អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងរបៀបរស់នៅ
ក្រោមប្រធានបទ “ចក្រភពធំបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ”
អត្ថបទដោយ : អ៊ី ប៊ុនលី
ប្រវត្តិសាស្រ្តពិភពលោកចាប់កំណើតឡើងកាលពីប្រមាណ៦ពាន់ឆ្នាំមុន តំណាលគ្នានឹងការបង្កើតសំណេរអក្សរ ដើម្បីកត់ត្រាហេតុការណ៍ប្រវត្តិសាស្រ្ត ប៉ុន្តែដំណើររឿងមនុស្សជាតិយើងបានចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ គឺមុនមានសំណេរអក្សរទៅទៀតដែលហៅថា «សម័យបុរេប្រវត្តិ»។ អេហ្ស៊ីប ត្រូវបានអ្នកប្រវត្តិសាស្រ្តឯកភាពគ្នាថា បាននាំមនុស្សជាតិឈានជើងចូលក្នុងសម័យកាលប្រវត្តិសាស្រ្តមុនគេតាមរយៈការបង្កើតអក្សរនៅប្រមាណជា៣ពាន់ ទៅ៤ពាន់ឆ្នាំមុនគ្រិស្តសករាជ ហើយទម្រង់រដ្ឋដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិក៏បានចាប់កំណើតឡើងនៅ «អេហ្ស៊ីប» នេះឯង។
បើសិនជាយើងលើកអំពីអរិយធម៌ចំណាស់បំផុតនៅក្នុងពិភពលោក គឺយើងនឹងនឹកឃើញដល់អរិយធម៌៤ដ៏សំខាន់បំផុត គឺអរិយធម៌អេហ្ស៊ីបនៅតាមដងទន្លេនីល អរិយធម៌មេសូប៉ូតាមីតាមដងទន្លេទីក និងអឺហ្រ្វាត អរិយធម៌ឥណ្ឌាតាមដងទន្លេឥណ្ឌូស និងងអរិយធម៌ចិនតាមដងទន្លេលឿង។ ផ្តើមចេញពីអរិយធម៌ធំៗទាំង៤នេះ អរិយធម៌ផ្សេងៗទៀតក៏បានចាប់កំណើតបន្តបន្ទាប់គ្នាស្ទើរពាសពេញពិភពលោកដូចជា អរិយធម៌ក្រិក រ៉ូម (ទ្វីបអឺរ៉ុប), ពែក្ស អារ៉ាប់ (មជ្ឈិមបូព៌ា) ម៉ាយ៉ា អាំងកា អាស្តែក (ទ្វីបអាមេរិក) ខ្មែរ មន ចាម ជ្វា (អាស៊ីអាគ្នេយ៍) ។ ល។ អរិយធម៌ទាំងអស់នេះបានបន្សល់ទុកកេរដំណែលយ៉ាងច្រើនមកដល់សព្វថ្ងៃ ទុកជាតឹងតាងប្រវត្តិសាស្រ្តដូចជាប្រាសាទពីរ៉ាមីត (អេហ្ស៊ីប) មហាកំពែង (ចិន) ពីរ៉ាមីតថ្នាក់ៗ (អាមេរិកកណ្តាល) ទីក្រុងម៉ាឈូពីឈូ (ប៉េរូ) ចេតិយនៅប៉ាហ្កាន (ភូមា) ប្រាសាទអង្គរវត្ត (កម្ពុជា) សំណង់កូឡូសៀម (អ៊ីតាលី) ប្រាសាទបូរូបូឌួ (ឥណ្ឌូណេស៊ី)…។
នៅក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះ ធ្លាប់មានចក្រភពដល់ទៅរាបរយឯណោះ ដែលកើតចេញពីការប្រកួតប្រជែងអំណាច និងការពង្រីកអរិយធម៌ធំៗ ក្នុងនោះក៏មានចក្រភពខ្មែរផងដែរ ដែលក្លាយជាមហាអំណាចនៅក្នុងតំបន់អំឡុងដើមសតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ។ ប៉ុន្តែ ចក្រភពដែលធំសម្បើម និងមានឥទ្ធិពលខ្លាំងក្លាបំផុតនោះមានតែ៥ប៉ុណ្ណោះ ដោយរួមមានចក្រភពពែក្ស ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចក្រភពម៉ុងហ្គោល និងចក្រភពអង់គ្លេស។
តើមួយណាជាចក្រភពធំបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ?
នេះជាសំណួរមិនសមញ្ញពេកទេ ព្រោះការចាត់ចំណាត់ថ្នាក់ចក្រភពដែលធ្លាប់មានវត្តមាននៅក្នុងពិភពលោកនេះ ទាមទារឱ្យយើងសិក្សាប្រវត្តិសាស្រ្តមនុស្សជាតិដ៏វែងអន្លាយចាប់តាំងពីការកកើតរដ្ឋដំបូង រហូតមកដល់បច្ចុប្បន្ន ដោយឆ្លងកាត់ពេលវេលារាប់សតវត្សរ៍ ការរីកចម្រើនរុងរឿង និងធ្លាក់ចុះទៅវិញនៃចក្រភព ព្រមទាំងដែនឥទ្ធិពលចក្រភពនីមួយៗ។ ដូចនេះ យើងកំណត់យកតែទំហំវិសាលភាពនៃចក្រភពធ្វើជាចំណាត់ថ្នាក់តែប៉ុណ្ណោះ។
ចក្រពភម៉ុងហ្គោល ដែលបង្កើតឡើងដោយព្រះចៅអធិរាជ ជិនហ្គីស ខាន់ នៅអំឡុងសតវត្សរ៍ទី១៣ នៃគ្រិសករាជ បានក្លាយជាមហាអំណាចពិភពលោកដែលត្រួតត្រាទឹកដីជាប់ៗគ្នា (មិនឆ្លងមហាសមុទ្រ) ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ គិតមកដល់ឆ្នាំ១២៦០ ចក្រភពម៉ុងហ្គោល ត្រូវបានបែងចែកទឹកដីជា៤ចំណែកដែលគ្រប់គ្រងដោយចៅរបស់ ជិនហ្គីស ខាន់ គឺ៖
ផ្នែកទី១ មានម៉ុងហ្គោល ទីបេ កូរ៉េ និងចិន ក្រោមការគ្រប់គ្រងរបស់ គូប៊ីឡៃ ខាន់។ ផ្នែកទី២ ស្ថិតនៅអាស៊ីកណ្តាលក្រោមការគ្រប់គ្រងរបស់ចាកាតៃខាន់។ ផ្នែកទី៣ ស្ថិតនៅរុស្ស៊ី និងផ្នែកទី៤ ស្ថិតនៅមជ្ឈិមបូព៌ា ត្រង់ផ្តុំចក្រភពពែក្ស។ រហូតដល់គ្រិស្ដសករាជ១៣៦៨ ចក្រភពទាំងមូលក៏ត្រូវបានដួលរលំជាស្ថាពរ។
ទោះជាយ៉ាងណាក៏ដោយ បើយើងគិតមកដល់សម័យទំនើបយើងនេះ មានតែចក្រភពអង់គ្លេសទេដែល មានវិសាលភាពទឹកដីធំបំផុតក្នុងពិភពលោកដែលធ្លាប់ត្រួតត្រាផ្នែកនានាស្ទើរតែគ្រប់ទ្វីបទាំងអស់។ នៅមុនសង្រ្គាមលោកលើកទី១ ចក្រភពអង់គ្លេសគ្រប់គ្រងប្រជាជនប្រមាណ២៣% នៃប្រជាជនពិភពលោក (៤១២លាននាក់) និងត្រួតត្រាទឹកដីទំហំ ៣៥,៥០០,០០០គីឡូម៉ែត្រការេ ត្រូវជា១ភាគ៤ នៃផ្ទៃដីពិភពលោក ចក្រភពនេះត្រូវបានគេប្រសិទ្ធនាមថា «ចក្រភពដែលព្រះអាទិត្យមិនដែលអស្តង្គត»។ មកដល់សព្វថ្ងៃនេះ ចក្រភពអង់គ្លេសមានតែ៤ប្រទេស ឬ៤ចំណែកប៉ុណ្ណោះ ដែលបន្តរួមគ្នាក្រោមសហរាជាណាចក្ររួម (United Kingdoms) គឺប្រទេសអង់គ្លេស ប្រទេសហ្កាល់ ឬវ៉េល ប្រទេសអេកូស ឬស្កុតឡិន និងអៀរឡង់ខាងជើង៕
ដកស្រង់ចេញពី :
– ប្រវត្តិសាស្រ្តពិភពលោក (សេង ឌីណា) កម្មវិធីរបស់វិទ្យុបារាំងជាភាសាខ្មែរ។
– https://www.statista.com/chart/20342/peak-land-area-of-the-largest-empires/
– https://www.businessinsider.com/the-10-greatest-empires-in-history-2011-9
– www.freshnewsplus.com