អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “មូលហេតុដែលអ្នកគួរហាត់ការនៅតាមក្រុមហ៊ុន ទោះជារវល់ច្រើនក្នុងការសិក្សាថ្នាក់មហាវិទ្យាល័យក៏ដោយ”
អត្ថបទដោយ : សុ ធី
#MJQE#AmericanInterconSchool
ជាការពិតណាស់ ការធ្វើជាបុគ្គលិកហាត់ការ គឺពិតជាមានសារៈសំខាន់ណាស់ដែលអ្នកគួរតែធ្វើវាយ៉ាងហោចណាស់ឱ្យបានពីរ ទៅបីដងក្នុងពេលដែលអ្នកកំពុងសិក្សានៅមហាវិទ្យាល័យ។ ក្រុមហ៊ុនទូទៅ ស្ថាប័នអង្គការនានា ឬអង្គការមិនមែនរដ្ឋាភិបាលជាច្រើន គឺមាននៅប្រទេសកម្ពុជា ដែលអ្នកអាចដាក់ពាក្យស្នើសុំចូលបម្រើការងារបាន។ បើទោះបីជាអ្នកមិនទទួលបានប្រាក់ខែមែន ប៉ុន្តែចំណេះដឹងដែលអ្នកទទួលបានពីការធ្វើជាបុគ្គលិកហាត់ការ គឺមានច្រើនលើសលប់ ច្រើនជាងអ្វីដែលអ្នកបានរៀននៅឯសាលាទៅទៀត។ ដូច្នេះតើអត្ថប្រយោជន៍អ្វីខ្លះ ដែលអ្នកនឹងទទួលបានពីការហាត់ការ?
១. ទទួលបានបទពិសោធន៍៖
ការបំពេញខ្លួនជាបុគ្គលិកហាត់ការមួយរូប គឺទទួលបានបទពិសោធន៍ច្រើនណាស់ ហើយវាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយចំណេះទាំងនោះ ក៏មិនមានបង្រៀន ឬបង្ហាត់នៅក្នុងថ្នាក់រៀនដែរ។ ការចុះអនុវត្តផ្ទាល់ ការហ្វឹកហាត់ជារៀងរាល់ថ្ងៃ គឺបានបង្រៀនអ្នកឱ្យកាន់តែស្ទាត់ជំនាញទៅលើមុខវិជ្ជាដែលអ្នកសិក្សានៅឯសាលា។ ដូច្នេះបទពិសោធន៍ទាំងអស់នោះ នឹងជួយអ្នកឱ្យកាន់តែមានភាពងាយស្រួលក្នុងការអភិវឌ្ឍខ្លួនតទៅមុខទៀត។
២. ទទួលបានអាទិភាពការងារ៖
ច្បាស់ណាស់ នៅពេលដែលអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្របួនឆ្នាំ ហើយដាក់ពាក្យសុំចូលធ្វើការនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយ គេប្រាកដជាសួរអ្នកថា តើអ្នកមានបទពិសោធន៍ដែរឬទេ ហើយតើអ្នកធ្លាប់បានធ្វើជាបុគ្គលិកហាត់នៅស្ថាប័ន ឬក្រុមហ៊ុនណាខ្លះ។ ត្រង់ចំណុចនេះ គឺមានមនុស្សជាច្រើនត្រូវបានក្រុមហ៊ុនបដិសេធមិនទទួលយក ដោយសារតែពួកគេមិនមានបទពិសោធន៍នេះឯង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ហាត់ការនៅស្ថាប័នណាមួយ នោះគេនឹងផ្តល់អាទិភាពជ្រើសរើសយកអ្នកធ្វើជាបុគ្គលិកជាក់ជាមិនខាន។
៣. អាចទទួលបានទំនុកចិត្ត និងប្រាក់ខែខ្ពស់៖
គ្រប់ស្ថាប័ន ឬក្រុមហ៊ុនទាំងអស់រមែងចង់បានបុគ្គលិកដែលមានចំណេះដឹងប្រកបដោយភាពច្បាស់លាស់ និងមានជំនាញពិតប្រាកដ មានបទពិសោធន៍ធ្វើការពីមុនមក។ ដូច្នេះអ្នកនឹងទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនដែលអ្នកធ្វើការ ហើយថែមទាំងមានឱកាសទទួលបានប្រាក់ខែខ្ពស់ជាងបុគ្គលិកធម្មតាថែមទៀតផង។
៤. បង្កើតទំនាក់ទំនងល្អក្នុងសង្គម៖
ការធ្វើជាបុគ្គលិកហាត់ការមួយរូប គឺមានន័យថាអ្នកបានការចូលរួមកិច្ចការជួយសង្គម ឬជួយអភិវឌ្ឍស្ថាប័នណាមួយបាត់ទៅហើយ ពីព្រោះថាអ្នកមិនបានទទួលប្រាក់ខែឡើយ។ ដូច្នេះ អ្នកប្រាកដជាទទួលបាននូវការពេញចិត្តការគោរពស្រឡាញ់ និងមានស្នាដៃផ្សេងៗដែលអ្នកបានសាងឡើងក្នុងកំឡុងពេលហាត់ការ។ វានឹងធ្វើឱ្យអ្នកកាន់តែមានទំនាក់ទំនងល្អក្នុងសង្គមដែលអ្នករស់នៅ៕