អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “របាំព្រះរាជទ្រព្យ”
អត្ថបទដោយ : ប៊ុត សត្យា
#MJQE #AmericanInterconSchool
របាំព្រះរាជទ្រព្យ ជារបាំនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាងប្រណីតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬទេវតា (Devata) ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ។
របាំព្រះរាជទ្រព្យ គឺជារបាំដែលរាជវង្សខ្មែរបង្កើតជាទ្រព្យដ៏វិសេសវិសាល ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឱ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
របាំព្រះរាជទ្រព្យ ឈ្មោះជាអង់គ្លេសហៅថា Royal Ballet of Cambodia នៅក្នុងដំណើរទស្សនៈកិច្ចរបស់ ព្រះមហាក្សត្រយានី ស៊ីសុវត្ថិ កុសមៈ ទៅកាន់សហរដ្ឋអាមេរិក ក្នុងការនាំយករបាំបុរាណខ្មែរ ចូលរួមវប្បធម៌ប្រជាជាតិនៃរបាំ ជាទំនាក់ទំនងរវាងមិត្តភាពខ្មែរ-អាមេរិក ក្នុងទម្រង់ជារបាំបាឡេ The Ballet of Khmer-American Friendship ក្នុងឆ្នាំ១៩៥៩ របាំក្បាច់បុរាណខ្មែរ ក៏បន្តទៅសម្ដែងនាប្រទេសចិន ចូលរួមវប្បធម៌ទំនាក់ទំនងរវាងមិត្តភាពខ្មែរ-ចិន ដោយប្រើឈ្មោះដដែលថា The Ballet of Khmer-Chinese Friendship ក្នុងឆ្នាំ១៩៦០។
នៅក្នុងអំឡុងទសវត្សរ៍ទី៦០ ដដែរ ភាពល្បីល្បាញនៃរបាំព្រះរាជទ្រព្យ កាន់តែរីកសុះសាយទៅកាន់ពិភពលោក ក៏ដូចជាតំបន់ក្នុងសហគមន៍ទ្វីបអឺរ៉ុប ឬសហភាពអឺរ៉ុប (European Union) តាមរយៈទ្រង់ នរោត្តម បុប្ផាទេវី ដែលត្រូវជាចៅរបស់ ព្រះមហាក្សត្រយានី ស៊ីសុវត្ថិ កុសមៈ និងត្រូវជាព្រះរាជបុត្រី របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងត្រូវជាព្រះរៀម របស់ព្រះបាទ នរោត្តម សីហមុនី ក្នុងការចូលខ្លួនសម្ដែងជានាដការបាំ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរផងដែរ។
របាំព្រះរាជទ្រព្យ កាលដើមឡើយមិនមានមនុស្សប្រុសនោះទេ ព្រោះភាពល្វត់ល្វន់ទន់ភ្លន់នៃរបាំ មនុស្សប្រុសមិនអាចរាំដល់កម្រិតរបស់មនុស្សស្រីនោះទេ ដែលបុរសរាំមានលក្ខណៈរឹងៗ រហូតមកដល់ជំនាន់ព្រះមហាក្សត្រីយានី កុសមៈ បានប្រែសម្រួលបន្ថែមនូវតួអង្គបុរសមួយចំនួន ដើម្បីបង្កើនអត្ថរស ដូចជាបញ្ចូលតួនាយរោង តួយក្ស តួស្វា និងតួព្រះមុនីឥសី…។
ដកស្រង់ចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/%E1%9E%9A%E1%9E%94%E1%9E%B6%E1%9F%86%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%91%E1%9F%92%E1%9E%9A%E1%9E%96%E1%9F%92%E1%9E%99#%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%84