អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អនុវត្តទម្លាប់ ៨ចំណុចក្នុងពេលសិក្សាឱ្យបានល្អ អាចក្លាយជាសិស្សរៀនពូកែ”
អត្ថបទដោយ : អ៊ុន ច័ន្ទនិមល
#MJQE#AmericanInterconSchool
ការរៀនឱ្យពូកែ និងទទួលបានពិន្ទុខ្ពស់ក្នុងពេលប្រឡង គឺជាក្តីប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប។ ពួកគេដឹងច្បាស់ណាស់ថាក្លាយជាសិស្សពូកែម្នាក់មិនមែនជារឿងងាយនោះទេ ព្រោះត្រូវមានវិធីសាស្ត្រសិក្សាជាច្រើនដែលសិស្សផ្សេងទៀតមិនអាចធ្វើបាន។ ប៉ុន្តែគ្រប់យ៉ាងអាចទៅរួច ប្រសិនបើពួកគេមានការតាំងចិត្តសិក្សា និងមានវិធីសាស្ត្រសិក្សាច្បាស់លាស់។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ៨ចំណុចដែលសិស្សានុសិស្សអាចអនុវត្តបាន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពសិក្សារបស់ពួកគេរាល់ថ្ងៃ៖
១. រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ :
ប្រសិនបើអ្នកមិនរៀបចំផែនការសកម្មភាពសិក្សា ឬកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចផ្តោតអារម្មណ៍សិក្សាលើមុខវិជ្ជានីមួយៗបានល្អឡើយ។ មុខវិជ្ជាទាំងអស់ទាមទារឱ្យអ្នកចំណាយពេលវេលាសមស្របសម្រាប់សិក្សា។
២. បែងចែកការងាររៀនសូត្រជាផ្នែកៗ :
កុំបង្ខំខ្លួនឯងឱ្យរៀនសូត្រដូចកីឡាកររត់ប្រណាំង វានឹងធ្វើឱ្យអ្នកធ្លាក់ទៅក្នុងស្ថានភាពអាក្រក់មិនខាន។ អ្នកត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាឱ្យបានល្អ ហើយរៀងរាល់ពេលបញ្ចប់ការងារនីមួយៗ ត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង។
៣. គេងឱ្យបានគ្រប់គ្រាន់ :
ពេលវេលាគេងប្រាំបីម៉ោងក្នុងមួយថ្ងៃសំខាន់ណាស់ក្នុងជីវិតសិក្សា។ ការទទួលទានដំណេកគ្រប់គ្រាន់ នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ ពោរពេញដោយថាមពល រីឯគុណភាពសិក្សាក៏ល្អតាមនោះដែរ។
៤. ហ្មត់ចត់ក្នុងការសិក្សា :
បន្ទាប់ពីរៀបចំកាលវិភាគសិក្សាច្បាស់លាស់ហើយ អ្វីដែលសំខាន់ជាងនេះ ត្រូវអនុវត្តកាលវិភាគសិក្សាឱ្យបានល្អ។ សិស្សត្រូវធ្វើកិច្ចការនីមួយៗដោយគោរពទៅតាមកាលវិភាគផ្ទាល់ខ្លួន និងផ្តល់តម្លៃលើមុខវិជ្ជាទាំងអស់។
៥. រៀនកត់ត្រាទុកជាប្រចាំ :
កត់ត្រាមិនត្រឹមតែជួយឱ្យអ្នកចង់ចាំចំណុចសំខាន់ៗក្នុងពេលរៀននោះទេ វាក៏ជួយឱ្យអ្នកចំណេញពេលវេលាសិក្សា ឬស្រាវជ្រាវមេរៀនផ្សេងទៀត។
៦. រៀបចំកន្លែងរៀនឱ្យមានសណ្តាប់ធ្នាប់ :
ពេលខ្លះបើអ្នកចូលមកដល់ថ្នាក់រៀន ឬបន្ទប់រៀនរបស់អ្នក ហើយរកតែកន្លែងអង្គុយគ្មាននោះ ពេលនោះអ្នកប្រាកដជាខ្ជិលកាន់តែសៀវភៅជាក់ជាពុំខាន។
៧. បង្កើតបរិយាកាសសិក្សាជាក្រុម :
ក្រៅពីសិក្សានៅក្នុងថ្នាក់ និងសិក្សាដោយខ្លួនឯង សិក្សាជាក្រុមអាចក្លាយជាបរិយាកាសដ៏ល្អ និងប្លែកអារម្មណ៍ ព្រមទាំងជំរុញឱ្យអ្នកទទួលបានគំនិតថ្មីៗ និងចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិបានទូលំទូលាយ។
៨. ក្លាហានសួរ :
ចូរអ្នកកុំខ្មាសអៀនរាល់ពេលមានចម្ងល់ ឬមានសំណួរ។ ប្រសិនបើមិនច្បាស់ ត្រូវក្លាហានសួរដើម្បីទទួលបានចម្លើយពីគ្រូ ឬមិត្តភក្តិរបស់អ្នក។ សំណួរជជែកដេញដោលរកហេតុក្នុងន័យសិក្សាជាចំណែកសំខាន់ជួយបំផុសគំនិតថ្មីៗ និងជំរុញការស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង៕
អត្ថបទដកស្រង់ពីគេហទំព័រ៖ https://education.ams.com.kh