អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត/វិទ្យាសាស្ត្រ និងរបកគំហើញ៖ ក្រោមប្រធានបទ “វិធីសាស្រ្តសាមញ្ញៗក្នុងការសន្សំសំចៃថ្មទូរសព្ទ”
អត្ថបទដោយ៖ ឡោ ណាវុធ
បច្ចុប្បន្នទូរសព្ទឆ្លាតវៃ (Smart Phone) វិវឌ្ឍកាន់តែទំនើបទៅៗ ហើយតម្រូវការក្នុងការប្រើប្រាស់ក៏មានកំណើនកាន់តែច្រើន។ ជាមួយនឹងកម្មវិធីថ្មី ល្អ និងប្លែកៗ ពេលខ្លះទូរសព្ទឆ្លាតវៃត្រូវបានគេប្រើប្រាស់ជំនួសកុំព្យូទ័រ។ ជាក់ស្តែងក្នុងបរិបទកូវីដ-19 នេះដោយភាពទំនើប និងងាយស្រួលក្នុងការប្រើប្រាស់ ទូរសព្ទឆ្លាតវៃក៏ត្រូវបានប្រើប្រាស់ជំនួសកុំព្យូទ័រសម្រាប់ការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិត្រូនិកផងដែរ។ ប៉ុន្តែជាមួយនឹងទំនើបកម្មទាំងនេះវាធ្វើឱ្យថ្មរបស់ទូរសព្ទប្រើឆាប់អស់!
ខាងក្រោមនេះ គឺជាវិធីសាស្រ្តសាមញ្ញចំនួន05 ក្នុងការសន្សំសំចៃថ្មទូរសព្ទឱ្យប្រើប្រាស់បានយូរ៖
1. ដាក់ពន្លឺអេក្រង់ទូរសព្ទជាស្វ័យប្រវត្តិ (Auto/Adaptive brightness)
ពន្លឺអេក្រង់ទូរសព្ទក៏អាចធ្វើឱ្យទូរសព្ទឆាប់អស់ថ្មដែរ ជាពិសេសនៅពេលដែលនៅក្រោមពន្លឺថ្ងៃដោយសារទូរសព្ទត្រូវប្រើថាមពលថ្មខ្លាំង ដើម្បីបញ្ចេញពន្លឺ។ ដើម្បីកាត់បន្ថយថាមពលថ្ម អ្នកប្រើប្រាស់គួរតែដាក់ជាពន្លឺស្វ័យប្រវត្តិ ដោយសារការដាក់ពន្លឺស្វ័យប្រវត្តិ អេក្រង់នឹងបញ្ចេញពន្លឺសមស្របទៅតាមពន្លឺពីខាងក្រៅ។
2. ការដាក់រូបភាពដាក់នៅលើអេក្រង់ (Wallpapers)
ទូរសព្ទឆ្លាតវៃមានអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ច្បាស់ហ្មត់ត្រជាក់ភ្នែក គួបផ្សំនឹងអ្នកប្រើប្រាស់ តែងតែដាក់រូបភាពដែលមានកម្រិតខ្ពស់ (HD/4K) ឬរូបភាពដែលមានចលនាទៀតនោះវាធ្វើឱ្យថាមពលថ្មចុះលឿន។ ដូចនេះ ដើម្បីសន្សំថាមពលថ្ម អ្នកប្រើប្រាស់អាចដាក់រូបភាពកម្រិតរូបភាពបង្ហាញត្រឹម 640×960 ទៅ 1240×1920 រូបភាពដែលមានផ្ទៃពណ៌ខ្មៅ ឬស្រអាប់ ឬរូបភាពដែលគ្មានចលនា។
3. បិទកម្មវិធីទីតាំង (Location)
ទូរសព្ទឆ្លាតវៃបច្ចុប្បន្នមានមុខងារ GPS ដែលភ្ជាប់មកជាមួយដែលបង្ហាញពីទីតាំងរបស់អ្នកប្រើប្រាស់ ហើយកម្មវិធីមួយចំនួនគឺទាមទារឱ្យបើកកម្មវិធីទីតាំងនៅពេលដែលបើកប្រើប្រាស់។ ដូចនេះ បើមិនចាំបាច់អ្នកប្រើប្រាស់អាចបិទកម្មវិធីទីតាំងដើម្បីសន្សំថ្ម។
4. បិទការជូនដំណឹងកម្មវិធី (Notification) ដែលមិនចាំបាច់
ការជូនដំណឹងកម្មវិធីក៏ប្រើប្រាស់ថាមពលថ្មច្រើនដែរ។ ដូចនេះ យើងអាចរក្សាថាមពលថ្មបាន មួយកម្រិតដោយការបិទការជូនដំណឹងកម្មវិធីដែលមិនចាំបាច់។
5. បិទកម្មវិធីដែលបើកចោល (Background Apps)
ពេលដែលបើកប្រើកម្មវិធីរួច អ្នកប្រើប្រាស់គ្រាន់តែចេញពីកម្មវិធី តែមិនបានបិទនូវកម្មវិធីដែលបានប្រើទេ។ នេះជាហេតុដែលធ្វើឱ្យទូរសព្ទឆាប់អស់ថ្ម ពីព្រោះកម្មវិធីនៅតែដំណើរការ។ ដូចនេះ អ្នកប្រើប្រាស់គួរតែបិទនូវកម្មវិធី ដែលបានប្រើឱ្យបានរួចរាល់។
អ្វីដែលបានរៀបរាប់ខាងលើជាវិធីសាស្ត្រសាមញ្ញ និងងាយៗក្នុងការសន្សំសំចៃថ្ម។ ជាក់ស្តែង អ្នកប្រើប្រាស់អាចចូលទៅកាន់ Google ឬ YouTube បានដើម្បីស្វែងរកនូវការណែនាំជាច្រើនទៀត ដែលទាក់ទងនឹងវិធីសាស្ត្រក្នុងការសន្សំសំចៃថ្មទូរសព្ទនេះ៕
ដកស្រង់ចេញពី៖
– https://www.google.com/
– https://www.youtube.com/