អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “បច្ចេកវិទ្យា៣នេះនឹងធ្វើឱ្យប្រព័ន្ធអប់រំដំណើរការកាន់តែងាយស្រួលនៅថ្ងៃអនាគត”
អត្ថបទដោយ : ប៉ែន ពន្លឺ

បច្ចេកវិទ្យាអប់រំ Education Technology ឬ EdTech នៅក្នុងសម័យកាលកូវីដ-១៩ បានបង្ហាញឱ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ពីសារៈសំខាន់បំផុតសម្រាប់ពិភពលោក។ បច្ចេកវិទ្យាបែប AR, VR និង AI កំពុងបង្កើនសន្ទុះរបស់ខ្លួនដោយអនុញ្ញាតឱ្យសិស្ស និងនិស្សិតសិក្សាដោយស្មើភាពគ្នា និងគ្រប់ទីកន្លែង។ ស្របគ្នានេះ វត្តមាន EdTech រាប់ទាំងការសិក្សាអនឡាញ (Online) និងមិនអនឡាញ (Offline) បានជួយឱ្យដំណើរការសិក្សារបស់សិស្សកាន់តែប្រសើរឡើង។
អ្នកស្រាវជ្រាវបច្ចេកវិទ្យារកឃើញថា បច្ចេកវិទ្យាចំនួន៣អាចជួយឱ្យប្រព័ន្ធអប់រំនៅលើលោកកាន់តែជឿនលឿន និងងាយស្រួល។ បច្ចេកវិទ្យាទាំងនោះរួមមាន បច្ចេកវិទ្យា Augmented Reality (AR) បច្ចេកវិទ្យា Virtual Reality (VR) និងបច្ចេកវិទ្យា Artificial Intelligence (AI)។
១. បច្ចេកវិទ្យាបែប Augmented Reality (AR) ត្រូវបានកំណត់សេចក្តីថា ជាទម្រង់មួយដែលធ្វើឱ្យប្រសើរឡើងនៃពិភពពិតដែលត្រូវបានបង្កើតឡើងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដាក់បន្ថែមនៃព័ត៌មានឌីជីថលនៅលើរូបភាព ឬអ្វីមួយ។ បច្ចេកវិទ្យា Augmented Reality (AR) ជាបច្ចេកវិទ្យាដែលប្រើប្រាស់រូបភាពឌីជីថលនៅក្នុងរូបភាពពិតៗផ្ទាល់ស្តែងតាមរយៈកាមេរ៉ាស្មាតហ្វូន ឬឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។
២. បច្ចេកវិទ្យាបែប Virtual Reality (VR) ត្រូវបានកំណត់ន័យថា ជាការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ ដើម្បីបង្កើតមជ្ឈដ្ឋានមួយដែលធ្វើឱ្យដូចជាក់ស្តែងតាមរយៈ Software (Simulated environment)។ Virtual Reality (VR) ជាបច្ចេកវិទ្យាដែលអាចផ្តល់ជារូបភាព ឬទិដ្ឋភាពជាក់ស្តែងទាំងស្រុងដូចការពិតតាមរយៈពាក់វ៉ែនតា Virtual Reality (VR) ប៉ុណ្ណោះ។
៣. បច្ចេកវិទ្យា Artificial Intelligence (AI) ជាប្រព័ន្ធកុំព្យូទ័រមួយដែលអាចធ្វើកិច្ចការទាំងឡាយណា ដែលមនុស្សត្រូវប្រើបញ្ញា ដើម្បីធ្វើទៅបាន និងជា Program ឬ System មួយដែលមានសមត្ថភាពធ្វើឱ្យម៉ាស៊ីនមានរបៀបគិតបានដូចមនុស្ស ដើម្បីឱ្យវាអាចធ្វើការងារជាច្រើនដូចដែលប្រាជ្ញាមនុស្សធ្លាប់ធ្វើ មានន័យថាគេបង្កើតវាឡើង ដើម្បីជាដំណោះស្រាយទៅលើបញ្ហាមួយចំនួន ក៏ដូចជាដើម្បីឱ្យវាធ្វើកិច្ចការទាំងឡាយកន្លងមកជំនួសមនុស្សវិញ។ បច្ចេកវិទ្យា Artificial Intelligence (AI) ក្រៅតែពីជំនាញខាងការវិភាគទិន្នន័យធំៗ និងច្រើនខ្ទង់ហើយនោះ Articial Intelligence (AI) មានការគិត និងសម្រេចចិត្តបានលឿនជាងខួរក្បាលមនុស្សយើងធម្មតា។ ដូចនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI បញ្ចូលទៅក្នុងការសិក្សាពិតជាអាចជួយយ៉ាងខ្លាំងដល់សិស្ស ជាពិសេសគ្រូបង្រៀនអាចតាមដានពីកម្រិតនៃការបង្រៀន និងការយល់ដឹងរបស់សិស្ស។ មួយវិញទៀត បច្ចេកវិទ្យា Wireless Technology ឬហៅថាបច្ចេកវិទ្យាឥតខ្សែអាចនិយាយថាសំខាន់ជាងបច្ចេកវិទ្យាទាំងពីរខាងលើ ពិសេសនៅបណ្តាប្រទេសដែលមិនទាន់មានបណ្តាញអ៊ីនធឺណែតគ្រប់គ្រាន់។ ជាក់ស្តែង បច្ចេកវិទ្យាមួយនេះ ត្រូវបានប្រើប្រាស់ដោយវេបសាយ Classcloud.zaya.in។ ឧទាហរណ៍ គ្រូបង្រៀនម្នាក់អាចអនុញ្ញាតឱ្យកំព្យូទ័រសិស្ស 40 គ្រឿងទៀតចូលទៅចែករំលែក និងទាញយកឯកសារមេរៀនបានយ៉ាងងាយ ដោយមិនចាំបាច់មានការជួបជុំគ្នានៅក្នុងថ្នាក់រៀនឡើយ។
អ្នកវិទ្យាសាស្រ្តជឿជាក់ថា ទោះបីការរាតត្បាតជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់ក្តី ប៉ុន្តែការសិក្សាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមនេះបានឡើយ មានន័យថាប្រសិនបើពិភពលោកចង់បង្កើនគុណភាពអប់រំឱ្យកាន់តែប្រសើរ ចាំបាច់ត្រូវតែបង្កើនសមត្ថភាពបន្ថែមនៅលើបច្ចេកវិទ្យា៕
ដកស្រង់ចេញពី :
– https://ams.com.kh/education/3-technologies-the-future/
– https://secudemy.com/augmented-virtual-reality/
– https://www.tnaot.com/zh/m/detail/article/589657