អត្ថបទព័ត៌មានស្តីពីតំបន់ទេសចរណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ទីតាំង១០កន្លែងដ៏ស្រស់ស្អាត និងទាក់ទាញបំផុត នៅប្រទេសស្វីស!”
អត្ថបទដកស្រង់ដោយ : សូ សារុំ
#MJQE#AmericanInterconSchool
ប្រទេសស្វីស គឺជាប្រទេសដែលមានតំបន់ទេសចរណ៍ទាក់ទាញច្រើនសន្ធឹកសន្ធាប់ ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក មកទស្សនាកម្សាន្តជាហូរហែ មិនចាញ់ប្រទេសនានានៅទូទាំងពិភពលោកឡើយ។ ជាក់ស្ដែង តំបន់ទេសចរណ៍ទាំង១០កន្លែងនេះ គឺជាតំបន់ទេសចរណ៍ដែលមានប្រជាប្រិយភាព រួមទាំងមានទេសភាពស្រស់ស្អាត មើលទៅស្រស់ស្រាយ បែបធម្មជាតិ និងគួរឱ្យទាក់ទាញបំផុតប្រចាំនៅប្រទេសស្វីស។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះតំបន់ទេសចរណ៍ល្បីៗប្រចាំនៅប្រទេសស្វីស៖
១. ទីក្រុង Lucerne :
Lucerne គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយ នៅក្នុងប្រទេសស្វីស។ អ្នកទេសចរដែលធ្វើដំណើរទៅកាន់ទីកន្លែងនោះ នឹងទទួលបាននូវអារម្មណ៍ប្លែក ស្រស់ថ្លាជាប់ចិត្តជាមួយនឹងទេសភាពភ្នំ ផ្ទៃទឹកធំល្វឹងល្វើយ សំណង់អគារ និងអ្វីៗជាច្រើនទៀត។
២. ទីក្រុង Gruyeres :
Gruyeres មានភាពល្បីល្បាញបំផុតសម្រាប់ឈីសដែលមានឈ្មោះដូចគ្នា (Gruyeres) ជាពិសេសការទៅទស្សនាទីក្រុងប្រវត្តិសាស្ត្រនេះជាមួយនឹងប្រាសាទដែលស្ថិតនៅលើកំពូលភ្នំ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ។ ក្រៅពីនេះ អ្នកទេសចរអាចដើរកម្សាន្តភ្លក់រសជាតិឈីស និងម្ហូបឆ្ងាញ់ៗរបស់អ្នកស្រុកនៅទីនោះទៀតផង។
៣. ទន្លេ Interlaken :
ប្រសិនបើអ្នកចង់ទទួលបាននូវភាពស្រស់ស្អាត ហើយល្អបំផុត សូមធ្វើដំណើរទៅកាន់ ទន្លេ Interlaken ។ ទីនោះជាពិភពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ប្រទេសស្វីស ជាមួយនឹងទីក្រុង រមណីយដ្ឋានដ៏ពេញនិយមដែលមានទីតាំងស្ថិតនៅចន្លោះបឹងពីរ ហើយពេលដែលឡើងទៅលើទីខ្ពស់យើងនឹងមើលទេសភាពដ៏ទាក់ទាញនៃជម្រាលភ្នំខ្ពស់ៗ និងភូមិអ្នកស្រុក។
៤. តំបន់ Aare Gorge Canyon Walk :
ដំណើរផ្សងព្រេងទៅ Aare Gorge Canyon Walk គឺជាផ្នែកមួយនៃប្រទេសស្វីសដែលគួរឱ្យចាប់អារម្មណ៍បំផុត និងមានប្រជាប្រិយភាពហាក់មិនគួរឱ្យជឿ។ នៅទីនោះមានទន្លេ Aare River ពណ៌ខៀវដែលហូរកាត់តាមរយៈជ្រលងភ្នំ ហើយអ្នកទេសចរនឹងរីករាយពេលបានដើរលើស្ពាននៃទន្លេ Aare Gorge Canyon Walk គយគន់ធម្មជាតិនៃផ្ទៃទឹក និងថ្មភ្នំ។
៥. ជ្រលងភ្នំ Valle Verzasca :
ពេលទៅដល់ជ្រលង Valle Verzasca អ្នកទេសចរនឹងប្រទះភាពភ្ញាក់ផ្អើលជាមួយផ្ទៃទឹកថ្លាយង់ដែលអាចមើលឃើញថ្មនៅក្រោមផ្ទៃទឹក និងជាពិសេសទេសភាព ក៏ដូចជាសម្រស់ព្រៃភ្នំបែបធម្មជាតិពិតៗដែលកំពុងតែសម្ងំលាក់ខ្លួននៅទីនោះ ដើម្បីរង់ចាំអ្នកទេសចរមកផ្តិតយករូបភាពដ៏ស្រស់បំព្រងរបស់វា។
៦. ទីក្រុង Zermatt City and Matterhorn :
Zermatt City ជាទីក្រុងដែលមានប្រជាប្រិយភាពមួយប្រចាំនៅប្រទេសស្វីស។ ប្រសិនបើអ្នកតែងតែស្រមៃចង់សម្លឹងមើលរូបភាពស្អាតៗរបស់ Matterhorn សូមធ្វើដំណើរទៅកាន់ទីនោះចុះ ទេសភាពនឹងមិនធ្វើឱ្យអ្នកខកបំណងឡើយ ជាពិសេស Zermatt City ក៏មានម្ហូបអាហារដ៏សម្បូរបែប មានទាំងវប្បធម៌ប្លែកៗរបស់អ្នកស្រុក ហើយអ្នកក៏អាចជិះស្គី ជិះកង់ និងឡើងភ្នំនៅទីនោះយ៉ាងរីករាយទៀតផង។
៧. តំបន់ Lauterbrunnen :
នៅតំបន់ Lauterbrunnen នេះជាគឺទីកន្លែងមួយដែលមានភូមិគួរឱ្យចាប់អារម្មណ៍ ជាតំបន់មួយនៃតំបន់ស្អាតបំផុតផ្សេងទៀតប្រចាំនៅ Swiss Alps ប្រទេសស្វីស។ វាផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង រួមទាំងទេសភាពភ្នំ និងទឹកជ្រោះដែលចុះពីលើភ្នំនៅកន្លែងនោះផងដែរ។
៨. ទីក្រុង Neuchâtel :
ប្រសិនបើអ្នកទៅដល់ទីក្រុង Neuchâtel ប្រទេសស្វីស សូមចំណាយពេលដ៏រីករាយរបស់អ្នកដើម្បីសម្លឹងមើលសិល្បៈស្ថាបត្យកម្មដ៏រឹងមាំរបស់ Neuchâtel។ កន្លែងនេះនឹងផ្ដល់អារម្មណ៍ស្រស់ថ្លា និងភាពអស្ចារ្យដល់អ្នកទេសចរនូវអ្វីៗជាច្រើនដែលគ្រប់គ្នាបានមើលឃើញ និងបានធ្វើដំណើរឆ្លងកាត់វា។
៩. ភូមិ Gurtnellen :
Gurtnellen ជាតំបន់ទេសចរណ៍មួយដែលសម្ងំលាក់ខ្លួននៅក្នុងជ្រលងភ្នំនៅ Canton Uri។ នៅទីនោះ អ្នកនឹងបានឃើញផ្ទះអ្នកស្រុក អ្នកភូមិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវនៃជម្រាលភ្នំ ជាពិសេសអ្នកនឹងទទួលបានផ្ទាំងទស្សនីយភាពរបស់ធម្មជាតិព្រៃភ្នំ ដែលកំពុងឈរបង្អួតសម្រស់ដ៏ស្រស់បំព្រង។
១០. តំបន់ភ្នំ BerggasthausAescher-Wildkirchli, Weissbad :
ការធ្វើដំណើរទៅកាន់តំបន់ភ្នំ BerggasthausAescher-Wildkirchli, Weissbad គឺការចង់ចាំដែលមិនអាចបំភ្លេចរបស់អ្នកទេសចរជាមួយនឹងការភ្លក់រសជាតិអាហារដ៏សម្បូរបែប បទពិសោធក្នុងការធ្វើដំណើរឡើងភ្នំ ដោយការជិះខ្សែកាប ជាពិសេសការគយគន់ទេសភាពដ៏អស្ចារ្យនៃធម្មជាតិ និងសំណង់ផ្ទះដែលជាប់នឹងជញ្ជាំងភ្នំតែម្ដង។ អ្នកទេសចរដែលទៅដល់ទីនោះ តែងតែឆ្ងល់ថា តើផ្ទះទាំងនេះគេសាងសង់វាឡើងបានយ៉ាងដូចម្តេច? ទាំងដែលភ្នំចោតចម្ងាយរាប់ពាន់ Feet ពីជ្រលងភ្នំខាងក្រោម៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://trueid.com.kh/article/teenager/sub/teenager-entertainment/w6xZWk3bza4l/-