អត្ថបទព័ត៌មានស្តីពីតំបន់ទេសចរណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “រមណីយដ្ឋានជីផាត”
អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE#AmericanInterconSchool
ជីផាត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងទាក់ទាញនៃខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ ជីផាត មានភូមិឋាន ចម្ការច្បារដំណាំ ឈើហូបផ្លែ ទីតាំងបុរេប្រវត្តិ ពិសេស ឆាយទឹកធ្លាក់ ជាច្រើនកន្លែងដែលមិនអាចដើរមួយថ្ងៃសព្វ។ ខណៈស្ថានភាពកូវីដ-១៩ បានធូរស្រាលបន្ទាប់ពីតានតឹងជិត២ឆ្នាំកន្លងទៅនេះ ភ្ញៀវទេសចរភាគច្រើនពិតជានឹករលឹក និងចង់ទៅកម្សាន្ត សម្រាកលំហែអារម្មណ៍ ដើម្បីបានទស្សនាច្រើនកន្លែងនៅជីផាត ព្រមទាំងចង់ដឹងពីតម្លៃស្នាក់នៅបច្ចុប្បន្នផងដែរ។
តាមរយៈប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា នៅជីផាតផ្ដល់ការស្នាក់នៅមាន៣ ជម្រើសជូនភ្ញៀវទេសចរ គឺមានផ្ទះស្នាក់ ផ្ទះសំណាក់ និងបឹងកាឡូ តាមការចង់បាន ឬចង់សាកបទពិសោធស្នាក់នៅថ្មីរបស់ភ្ញៀវក្នុងតម្លៃដូចគ្នា ទាំងភ្ញៀវជាតិ និងភ្ញៀវបរទេស។ ចំពោះផ្ទះស្នាក់ មានតម្លៃ ៥ដុល្លារ ក្នុង១យប់ អាចគេងបាន២នាក់ ផ្ទះសំណាក់តម្លៃពី៧ ដល់១០ដុល្លារ ចំណែកបឹកកាឡូ មានតម្លៃចាប់ពី១៥ ដល់៥០ដុល្លារ។ ចំពោះបឹងកាឡូ មានកង្ហារ និងម៉ាស៊ីនត្រជាក់។
សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងស្រស់ស្អាតគួរឱ្យចង់ទស្សនាកម្សាន្តចំនួន១៥កន្លែង ក្នុងនោះរួមមាន៖ មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង៥០០ឆ្នាំ រូងប្រចៀវ អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃជាដើម។
គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ៕