អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្រ្តបង្រៀនកុមារអំពីការគោរពគ្នា”
អត្ថបទដោយ : ញឹម ពិសិដ្ឋ
#MJQE#AmericanInterconSchool
ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលយើងអាចយកមកប្រើដើម្បីបង្រៀន និងលើកទឹកចិត្តឱ្យកុមារចេះអំពីការគោរពនៅក្នុងថ្នាក់រៀន៖
1. គ្រូត្រូវធ្វើជាគំរូក្នុងការគោរព : នៅក្នុងថ្នាក់កុមារតែងតែយកគ្រូរបស់ពួកគេជាគំរូទាំងការនិយាយស្តី និងការបញ្ចេញអាកប្បកិរិយាផ្សេងៗ។ ប្រសិនបើពួកគេឃើញគ្រូរបស់ពួកគេប្រព្រឹត្តចំពោះអ្នកដទៃដោយការគោរព និងមានសីលធម៌ ពួកគេមុខជានឹងធ្វើតាមដូចគ្នា។ កុមារគឺជាអ្នកត្រាប់តាម ហើយប្រសិនបើយើងចង់ឱ្យពួកគេចេះគួរសម យើងជាគ្រូត្រូវតែធ្វើជាគំរូជាមុនសិន។
2. ត្រូវចាប់ផ្តើមពីខ្លួនអ្នក : ជាញឹកញាប់ គេសង្កេតឃើញថាមនុស្សធំតែងតែចង់អោយកុមារគោរពពួកជាមុនសិន។ មានអ្នកខ្លះទៀតប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើកុមារពេលដែលពួកគេមិនបានសម្តែងការគួរសម។ ឧទាហរណ៍ឃើញមនុស្សធំហើយ ម៉េចបានមិនជម្រាបសួរ អត់មានអ្នកបង្រៀនទេឬ? នេះគឺជាការបន្ទោសបង្អាប់ដោយអត់ហេតុផល។ ជាគ្រូបង្រៀន ឬមនុស្សធំ យើងត្រូវចេះប្រាប់ និងបង្រៀនកូនក្មេងអំពីរបៀបនៃការសួរ ឬឆ្លើយតបនៅពេលជួបជាមួយនរណាម្នាក់។ ម្យ៉ាងវិញទៀត មនុស្សធំក៏ត្រូវធ្វើជាគំរូដែរ ដោយត្រូវប្រើពាក្សសម្តីគួរសមដើម្បីសួរទៅកូនក្មេងជាមុន នុះទើបពួកគេអាចរៀនតាមបាន។ យើងអាចបង្ហាត់ខ្លួនយើងឱ្យគិតមុនពេលយើងនិយាយ និងជ្រើសរើសពាក្យសម្តីរបស់យើងដោយប្រុងប្រយ័ត្ន ព្រោះថាកុមារនឹងអាចយកតម្រាប់តាមអ្វីដែលគេឃើញ និងឮ។
3. ពិភាក្សាអំពីមេរៀនការគោរពជាមួយសិស្ស : គ្រូត្រូវប្រើភាសាដែលសមស្របតាមអាយុដើម្បីឱ្យសិស្សដឹងពីរបៀបដែលពួកគេគួរប្រព្រឹត្តទៅកាន់អ្នកដទៃ។ បង្រៀនកូនសិស្សរបស់អ្នកឱ្យរៀនប្រើពាក្យ និងឃ្លាគួរសម ដូចជា “បាទ ចាស សូម ខ្ញុំអរគុណហើយ។ល។ បន្ថែមពីនេះ គ្រូត្រូវពន្យល់សិស្សអំពីសារៈសំខាន់នៃអាកប្បកិរិយាគោរពចំពោះអ្នកនៅជុំវិញខ្លួនទៅកាន់សិស្ស។
4. ត្រូវសរសើរ និងលើកទឹកពេលសិស្សបង្ហាញការគោរព : គ្រូត្រូវសរសើរ និងលើកទឹកចិត្តសិស្សនៅពេលពួកគេបង្ហាញនូវអាកប្បកិរិយាល្អ និងការគោរពចំពោះអ្នកដទៃ។ នេះជាសញ្ញាដល់កុមារថា ការគោរពអ្នកដទៃនាំឱ្យមានលទ្ធផលវិជ្ជមាន។
គួរបញ្ជាក់ផងដែរថា នៅពេលកុមារបង្ហាញការគោរពទៅកាន់អ្នកជុំវិញខ្លួនពួកគេ ផលវិជ្ជមានជាច្រើននឹងអាចកើតមានឡើងដូចជា៖
• កុមារមានអារម្មណ៍ថា មានសុវត្ថិភាពជុំវិញមិត្តភក្ដិ និងគ្រូរបស់ពួកគេ
• កុមារមិនស្រែកឡូឡា ឬស្តីឱ្យអ្នកដទៃ
• កុមាររៀនស្តាប់អ្នកដទៃទោះពួកគេមិនយល់ស្របក៏ដោយ
• កុមារមិនព្យាយាមគ្រប់គ្រងអ្នកដទៃ
• កុមារនិយាយដោយបើកចំហអំពីអ្វីដែលពួកគេចង់បាន
• កុមារទទួលស្គាល់កំហុសដែលពួកគេបានធ្វើ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
– https://www.honorablecharacter.com/pages/teaching-kids-respect-in-the-classroom
– https://proudtobeprimary.com/teaching-respect-in-the-classroom/