អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គោលការណ៍សំខាន់ៗ៣ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព និងមានប្រយោជន៍ដល់វិស័យអប់រំ”
អត្ថបទដោយ : ឃី គីមស្រៀ
#MJQE#AmericanInterconSchool
ប្រព័ន្ធបច្ចេកវិទ្យាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់វិស័យអប់រំនៅក្នុងសតវត្សទី២១នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា បច្ចុប្បន្ននេះការអប់រំគ្រប់ថ្នាក់ គ្រប់កម្រិតទាំងអស់ គិតចាប់ពីថ្នាក់ក្រោមមេតេ្តយ្យ មតេ្តយ្យ បឋមសិក្សា វិទ្យាល័យ រួមទាំងកម្រិតឧត្តមសិក្សា គឺសុទ្ធសឹងតែមានតម្រូវការបណ្តុះបណ្តាលអប់រំតាមបែបប្រព័ន្ធបច្ចេកវិទ្យា។ ដោយសារតែមានកត្តារីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងតាមបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
ប្រព័ន្ធបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគម្រោងការអប់រំថ្មីៗ ចាប់តាំងពីពួកគេបានជះឥទ្ធិពលលើវិធីសាស្រ្តក្នុងការទទួលបាននូវចំណេះដឹង។ ហើយពួកគេក៏បានផ្តល់ឱកាសក្នុងការជួយសម្របសម្រួលដល់ការទទួលបាននូវចំណេះដឹងទាំងដោយផ្ទាល់ និងពីចម្ងាយ។ តើអ្នកគួរគោរពតាមគោលការណ៍បែបណា ដើម្បីឱ្យមានប្រសិទ្ធភាព និងមានប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងវិស័យអប់រំ?
ដើម្បីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព និងមានប្រយោជន៍ដល់វិស័យអប់រំ យើងគួរគោរពទៅតាមគោលការណ៍សំខាន់ៗ៣យ៉ាងដូចខាងក្រោម៖
• គោលការណ៍ទី១
ប្រព័ន្ធបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការអប់រំ ជាពិសេសនៅពេលដែលយើងមិនអាចមកបំពេញការងារ ឬមកសិក្សារៀនសូត្រនៅសាលារៀនផ្ទាល់បាន។ មុននឹងអ្នកសម្រេចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការអប់រំ អ្នកគួរផ្តោចសំខាន់ទី១ទៅលើគោលបំណងនៃការប្រើប្រាស់។ មានន័យថា អ្នកគួរយល់ដឹងពីគោលបំណងឱ្យបានច្បាស់លាស់ ថាតើអ្នកចង់ធ្វើអី្វឱ្យប្រាកដនៅពេលដែលអ្នកត្រៀមនឹងប្រើប្រាស់វា។ ឧទាហរណ៍ថា អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្របសម្រួលដល់ការសិក្សា ការបង្រៀន ឬប្រើសម្រាប់ជាផ្នែកមួយដើម្បីបំពេញនូវកិច្ចការស្រាវជ្រាវ ដើម្បីស្វែងយល់ និងទទួលយកចំណេះដឹងថ្មីៗដែលទាក់ទងទៅនឹងវិធីសាស្រ្តរៀនសូត្រ វិធីសាស្រ្តបង្រៀនថ្មីៗ ឬការធ្វើនិក្ខេបបទស្រាវជ្រាវជាដើម។
• គោលការណ៍ទី២
បន្ទាប់ពីបានយល់ពីគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គោលការណ៍ដែលអ្នកគួរអនុត្តបន្ទាប់គឺ ការធ្វើកិច្ចការស្រាវជ្រាវបន្ថែមទៅលើអ្វីដែលអ្នកផ្តោចលើ។ ឧទាហរណ៍ថា អ្នករៀនមុខវិជ្ជាបរិស្ថាន ដូច្នេះអី្វដែលអ្នកគួរធ្វើនៅត្រង់ចំណុចនេះ គឺអ្នកគួរតែធ្វើកិច្ចការស្រាវជ្រាវរកមើលឯកសារមួយចំនួនដែលទាក់ទងទៅនឹងបរិស្ថាន ពីព្រោះនៅក្នុងប្រព័ន្ធអ៊ិនធឺណែត ដូចជា Google Search អ្នកអាចស្វែងរកឃើញនូវពត៌មានជាច្រើនដែលទាក់ទងទៅនឹងប្រធានបទមួយហ្នឹង។ ហើយអ្នកក៏អាចធ្វើការស្រាវជ្រាវបន្ថែមតាមរយៈ Google Scholar, Research Gate, ERIC ឬ Worldwide Science ផងដែរ ពីព្រោះពួកគេក៏ជាប្រភពបណ្តុំឯកសារ និងពត៌មានជាច្រើនដែលអាចជួយសម្របសម្រួលបន្ថែមដល់កិច្ចការស្រាវជ្រាវរបស់អ្នក។ អី្វដែលពិសេសជាងនេះទៅទៀតគឺ គេហទំព័រទាំង៤ខាងលើនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើនិក្ខេបបទស្រាវជ្រាវ ដែលជាតម្រូវការដ៏ចាំបាច់បំផុត ជាពិសេសចំពោះអ្នកដែលត្រូវបន្តថ្នាក់ឧត្តមសិក្សាដូចជា ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណិ្ឌត ឬថ្នាក់បណ្ឌិតជាដើម។
• គោលការណ៍ទី៣
តើអ្នកគួរប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅពេលណា ទើបធ្វើឱ្យការអនុវត្តមួយនេះមានប្រយោជន៍ និងមានប្រសិទ្ធភាព? ចំពោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អ្នកគួរតែគ្រប់គ្រង និងបែងចែកពេលវេលាឱ្យបានច្បាស់លាស់មុននឹងអ្នកចាប់ផ្តើម។ ឧទាហរណ៍ អ្នកត្រូវបានដាក់ការងារមួយដើម្បីធ្វើកិច្ចការស្រាវជ្រាវនៅក្រោមប្រធានបទ កត្តាដែលជះឥទ្ធិពលដល់ការលើកទឹកចិត្តកូនសិស្សឱ្យរៀនភាសាអង់គ្លេស។ ចំពោះកិច្ចការស្រាវជ្រាវទាក់ទងទៅនឹងប្រធានបទមួយនេះ អ្នកគួរប្រើប្រាស់ពេលវេលាឱ្យបានគ្រប់គ្រាន់ ពីព្រោះការស្រាវជ្រាវតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជា Google Scholar, Research Gate ឬក៏តាមប្រភពផ្សេងៗ តម្រូវឱ្យអ្នកប្រើប្រាស់ពេលវេលាច្រើនដើម្បីអានឱ្យបានហ្មត់ចត់ និងផ្តោចទៅលើមាតិកា និងខ្លឹមសារសំខាន់ផ្សេងៗដែលមាននៅក្នុងអត្ថបទ ឬឯកសារជាក់លាក់ណាមួយដែលអ្នកកំពុងស្រាវជ្រាវ។ បានន័យថា បើអ្នកគ្រាន់តែនឹកឃើញពេលណា ប្រើពេលហ្នឹង វាអាចនឹងមានផលប៉ះពាល់អវិជ្ជមានដល់កិច្ចការស្រាវជ្រាវរបស់អ្នក។ និយាយរួមទៅ អ្នកគួរគ្រប់គ្រងពេលវេលាឱ្យបានហ្មត់ចត់ ដើម្បីឱ្យកិច្ចការងារស្រាវជ្រាវមួយនេះបានជោគជ័យ។
ដូច្នេះហើយ ដើម្បីធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានប្រសិទ្ធភាព និងមានប្រយោជន៍ដល់ការអប់រំរបស់អ្នក អ្នកគួរតែមានគោលបំណងច្បាស់លាស់ ធ្វើកិច្ចការស្រាវជ្រាវបន្ថែម និងការប្រើប្រាស់ក្នុងពេលវេលាមួយដែលគ្រប់គ្រាន់ និងសមស្រប។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖ https://journals.sagepub.com/doi/abs/10.2190/7W71-QVT2-PAP2-UDX7