អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា
ក្រោមប្រធានបទ “ពានបាល់ទាត់ FIFA World Cup នឹងដង្ហែមកកម្ពុជា ដាក់តាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ”
អត្ថបទដកស្រង់ដោយ : សំ សក្កដា
#MJQE#AmericanInterconSchool
យោងតាមរយៈលិខិតចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា (NOCC) បានប្រកាសអំពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour មកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ការដង្ហែនេះធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដែលពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីការដាក់ដង្ហែ នឹងមានការដាក់តាំងដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមជម្រាបជូនដែរថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋទាំងអស់មានមោទនភាពដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកកាន់ប្រទេសកម្ពុជា ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុង ដូហា ប្រទេសកាតា។
នៅក្នុងកម្មវិធីសំខាន់ៗ អំឡុងពេលពានរង្វាន់បាល់ទាត់ពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖
១. ក្បួនដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព។
២. ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
៣. ពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនៅពហុកីឡដ្ឋានជាតិមរតក
តេជោ ចាប់ពីម៉ោងប្រហែល១រសៀល រហូតដល់ម៉ោង១០យប់ អមដោយតន្រ្តីសម័យកំដរផងដែរ។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ អាចអញ្ជើញចូលរួមអបអរសាទរឱ្យបានច្រើនកុះករ និងថតរូបទុកជាអនុស្សាវរី៍យ៍ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។