៀត ដែលយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅយកវាមកលេងមុនគេ។
បើតាមប្រសាសន៍របស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ល្បែងបោះអង្គញ់ បើមើលជាទិដ្ឋភាពរួម វាដូចជាកីឡាវាយប៊ូល ឬប៉េតង់ ដោយអ្នកលេងអាចហាត់ដៃឱ្យត្រង់ ហាត់ភ្នែកឱ្យវៃ ហាត់ស្មារតីឱ្យមូល តែបើនិយាយពីអត្ថន័យអប់រំវិញ ល្បែងប្រជាប្រិយខ្មែរមួយនេះ បង្រៀនយុវជនឱ្យចេះបង្កើតភាពស្និទ្ធស្នាលជាមួយគ្នា និងការផ្ចង់អារម្មណ៍។ បើយោងតាមសៀវភៅ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ល្បែងបោះអង្គញ់គឺគេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។ ល្បែងនេះគេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺនារដូវចូលឆ្នាំ។ សៀវភៅដដែលបញ្ជាក់ថា ល្បែងអង្គញ់គេលេងបានចាប់ពីគ្នា២នាក់ឡើងទៅ រហូតដល់១០នាក់ ដោយចែកចេញជាពីរក្រុមមានចំនួនស្មើគ្នា ដែលមានស្រីម្ខាង និងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងពីរភេទក៏ បាន ។
អង្គញ់ដែលគេយកមកលេងនេះ ឱ្យឈ្មោះថា «កើយ» ចែកចេញជាពីរផ្នែកដែរគេហៅថា កើយដាំមួយចំនួន និងកើយបោះមួយចំនួន។ កើយនោះមានចំនួន៣ ឬចំនួន៥ គឺថាបើដាំកើយ៣ ក៏បោះកើយ៣, បើដាំកើយ៥ ក៏បោះកើយ៥ តាមចំនួនអ្នកលេងមានតិច ឬច្រើន។ ដែលហៅថា កើយដាំគឺគេយកផ្លែអង្គញ់ដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកើយកណ្ដាលមួយដែលហៅថា មេក្លោង ឬកន្លោង១ ឬ២ខាង ស្ដាំ១ ឬ២ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឱ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នាជាជួរ បញ្ឆៀងៗគ្នាពីក្រោយ។ រីឯកោយបោះ គឺផ្លែអង្គញ់ទាំងឡាយដែលគេកាន់យកទៅទីមួយ ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់បោះរំលំកោយដាំទាំងប៉ុន្មាននោះនៃក្រុមមួយទៀត។ ត្រង់រណ្ដៅ តូចៗដែលឆ្កៀលដីយកកន្លែងដាំកើយឱ្យជាប់នោះ គេហៅថារន្ធ ឬរន្ធកើយ។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណជា៣ ឬ៤ម៉ែត្រ សន្មតហៅថាទី គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយពីត្រឹមនោះតម្រង់មកកោយដាំវិញ។ អ្នកដែលត្រូវឡើងមុន គឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា។ ជាធម្មតា គេច្រើនតែអនុញ្ញាតឱ្យពួកអ្នកខ្សោយជាងមានសិទ្ធិទៅបោះមុនគេ ទុកដូចជាតទីឱ្យដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណាបោះត្រូវកើយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ដែលរបៀបលេងអង្គញ់តម្រូវឱ្យទាំងប៉ុន្មាន។ ប៉ុន្តែគេច្រើនសន្មត់គ្នាបន្ថែមឱ្យអ្នកចាញ់ធ្វើ៣ ឬ៤ក្ដារសិន ហៅថាតាម ដូច្នេះបានជាមុននឹងលេង គេសន្មត់គ្នាថាតាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថាប៉ុន្មានៗដល់ទីបំផុតត្រូវតែ តាមប៉ុណ្ណោះក្ដារសិន។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើត្រូវអស់ទៀតនោះ ទើបទុកជាចាញ់ ហើយអ្នកឈ្នះត្រូវជោះអ្នកចាញ់តាមចំនួនដែលគេសន្យាគ្នា ឧបមារថាគេសន្យាថាកោយមួយជោះ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ១០ តែបើចាញ់ក៏ត្រូវគេជោះ១០ដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1134763
https://education.ams.com.kh/education-update/national/news/educational-games-for-young-people-to-build-intimacy-and-focus/