អត្ថបទព័ត៌មានស្តីពីវប្បធម៌
ក្រោមប្រធានបទ “ក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម”
អត្ថបទដោយ : ផេង ឧត្តម
#MJQE #AmericanInterconSchool
មនុស្សភាគច្រើនស្គាល់ថាក្បាច់គុនកុងហ៊្វូ ថាយជី តៃក្វាន់ដូ និងការ៉ាត់តេដូ ជាក្បាច់គុនរបស់ប្រទេសចិន និងប្រទេសជប៉ុនដែរ។ ចុះបើយើងក្រឡេកមើលក្បាច់គុនរបស់ប្រទេសខ្មែរយើងវិញ តើមានក្បាច់គុនអ្វីខ្លះ? តើប្រជាជនខ្មែរបានស្គាល់ក្បាច់គុនខ្មែរច្បាស់ដែរឬទេ? ជាការពិត ប្រជាពលរដ្ឋខ្មែរមិនច្រើនទេដែលស្គាល់ពីក្បាច់គុនរបស់បុព្វបុរសរបស់ខ្លួនថាវាបានជួយរួមចំណែកយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិនាសម័យដ៏រុងរឿងនៃមហានគរខ្មែរ នោះគឺក្បាច់គុណ “យុទ្ធក្រមខម”។
បើយោងតាមលោក យូ ជឿននរៈសិង្ហ ដែលជាប្រធានសមាគមយុទ្ធក្រមខមបានឱ្យដឹងថា តាមពិតទៅក្បាច់គុនមួយនេះបានកើតឡើងតាំងពីសម័យកកើតទឹកដីរបស់ខ្មែរពីដំបូងមកម៉្លេះ ហើយក្បាច់គុនមួយនេះល្បីរន្ទឺខ្លាំងនៅក្នុងសម័យកាលព្រះបាទជ័យវរ្ម័នទី៧ ដែលធ្វើអោយខ្មែរយើងខ្លាំងអាចច្បាំងពង្រីកអាណាចក្របាន។ លោកបានបន្តថា នៅសម័យនោះ ព្រះអង្គមានប្រាជ្ញាញាណដោយបានប្រមូលគម្ពីរ ក្បាច់គុនខ្មែរយើងទាំងបីសម័យកាល ក្នុងនោះមានសម័យនគរភ្នំ សម័យចេនឡា និងសម័យអង្គរ រួមចូលគ្នាបង្កើតបានជាមហាយុទ្ធក្រមខមនេះឡើង។
មិនតែប៉ុណ្ណោះ ដោយសារតែភាពខ្លាំងទាំងការធ្វើសង្រ្គាម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនៅក្នុងសម័យកាលនោះ ប្រទេសខ្មែរបានក្លាយជាអាណាចក្រនគរដ៏រុងរឿងបំផុត។ លោក នរៈសិង្ហ បានមានប្រសាសន៍ទៀតថា ព្រះបាទជ័យវរ្ម័នទី៧ បានទុកក្បាច់គុនមហាយុទ្ធក្រមខម ជាក្បាច់គុនដ៏សំខាន់សម្រាប់ប្រយុទ្ធនឹងបច្ចាមិត្តដែលចូលមកឈ្លានពានអាណាចក្រខ្មែរ។ ហើយក្បាច់គុននេះពីសម័យបុព្វបុរសមានតែពួកទ័ព មេទ័ព ឬសេនាពិសេសអមព្រះមហាក្សត្រ ឬក្សត្រប៉ុណ្ណោះទើបមានសិទ្ធិហាត់រៀនបាន។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកណាក៏អាចរៀនបានដែរ ព្រោះយើងមិនមែនហាត់យកមកធ្វើសង្រ្គាមដូចជាសម័យមុននោះទេ។ លើសពីនេះទៅទៀតនោះ
ក្បាច់គុនយុទ្ធក្រមខម ក៏ត្រូវបានដាក់បញ្ចូលជាក្បាច់គុនជាតិសម្រាប់យោធាខេមរភូមិន្ទធ្វើការហ្វឹកហាត់ដើម្បីការពារជាតិមាតុភូមិផងដែរ។
ក្បាច់យុទ្ធក្រមខមនេះមាន១៣ទ្វារមេគុណ ដោយទ្វារទី១ ដល់ទ្វារទី៨ គេហៅថា អាត្ម័នយុទ្ធ គឺការប្រយុទ្ធដោយមិនប្រើអាវុធ។ ទា្វរទី៩ ដល់ទ្វារទី១០ ហៅថា មល្លយុទ្ធ មានន័យថា ការប្រើក្បាច់ចំបាប់ កាច់សម្លាប់។ ចំណែកទ្វារទី១១ មានឈ្មោះ យដ្ឋិយុទ្ធ ល្បុក្កតោ តោមរៈយុទ្ធ គឺការប្រយុទ្ធដោយប្រើដំបងវែង ខ្លីគ្រប់ប្រភេទ លំពែង ស្នែងក្របី ដំបងភ្លោះ ឬដំបងពាក់នៅកំភួនដៃ។ ទ្វារទី១២ មានឈ្មោះថា យុគលៈខណ្ឌ ឬខណ្ឌយុទ្ធ គឺជាទ្វារដែលសាហាវជាងគេ ពីព្រោះការប្រយុទ្ធគឺត្រូវប្រើដាវ កាំបិតវែង ខ្លី ដាវភ្លោះ ដាវទោល និងអាវុធសម្ងាត់ផ្សេងៗ។ ទា្វរទី១៣ ចុងក្រោយគឺយុទ្ធសិល្ប៍ខេមៈ ជាការប្រយុទ្ធដោយប្រើមន្តអាគមគាថា។ លោកបានបន្តថា ក្នុងការហាត់ក្បាច់គុនយុទ្ធក្រមខមនេះ គឺត្រូវមានការស្លៀកពាក់បែបគុនខ្មែរបុរាណដែលមានការបែងចែកពណ៌ក្បិនដើម្បីសម្គាល់កម្រិតទ្វារ និងឋានៈរបស់សិស្សក្នុងការហាត់។
ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា លោក ចាន់ រតនា គឺជាកីឡាករប្រដាល់កំពូលប្រចាំកម្ពុជា ថែមទាំងជាកីឡាករមួយរូបផងដែរ ដែលជនជាតិបរទេសភាគច្រើនបានស្គាល់តាមរយៈការប្រកួតនៅ ONE CHAMPIONSHIP។ លោក ចាន់ រតនា បានហ្វឹកហាត់ក្បាច់គុនយុទ្ធក្រមខម តាំងតែពីលោកនៅកុមារភាពមកម្លេះ។ រូបលោកបានប្រាប់សារព័ត៌មានថា គុនខ្មែរ និងយុទ្ធគុនខម ជាគ្រឹះដ៏ល្អសម្រាប់រូបលោក។ ក្បាច់គុនទាំងនេះ វាសំខាន់ខ្លាំងណាស់ ព្រោះអាចសម្របក្បាច់គុនចម្រុះគ្រប់ក្បាច់ និងធ្វើឱ្យរូបលោកឈ្នះការប្រកួតជាបន្តបន្ទាប់នៅក្នុងការប្រកួត ONE CHAMPIONSHIP។
សរុបសេក្តីមក ក្បាច់គុនយុទ្ធក្រមខម គឺជាក្បាច់គុនមួយដែលល្អបំផុតបង្ហាត់បង្រៀនមនុស្សឱ្យកែប្រែបានគ្រប់កាលៈទេសៈ ព្រោះថាវាគឺជាក្បាច់គុនរបស់បុព្វបុរសខ្មែរ ហើយទោះបីជាគាត់មិនបានមកបង្ហាត់បង្រៀនពួកយើងដោយផ្ទាល់ក៏ដួងវិញ្ញាណក្ខន្ធរបស់គាត់នៅជារៀងរហូតជាមួយពួកយើងផងដែរ។
ឯកសារយោង៖
1. https://www.rfi.fr/km/cambodia/20140707-art-martial-khmer
2. https://sharenews.tnaot.com/news_share/article_detail/493750
3. https://keylatop.com/article/124891
4. https://daravireak.wordpress.com/2011/08/24/%E1%9E%99%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E2%80%8B%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%98%E2%80%8B%E1%9E%81%E1%9E%98-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%85%E1%9F%8B%E2%80%8B%E1%9E%94%E1%9F%92/