អត្
ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍៖
ក្រោមប្រធានបទ “ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ”
អត្ថបទដោយ : អ៊ាក គារី
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ គឺជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យជាតិជាច្រើនផ្សេងទៀត។ ប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើងក្នុងខែវិច្ឆិកា ដែលជាខែចេញវស្សានៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានគេជឿថា មានការប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ដែលអាចជានៅក្នុងឆ្នាំ១១៨១ នៃគ្រឹះសករាជ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។ តែបើយោងតាមឯកសារខ្លះៗរបស់បារាំង ប្រវត្តិនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែកើតមានដំបូងក្នុងរាជព្រះបាទ ស៊ីសុវត្ថ ក្នុងឆ្នាំ១៩១៤ ក៏ប៉ុន្តែពិធីបុណ្យនេះចាប់មានភាពល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ ១៩៤៥ នៃរាជព្រះព្រះបាទ នរោត្តម សីហនុ។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ថ្វីត្បិតតែវាត្រូវបានប្រារព្ធឡើងនៅក្នុងពេលតែមួយក៏ពិតមែន ក៏ប៉ុន្តែអត្ថន័យ មូលហេតុ និងដើមកំណើតគឺសុទ្ធតែមានប្រវត្តិកើតឡើងខុសៗគ្នារវាងពិធីបុណ្យអុំទូក ការបណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ។ ដូចនេះ យើងសូមលើកយកនូវអត្ថន័យ និងប្រវត្តិនៃឈ្មោះមួយៗយកមកពណ៌នាជាមុនសិន ដោយយោងតាមឯកសារល្បែងប្រណាំងទូក និងពិធីបណ្ដែតប្រទីប របស់លោក ថាច់ ប៉ែន និងប្រវត្តិនិទាននៃពិធីអកអំបុក និង សំពះព្រះខែ ដោយអ្នកស្រីសាស្ត្រាចារ្យ អរិយធម៌ខ្មែរ ឡាយ ហ៊ុនគី។
ពិធីបុណ្យអុំទូក គឺជាការអុំទូកប្រណាំងគ្នានៅលើផ្ទៃនៃទន្លេសាគរ រវាងទូកជាច្រើនដែលបានមកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា។ រីឯប្រវត្តិនៃការបណ្តែតប្រទីបវិញ ត្រូវបានគេមានជំនឿតៗគ្នាថា នៅពេលដែលព្រះអាទិត្យអស្ដង្គតដែលប្រហែលជាម៉ោង៦ល្ងាច ប្រទីបចាប់ផ្តើមពន្លយចេញនៅតាមដងទន្លេចតុមុខ។
ប្រពៃណីនៃការបណ្តែតប្រទីបត្រូវបានគេជឿថា ប្រជាជនខ្មែរនិយមចាប់ផ្តើមធ្វើប្រហែលជានៅក្នុងរជ្ជកាលព្រះបាទ ចន្ទ រាជា អំឡុងឆ្នាំ១៥២៩ នៃគ្រឹះសករាជ។ ចំណែកឯប្រវត្តិនៃការបណ្តែតប្រទីបនេះ គឺត្រូវបានគេដំណាល នៅក្នុងឯកសារល្បែងប្រណាំងទូក និងពិធីបណ្ដែតប្រទីបរបស់លោក ថាច់ ប៉ែន នៅក្នុងឆ្នាំ១៥២៨ នៃគ្រឹះសករាជ ព្រះបាទ ចន្ទ រាជា នៃអាណាចក្រលង្វែកបានបញ្ជាឱ្យស្ដេចត្រាញ់នាម ពញ្ញាតាត ឱ្យត្រៀមទ័ពខ្មែរជើងទឹកច្បាំងជាមួយនឹងទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយខេត្តព្រះត្រពាំង (បច្ចុប្បន្ននៅវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង នៃអាណាចក្រដាយវៀត។ ពញ្ញាតាត បានចាត់របៀបរៀបចំការពារស្រុកឱ្យមានទាហានជើងទឹកចែកជា៣ក្រុម៖
• ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ដែលហៅថាទូកង។
• ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។
• ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ ហើយទូករាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំងប្រើប្រាស់តែពេលយប់ជាមួយនឹងភ្លើងចង្កៀង ដែលជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ពហៅថា ប្រទីបដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជាបានទទួលជ័យជំនះ។
ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទ ពញ្ញាចន្ទ ឡើងសោយរាជ្យក្នុងឆ្នាំ១៥២៩ នៃគ្រឺះសករាជ ទើបទ្រង់បង្កើតឱ្យមានពិធីបណ្ដែតប្រទីបនេះឡើង ដើម្បីជាការអបអរជ័យជម្នះខាងជើងទឹកផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ទ្រង់បានបង្កើតឱ្យមានការបណ្ដែតប្រទីបជារៀងរាល់ឆ្នាំជាមួយនឹងភ្លើងទាននៅពេលរាត្រី។
ចំណែកឯរឿងរ៉ាវដែលទាក់ទងទៅនឹងប្រវត្តិនៃការអកអំបុក សំពះព្រះខែវិញ ត្រូវបានឯកសារប្រវត្តិសាស្រ្តមួយរបស់អ្នកស្រីសាស្រ្តាចារ្យ ឡាយ ហ៊ុនគី ក្រោមចំណងជើងថា ប្រវត្តិនិទាននៃពិធីអកអំបុក និងសំពះព្រះខែ បានធ្វើសេចក្តីអធិប្បាយថា ប្រវត្តិពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានគេជឿថា បង្កើតឡើងនៅក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ១៥៦៨ នៃគ្រឺះសករាជ។
សរុបមកវិញ បច្ចុប្បន្នពិធីបុណ្យនេះត្រូវបានគេរាប់ដាក់ឈ្មោះជារួមមួយថា «ពិធីបុណ្យអុំទូក បណ្តែតប្រទីត និងអកអំបុក សំពះព្រះខែ»។ ពិធីបុណ្យនេះ ត្រូវបានរដ្ឋសម្រេចឱ្យមានការប្រារព្ធ និងឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ ដោយមានការប្រណាំងទូក៣ថ្ងៃជាប់គ្នា នៅវេលាប្រហែលជាម៉ោង១០ព្រឹក ហើយមានការបណ្តែតប្រទីបនៅពេលល្ងាចម៉ោង៦ល្ងាច ចំណែកឯការអកអំបុកសំពះព្រះខែវិញ ប្រជាជនខ្មែរនិយមធ្វើតាមផ្ទះស្រុកភូមិរៀងៗខ្លួននៅអធ្រាត្រថ្ងៃទីបីនៃពិធីបុណ្យនេះ៕
ដកស្រង់ចេញពី៖