អត្ថបទព័ត៌មានស្តីពីវប្បធម៌
ក្រោមប្រធានបទ “ការវិវត្តនៃទង់ជាតិខ្មែរ”
អត្ថបទដោយ : ផែង ស្រីណាង
ប្រទេសកម្ពុជាយើង បានឆ្លងកាត់សម័យកាលជាច្រើនរាប់មិនអស់ បើគិតចាប់តាំងសម័យមុនអង្គរមកដល់សម័យបច្ចុប្បន្នយើងនេះ។ ជាពិសេស គឺនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាមានការផ្លាស់ប្ដូររបបដឹកនាំប្រទេសជាញឹកញាប់ ដែលមានទាំងការគ្រប់គ្រងប្រទេសបែបរាជានិយម ការស្ថិតនៅក្រោមអាណានិគមបរទេស និងការរអិលធ្លាប់ចូលក្នុងរបបវាលពិឃាតជាដើម ទម្រាំតែប្រទេសអាចវិលមករករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងការផ្លាស់ប្ដូររបបដឹកនាំប្រទេសជាច្រើនដងច្រើនសារបែបនេះ យើងក៏ឃើញមានការផ្លាស់ប្ដូរទង់ជាតិ ដែលជាទង់សញ្ញាតំណាងឱ្យជាតិមួយនេះមានការផ្លាស់ប្ដូរជាញឹកញាប់ផងដែរ។
ខាងក្រោមនេះ គឺជាទម្រង់នៃទង់ជាតិដែលកម្ពុជាយើងបានប្រើប្រាស់នៅក្នុងសម័យកាលនីមួយៗចាប់តាំងសម័យព្រះអង្គឌួង រហូតដល់សម័យបច្ចុប្បន្ន៖
ទង់ជាតិទី១៖
ទង់ជាតិតំណាងឱ្យប្រទេសកម្ពុជាដំបូងគេ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងរជ្ជកាលព្រះអង្គឌួង ពីឆ្នាំ១៨៤០ ដល់១៨៦៣។
ទង់ជាតិទី២៖
ជាទង់ជាតិផ្លូវការដំបូងគេរបស់ប្រទេសកម្ពុជា ដែលមានទម្រង់ស្រដៀងគ្នានឹងទង់ជាតិបច្ចុប្បន្ន ហើយមានពីររចនា ដំបូងឡើងទង់នេះមានរូបព្រះបរមរាជវាំងនៅចំកណ្តាល តែក្រោយមកត្រូវបានជំនួសដោយរូបប្រាសាទអង្គរវត្តវិញ។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៨៦៣ ដល់១៩៤៧។
ទង់ជាតិទី៣៖
ជាទង់ជាតិដែលបានប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លីពីខែមីនា ដល់ខែកញ្ញា ឆ្នាំ១៩៤៥ តំណាងឱ្យប្រទេសកម្ពុជាក្នុងរដ្ឋាភិបាល លោក សឹន ង៉ុកថាញ់ ដែលគាំទ្រដោយជប៉ុន នាសម័យសង្រ្គាមលោកលើកទី២។
ទង់ជាតិទី៤៖
ជាទង់ជាតិដែលអនុម័តដោយសភាជាតិក្រោយការបោះឆ្នោតជាសាកលលើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧។ ទង់ជាតិនេះ តំណាងឱ្យប្រទេសកម្ពុជាស្វយ័តក្នុងសហភាពបារាំង ហើយក្រោយមកក្លាយជាទង់ជាតិនៃប្រទេសកម្ពុជាឯករាជ្យ រហូតដល់រដ្ឋប្រហារឆ្នាំ១៩៧០។ ចលនាកងទ័ពជាតិសីហនុនិយមបានប្រើប្រាស់ទង់ជាតិនេះជាតំណាងពីឆ្នាំ១៩៧៩ ដល់១៩៨៩។ ទង់ជាតិនេះ ត្រូវបានប្រើប្រាស់ឡើងវិញចាប់ពីការប្រកាសព្រះរាជាណាចក្រកម្ពុជា (ទី២) នាឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃ។
ទង់ជាតិទី៥៖
ជាទង់ជាតិតំណាងឱ្យរដ្ឋាភិបាល លន់ នល់ នៃសាធារណរដ្ឋខ្មែរ និងតំណាងឱ្យប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិពីឆ្នាំ១៩៧០ ដល់១៩៧៥។ ទង់ជាតិនេះ ក៏ជាតំណាងឱ្យអ្នកសាធារណរដ្ឋនិយម និងអ្នកប្រឆាំងនឹងរបបរាជានិយមខ្មែរផងដែរ។
ទង់ជាតិទី៦៖
ជាទង់ជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម ហើយជាទង់ជាតិតំណាងឱ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៨៩ ទោះជារបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ ហើយយ៉ាងណាក្ដី នេះដោយសារតែអង្គការសហប្រជាជាតិបន្តគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ជារដ្ឋាភិបាលស្របច្បាប់តំណាងឱ្យប្រទេសកម្ពុជាដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះ មានប្រវត្តិពីដើមឡើយ ត្រូវបានប្រើប្រាស់ដំបូងជាតំណាងឱ្យចលនាខ្មែរឥស្សរក្រោមការដឹកនាំរបស់ទ្រង់ នរោត្តម ចន្ទ័រង្សី នាទសវត្សរ៍ទី៥០ ហើយបន្តប្រើប្រាស់ដោយកងពលតូចទី១៣ (ទាហានសាធារណរដ្ឋខ្មែរ) របស់ទ្រង់ ចន្ទ័រង្សី ក្នុងសង្រ្គាមប្រឆាំងនឹងខ្មែរក្រហមនាទស្សវត្សរ៍ទី៧០ទៀត គួរឱ្យចម្លែកណាស់ដែលខ្មែរក្រហមយកទង់របស់គូសត្រូវខ្លួនមកប្រើប្រាស់។
ទង់ជាតិទី៧៖
ជាទង់ជាតិខ្មែរ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានប្រើប្រាស់ពីឆ្នាំ១៩៧៩ ដល់១៩៨៩។ ទង់ជាតិនេះ ត្រូវបានប្រើប្រាស់ជាដំបូងដោយចលនាខ្មែររៀតមិញនៅទសវត្សរ៍ទី៥០។
ទង់ជាតិទី៨៖
ជាទង់ជាតិខ្មែរនាសម័យរដ្ឋកម្ពុជា ពីឆ្នាំ១៩៩០ ដល់១៩៩៣។
ទង់ជាតិទី៩៖
ជាទង់ជាតិតំណាងឱ្យក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និងជាទង់ជាតិតំណាងឱ្យអ៊ុនតាក់ ដែលបានប្រើប្រាស់នៅឆ្នាំ១៩៩២ និង១៩៩៣។
ទង់ជាតិទី១០៖
ទង់ជាតិនេះ ត្រូវបានប្រើប្រាស់រួចម្ដងមកហើយ ពេលដែលមានការបោះឆ្នោតជាសាកលលើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧ រហូតដល់មានរដ្ឋប្រហារឆ្នាំ១៩៧០។ តែក្រោយប្រកាសព្រះរាជាណាចក្រកម្ពុជា (ទី២) នាឆ្នាំ១៩៩៣ ទង់ជាតិនេះត្រូវបានយកមកប្រើប្រាស់ឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ៕
ដកស្រង់ចេញពី៖ https://khmerpostasia.com/archives/9993