អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍៖
ក្រោមប្រធានបទ “ប្រវត្តិ និងការប្រារព្ធពិធីបុណ្យចូលឆ្នាំសាកល”
អត្ថបទដោយ : គុណ ភ័ត្រ្តា
ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំថ្មីមួយទៀតឈានចូលមកដល់។ ពិធីបុណ្យចូលឆ្នាំសាកល គឺជាប្រពៃណីដ៏ចំណាស់ជាងពិធីបុណ្យនានានៃប្រទេសលោកខាងលិចក្នុងទ្វីបអឺរ៉ុបនាយុគសម័យបុរាណ។ ពិធីបុណ្យនេះ បានជះឥទ្ធិពលជាបន្តបន្ទាប់ទៅលើប្រទេសនានានៃទ្វីបដទៃទៀតនៅលើពិភពលោក ដែលទោះបីជាមានពិធីបុណ្យចូលឆ្នាំជាប្រពៃណីជាតិរបស់ខ្លួនក្តី ក៏តែងនិយមនាំគ្នាប្រារព្ធទិវាបុណ្យចូលឆ្នាំសាកលនេះជារៀងរាល់ឆ្នាំផងដែរ។
ការប្រារព្ធទិវាបុណ្យចូលឆ្នាំសាកលតាមឯកសារខ្លះបញ្ជាក់ថា បានចាប់ផ្ដើមជាដំបូងបង្អស់កាលពីប្រមាណ៤ពាន់ឆ្នាំមុន ដោយកំណត់តាមប្រតិទិនចន្ទគតិ ឬដំណើរគោចរនៃព្រះចន្ទ ដូចជាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្មែរដែរ។ ប៉ុន្តែ ការកំណត់យកថ្ងៃទី១ នៃខែមករា តាមប្រតិទិនសុរិយគតិ ឬដំណើរគោចរនៃព្រះអាទិត្យ ជាទិវាបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល គឺចាប់ផ្ដើមក្នុងអំឡុងឆ្នាំ៤៦ មុនគ្រិស្តសករាជ ដោយព្រះចៅអធិរាជមួយអង្គនៃចក្រភពរ៉ូម៉ាំង។
មកដល់បច្ចុប្បន្ន ទិវាបុណ្យចូលឆ្នាំសាកលគឺជាវេលាឈប់សម្រាកការងារជួបជុំក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយទទួលទានអាហាររួមគ្នា និងការជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក ដែលភាសាអង់គ្លេសហៅថា ហ្គីវ្ទ (Gift)។ ទាក់ទងនឹងការជូនរបស់របរដល់ញាតិមិត្តក្នុងឱកាសចូលឆ្នាំថ្មី ដែលខ្មែរយើងនិយមហៅតាមភាសាបារាំងថា «កាដូ» ឯកសារខ្លះកត់ត្រាថា គឺមានតាំងពីសម័យបុរេប្រវត្តិ (Pre-historic Area) ហើយក៏នៅពេញនិយមរហូតមកដល់សព្វថ្ងៃនេះ នៅតាមប្រទេសនានាលើពិភពលោក។
ប្រពៃណីពិសេសមួយទៀតនៃការប្រារព្ធពិធីបុណ្យ គឺការជួបជុំគ្នានារាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ១0វិនាទីមុនម៉ោង១២ពាក់កណ្ដាលអធ្រាត្រ គេចាប់ផ្ដើមស្រែកព្រមៗគ្នាដោយរាប់ថយ រហូតដល់ទ្រនិចនាឡិកាដើរដល់ម៉ោង ១២គត់ គេក៏ចាប់ផ្ដើមបាញ់កាំជ្រួច ជះពន្លឺព្រោងព្រាយចម្រុះពណ៌គួរឱ្យគយគន់ និងលាន់សូរកងរំពងទៅលើអាកាស លាយឡំនឹងសំឡេងស្រែកអបអរសាទរស្វាគមន៍ឆ្នាំថ្មីពីមនុស្សម្នាដែលចូលរួមនាឱកាសនោះ។
ដកស្រង់ចេញពី៖ https://www.rfa.org/khmer/indepth/international_new_year_history-01012013031744.html