អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការរក្សាចំណងមិត្តភាពឱ្យស្ថិតស្ថេរយូរអង្វែង”
អត្ថបទដោយ : ពៅ ស៊ីថា
#MJQE#AmericanInterconSchool
មិត្តភាពជាទំនាក់ទំនងមួយដ៏ប្រពៃរវាងមនុស្សពីរនាក់ ឬមនុស្សមួយក្រុមដែលមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលគ្នា ចូលចិត្តនិយាយជាមួយគ្នា ដើរលេងជាមួយគ្នា ប្រកួតប្រជែងជាមួយគ្នា រួមសុខទុក្ខជាមួយគ្នា ហើយជឿជាក់ចំពោះគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ចំណងមិត្តភាពអាចរក្សាបានយូរអង្វែងលុះត្រាតែភាគីទាំងសងខាងមានអាកប្បកិរិយាប្រហាក់ប្រហែលគ្នា ចិត្តគំនិតស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមក ។ ប្រាំចំណុចខាងក្រោមនេះ នឹងបង្ហាញពីចំណងមិត្តភាពដែលអាចស្ថិតស្ថេរបានយូរអង្វែង៖
១. ការគោរពគ្នា : ការគោរពចំពោះគ្នាទៅវិញទៅមក ផ្តល់កិត្តិយស ទទួលស្គាល់លក្ខណៈដោយឡែករបស់បុគ្គលម្នាក់ៗ មិនរំលោភបំពាន មិនកេងប្រវ័ញ្ចចំពោះមិត្ត ជាការរក្សាចំណងមិត្តភាពបានយូរអង្វែង។ លើសពីនេះ មិត្តល្អតែងផ្ដល់តម្លៃ បង្ហាញក្ដីមេត្តាចំពោះគ្នាទៅវិញមក និងស្មោះត្រង់ចំពោះគ្នាជានិច្ច។ ម៉្យាងវិញទៀត បើទោះជាមានជម្លោះកើតឡើង មិត្តល្អតែងផ្ដល់ការគោរពចំពោះគ្នា និងចេះអត់ទោសឱ្យគ្នា។
២. ទំនួលខុសត្រូវ : មិត្តល្អចេះបែងចែកការបំពេញកាតព្វកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចេះបែងចែកគុណ និងទោស។ លើសពីនេះ នៅក្នុងករណីបង្កើតឱ្យមានកំហុសដោយអចេតនា ពួកគេតែងតែសុំការអភ័យទោសពីមិត្តភក្ដិ និងចៀសវាងកំហុសទាំងនេះ។ ម៉្យាងទៀត ការរក្សាមិត្តភាពបានយូរអង្វែងអាស្រ័យលើការចេះអត់ឱន និងចេះផ្ដល់យោបល់កែតម្រូវរាល់កំហុសខុសឆ្គងរបស់គ្នាទៅវិញទៅមក។
៣. ការចេះយោគយល់អធ្យាស្រ័យ : ការទទួលស្គាល់តម្រូវការដោយឡែករបស់មិត្ត ដូចជាមិត្តមានគំនិតយោបល់ខុសពីយើង ឬការជ្រើសរើសវត្ថុប្រើប្រាស់ផ្ទុយពីយើងជាដើម។ លើសពីនេះ ការចេះសម្របអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ជួយឱ្យទំនាក់ទំនងមានភាពល្អប្រសើរ កាត់បន្ថយជម្លោះនិងការខ្វែងគំនិតគ្នា។ ទន្ទឹមនឹងនេះ មិត្តដែលល្អនៅពេលឈ្លោះគ្នា ពួកគេនឹងមិនលាក់កំហឹងទុកក្នុងចិត្ត ពួកគេតែងជជែកគ្នាដោយស្មោះត្រង់ ហើយនៅពេលមានបញ្ហាកើតឡើង ពួកគេនាំគ្នាដោះស្រាយ។
៤. ការចេះចែករំលែក : មិត្តភាពដែលល្អ ដោយសារការលះបង់កម្លាំងកាយចិត្តដើម្បីមិត្តភាព មិនគិតប្រយោជន៍ផ្ទាល់ខ្លួន តែគិតអំពីផលប្រយោជន៍ទាំងសងខាង។ លើសពីនេះ ពួកគេចេះជួយយកអាសាគ្នាទៅវិញទៅមក នៅពេលមិត្តខ្វះខាតផ្នែកសេដ្ឋកិច្ច ឬសម្ភារៈ និងគំនិតល្អៗចំពោះគ្នា។ ម៉្យាងវិញទៀត មិត្តពិតគេអាចជួបនៅពេលជីវិតជួបទុក្ខលំបាកដែលតែងមានមិត្តល្អនៅក្បែរចាំជួយជានិច្ច។
៥. ការយកចិត្តទុកដាក់ : ការព្រួយបារម្ភ ផ្តោតអារម្មណ៍លើតម្រូវការរបស់មិត្ត ចេះឈឺឆ្អាលចំពោះគ្នាទៅវិញទៅមកនឹងជួយឱ្យសម្ព័ន្ធភាពកាន់តែរឹងមាំ។ លើសពីនេះ មនុស្សគ្រប់រូបតែងចង់មានមិត្តល្អមកនៅក្បែរខ្លួន ប្រឹក្សាយោបល់ និងសួរនាំគ្នាអំពីដំណើរជីវិតរៀងៗខ្លួន។ ម៉្យាងវិញទៀត ពួកគេចេះខ្វល់ខ្វាយពីសុខទុក្ខមិត្តភក្ដិ ព្រមទាំងចាត់ទុកមិត្តភក្ដិដូចជាបងប្អូន និងជាគ្រួសារតែមួយផងដែរ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://education.ams.com.kh/five-reasons-to-promote-long-term-friendship/