អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “ហេតុអ្វីបានជាយន្តហោះអាចហោះ និងអាចរក្សាខ្លួននៅលើអាកាសបាន?”
អត្ថបទដោយ : អ៊ិន ចាន់ដេត
នៅក្នុងឆ្នាំ១៩០៣ បងប្អូនប្រុសត្រកូល Wright (Wright Brothers) បានធ្វើការហោះយន្តហោះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលធ្វើឱ្យមានការប្រែប្រួលការធ្វើដំណើរក្នុងផ្លូវអាកាស របស់មនុស្សជាតិតាំងពីពេលនោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ តែមូលដ្ឋានគ្រឹះនៃការហោះហើរ មិនផ្លាស់ប្តូរទេ ដូចនេះតើយន្តហោះដែលមានទម្ងន់រាប់រយតោន អាចហោះហើរបានយ៉ាងដូចម៉េច?
ជាដំបូងយើងត្រូវស្គាល់ថា អ្វីគឺជាខ្យល់ជាមុនសិន ព្រោះថាខ្យល់ដើរតួយ៉ាងសំខាន់ ដើម្បីឱ្យយន្តហោះ ហោះហើរបាន! ខ្សល់ជាសមាសភាពមួយដែលមានទម្ងន់ ហើយម៉ូលីគុលនៃខ្យល់តែងតែមានចលនាជានិច្ច ខ្យល់គឺជាល្បាយនៃឧស្ម័នជាច្រើនដូចជា អុកស៊ីសែន អ៊ីដ្រូសែន កាបូនឌីអុកស៊ីត និងអាស៊ូត ជាដើម។ វត្ថុ និងសត្វទាំងអស់ត្រូវការខ្យល់ ដើម្បីឱ្យពួកវាអាចហោះក្នុងអាកាសបាន។ សម្ពាធរបស់ខ្យល់កើតមានឡើងដោយសារតែចលនាម៉ូលេគុលនៃខ្យល់ ដែលធ្វើឱ្យកើតមានកម្លាំងនៃការលើកវត្ថុទៅលើ ដូចជា ខ្លែង បាឡុង និងបក្សី ដែលអាចធ្វើឱ្យពួកវាអណ្តែតខ្លួនក្នុងអាកាសបាន។ ដូចគ្នានឹងយន្តហោះដែរ ការដែលយន្តហោះហោះហើរបានដោយសារសម្ពាធខ្យល់នៅលើស្លាបរបស់វា។ ខាងក្រោមនេះ ជាអ្វីដែលខ្យល់ និងម៉ាស៊ីនយន្តហោះធ្វើឱ្យយន្តហោះហោះបាន៖
១. កម្លាំងរុញទៅលើ (Lift)
វាជាកម្លាំងខ្យល់ ដែលមានសមត្ថភាពអាចរុញវត្ថុមួយឡើងទៅលើអាកាសបាន។ ភាគច្រើនវាកើតឡើងនៅជុំវិញស្លាបយន្តហោះ។ រូបរាងស្លាបយន្តហោះ ក៏ជាជំនួយដល់កម្លាំងខ្យល់ប្រភេទនេះសម្រាប់រុញយន្តហោះឡើងលើ។ ក្នុងពេលកំពុងជិះឡាន ប្រសិនបើដាក់ដៃរបស់អ្នកចេញមកក្រៅនោះកម្លាំងខ្យល់នឹងរុញដៃរបស់អ្នកឡើងលើ។ ប្រសិនបើអ្នកបង្ហោះខ្លែងនោះ ខ្យល់នឹងរុញខ្លែងនោះឡើងលើដូចគ្នា។សកម្មភាពនេះ ហៅថា Lift។ Lift ជាសកម្មភាពដែលផ្ទុយពី Weight។
២. កម្លាំងរុញទៅមុខ (Thrust)
វាជាកម្លាំងខ្យល់ដែលរុញវត្ថុឱ្យទៅមុខបាន។ កម្លាំងនេះ កើតឡើងដោយសារតែម៉ាស៊ីនដែលនៅជាប់នឹងស្លាបយន្តហោះ។ ម៉ាស៊ីនយន្តហោះវិលកាន់តែខ្លាំងនោះកម្លាំង Thrust មានកាន់តែខ្លាំង ធ្វើឱ្យយន្តហោះទៅមុនកាន់តែលឿន។ ម៉ាស៊ីនយន្តហោះបង្កើត Thrust ស្លាបយន្តហោះបង្កើតLift ដូចនេះយន្តហោះអាចហោះឡើងលើ និងទៅមុខបាន។ Thrust មានចលនាផ្ទុយពី Drag។
៣. កម្លាំងទាញចុះក្រោម (Weight)
គ្រប់វត្ថុនៅលើផែនដីទាំងអស់សុទ្ធតែមានទំនាញទាំងអស់។ ប្រសិនបើអ្នកលោតឡើងទៅលើនោះ អ្នកប្រាកដជាធ្លាក់មកក្រោមដោយសារទំនាញផែនដី វាក៏ដូចជាយន្តហោះដែរ កម្លាំង Lift រុញយន្តហោះទៅលើ ហើយកម្លាំង Weight ទាញយន្តហោះមកក្រោម។ លោកអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាយន្តហោះមិនធ្លាក់មកដីដោយសារទំនាញដូចវត្ថុផ្សេង។ នេះដោយសារតែកម្លាំង Lift ធំជាងកម្លាំងទំនាញ Weight។
4. កម្លាំងទាញមកក្រោយ (Drag)
វាជាកម្លាំងដែលទប់ទល់ និងបន្ថយកម្លាំងរុញច្រានរបស់វត្ថុមួយ។ កម្លាំងនេះ កើតឡើងពេលយើងដើរបុកខ្យល់ ឬដើរក្នុងទឹក។ យន្តហោះត្រូវបានបង្កើតឡើងយ៉ាងពិសេសបំផុតដែលរចនាឡើងដើម្បីឱ្យកម្លាំង Drag មានតិច។ ការសិក្សាពីការចលនានេះហៅថា Aerodynamics។ ជារួមយន្តហោះអាចរក្សាខ្លួនថេរនៅលើអាកាសបានដោយសារតែកម្លាំងទាំង៤នេះមានល្បឿនស្មើគ្នា។ សម្រាប់យន្តហោះអាចហោះឡើងលើបានដោយសារតែអ្នកបើកយន្តហោះដំឡើងល្បឿនចលនាម៉ាស៊ីនឱ្យខ្លាំង។ ពោលគឺកម្លាំង Lift និង Thrust ត្រូវខ្លាំងជាងកម្លាំង Weight និង Drag។ កម្លាំង Lift រុញយន្តហោះឱ្យឡើងលើ ហើយកម្លាំង Thrust រុញយន្តហោះឱ្យទៅមុខ។ ពេលយន្តហោះចុះចត អ្នកបើកបរយន្តហោះបន្ថយល្បឿនម៉ាស៊ីននោះធ្វើឱ្យកម្លាំង Weight និង Drag ខ្លាំងជាងកម្លាំង Lift និង Thrust។ កម្លាំង Drag បន្ថយល្បឿនយន្តហោះ ហើយកម្លាំង Weight ទាញយន្តហោះចុះមកក្រោម៕
ដកចេញស្រង់ពី :
– http://www.goreadme.net
– https://www.nasa.gov/audience/forstudents/k-4/stories/ames-how-do-planes-fly-text.html
– https://www.explainthatstuff.com/howplaneswork.html
– https://www.youtube.com/watch?v=nieOe9IzGpw