អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ហេតុអ្វីយើងត្រូវធ្វើកិច្ចស្វាគមន៍គ្នាតាមទំនៀមទម្លាប់ និងប្រពៃណីរបស់យើង?”
អត្ថបទដោយ : រឿង សុភាព
#MJQE#AmericanInterconSchool
កម្ពុជា ជាប្រជាជាតិមួយដែលឱ្យតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដែលជាអត្តសញ្ញាណជាតិ និងជាគ្រឿងសំគាល់ប្រជាជនខ្មែរ។ ជាទូទៅមានភាសា ឈ្មោះមនុស្ស ទីកន្លែង ធម្មជាតិ ការស្លៀកពាក់ ការប្រាស័យទាក់ទង កិច្ចស្វាគមន៍ សិល្បៈ ការរស់នៅ ល្បែងប្រជាប្រិយ ។ល។ ក្នុងនាមយើងជាជនជាតិខ្មែរមួយ យើងត្រូវរួមគ្នារក្សាវប្បធម៌ទាំងអស់ឱ្យបានគង់វង្ស និងរីកសោះ សាយពេញពិភពលោក។
កិច្ចស្វាគមន៍ជាអត្តសញ្ញាណមួយដែលយើងទាំងអស់គ្នាត្រូវធ្វើ និងបង្ហាញមុនគេ និងជាប្រចាំដែលមិនអាចខ្វះបាន ហើយអត្តសញ្ញាណនេះជាចំណាប់អារម្មណ៍ទី១ ដែលអាចបង្ហាញយ៉ាងងាយស្រួល និងផ្តល់តម្លៃដល់សុជីវធម៌របស់ខ្មែរយើង។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាបាលនឹងប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងមកទស្សនាកម្ពុជា ហើយក៏ជាឱកាសមួយដែលយើងអាចបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់យើងដល់ប្រជាជនយើងផង និងភ្ញៀវទេសចរផងអំពីចរិតលក្ខណៈល្អៗ ដែលបង្ហាញពីភាពទន់ភ្លន់ រស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជានៅពេលដែលពួកយើងជួបគ្នា។
ប្រជាជនកម្ពុជា តាមធម្មតាបង្ហាញគារវៈកិច្ចស្វាគមន៍ដោយការសំពះ ដែលដំបូងលើកម្រាមដៃទាំងពីរផ្គុំគ្នា នៅមុខទ្រូង ជាមួយនឹងការឱនលំទោន និងស្វាគមន៍យ៉ាងទន់ភ្លន់ដោយនិយាយ “ជម្រាបសួរ” ហើយការសំពះខ្មែរមាន៥បែបគឺ៖
– ចុងម្រាមដៃកណ្ដាលត្រឹមទ្រូង៖ ជាការសំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិជាដើម និងសម្រាប់អ្នកដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង។
– ចុងម្រាមដៃកណ្ដាលត្រឹមមាត់៖ សំពះអ្នកមានវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ។
– ចុងម្រាមដៃកណ្ដាលត្រឹមចុងច្រមុះ៖ ក្បាលរាងឱនបន្ដិចសំពះឪពុក ម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ ។
– ចុងម្រាមដៃកណ្ដាលត្រឹមចិញ្ចើម៖ ដាក់ចុងម្រាមកណ្ដាលត្រឹមចុងចញ្ចើម ក្បាលឱនខ្លាំងសំពះទៅរកព្រះសង្ឃ សេ្ដច នេះជាការក្រាបបង្គំគាល់ ឬថ្វាយបង្ខំ។
– ចុងម្រាមមេដៃផ្ដុំលើចញ្ចើម៖ សំពះឥន្រ្ទព្រហ្ម ទេវតា អ្នកតា គឺសំពះអ្វីៗដែលខ្ពស់ហួសពីមនុស្ស។
សូមចូលរួមទាំងអស់គ្នា ដើម្បីធ្វើជាគំរូល្អដល់កូនចៅជំនាន់ក្រោយ និងជួយថែរក្សាគ្រប់អត្តសញ្ញាណជាតិកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្សជារៀងដរាបទៅមុខ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
– https://visitcambodia.travel/kh/article/view/culture_tradition
– https://www.khsearch.com/qna/2295