អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “វិធីសាស្ត្រនៃការដោះស្រាយបញ្ហានៅកន្លែងធ្វើការក្នុងនាមជាអ្នកគ្រប់គ្រង”
អត្ថបទដោយ : គិម តិចអ៊ូ
#MJQE#AmericanInterconSchool
ក្នុងនាមជាអ្នកគ្រប់គ្រង ពិតណាស់ដែលអ្នកត្រូវចេះវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ ប្រសិនបើជាបញ្ហានោះបានកើតឡើងនៅក្នុងអង្គភាព ហើយអ្នកនៅក្រោមបង្គាប់របស់អ្នកមិនអាចដោះស្រាយបានទេ ចង់ ឬមិនចង់អ្នកត្រូវតែដោះស្រាយបញ្ហានោះឱ្យបានសម្រេចដោយមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវថែមទៀតផង។
មនុស្សភាគច្រើនពេលជួបប្រទះបញ្ហា គេតែងមានភាពភ័យខ្លាច រួចហើយក៏គេចវេសមិនព្រមរកដំណោះស្រាយ។ មួយវិញទៀត គេតែងរកដំណោះស្រាយចំពោះបញ្ហានោះភ្លាមៗដែលវាជាកំហុសមួយ ព្រោះគេមិនបានសិក្សាស្វែងយល់អំពីឬសគល់នៃបញ្ហានោះឱ្យបានជាក់លាក់។ ជាពិសេសគេចូលចិត្តបន្ទោសអ្នកដទៃពីបញ្ហាដែលកើតមានឡើង។ អ្នកត្រូវចាំថា បញ្ហាអាចកើតមានឡើងគ្រប់ពេលទាំងអស់ ហើយការដោះស្រាយបញ្ហាបាន ជាការផ្លាស់ប្តូរដ៏ល្អនៅក្នុងស្ថាប័ន ព្រោះថាបើអ្នកដឹងថាការធ្វើបែបហ្នឹងវាមានបញ្ហា អ្នកនឹងមិនធ្វើទៀតទេ ហើយអ្នកនឹងរកផ្លូវផ្សេងដែលវាកាន់តែប្រសើរជាងវិធីចាស់ទៅទៀត។ បញ្ហាពិបាក ឬងាយស្រួលក្នុងការដោះស្រាយអាស្រ័យលើបទពិសោធន៍ ចំណេះដឹង ភាពវ័យឆ្លាត និងភាពបត់បែននៃនិយោជកនោះមានដល់កម្រិតណា។ ស្របពេលដែលអ្នកចង់បានការរពង្រីកចំណេះដឹងបន្ថែមទាក់ទងនឹងការដោះស្រាយបញ្ហានៅកន្លែងការងារ។ ខាងក្រោមនេះជាវិធីសាស្រ្ត៧ជំហានៗដែលគេតែងប្រើក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព៖
១. កត់សម្គាល់បញ្ហា :
អ្នកត្រូវសិក្សាស្វែងយល់ពីឬសគល់បញ្ហាឱ្យបានច្បាស់លាស់ ហើយអ្នកអាចបំបែកបញ្ហាជាផ្នែកតូចៗ។ ប៉ុន្តែអ្នកមិនត្រូវផ្តោតអារម្មណ៍តែលើបញ្ហានោះទេ ផ្ទុយមកវិញអ្នកត្រូវផ្តោតអារម្មណ៍លើដំណោះស្រាយ ព្រោះថាកាលណាក្នុងខួរក្បាលអ្នកគិតតែពីបញ្ហានោះអ្នកនឹងមានតែគំនិតអវិជ្ជមាន ហើយមិនអាចមើលឃើញដំណោះស្រាយដែលមានសក្តានុពលនោះឡើយ។ អ្នកអាចប្រើវិធីសួរនាំខ្លួនឯង ឬអ្នកដទៃនូវសំណួរថា “ហេតុអ្វី?” ឱ្យបានច្រើនដង ព្រោះវាអាចឱ្យអ្នកដឹងពីចម្លើយពិតប្រាកដនៃបញ្ហារបស់អ្នកបាន។
២. ស្វែងយល់ពីតម្រូវការម្នាក់ៗ :
អ្នកមិនត្រូវបំភ្លេចចោលតម្រូវការរបស់អ្នកដែលពាក់ព័ន្ធជាមួយបញ្ហាទាំងនោះនោះទេ។ ដំណោះស្រាយដែលល្អបំផុត គឺធ្វើយ៉ាងណាអាចបំពេញចិត្តរបស់មនុស្សទាំងអស់នោះបានកាន់តែច្រើនកាន់តែល្អ។ ប៉ុន្តែអ្នកត្រូវប្រាកដថាដំណោះស្រាយរបស់អ្នកគឺគេសុទ្ធតែអាចទទួលយកបានទាំងអស់គ្នា ហើយវាជាដំណោះស្រាយដែលល្អ និងត្រឹមត្រូវ។
៣. កត់ត្រាដំណោះស្រាយតាមដែលអាចធ្វើបាន :
ដូចដែលយើងបានសិក្សាពីតម្រូវការរបស់មនុស្សម្នាក់ៗរួចហើយ យើងឃើញថាដោយសារតែមនុស្សម្នាក់ៗតែងមានតម្រូវការខុសៗគ្នា ហេតុនេះអ្នកអាចកត់ត្រានូវតម្រូវការទាំងអស់ភ្ជាប់មកជាមួយដំណោះស្រាយផ្សេងៗគ្នាដែលអាចតម្រូវតាម ចិត្តរបស់គេម្នាក់ៗ។ មួយវិញទៀត ប្រសិនបើអ្នកគិតថាដំណោះស្រាយទាំងអស់នោះនៅមិនទាន់គ្រប់គ្រាន់ ឬមិនទាន់ល្អបំផុតទេ អ្នកអាចជួបពិភាក្សាជាមួយបុគ្គលិក និងអ្នកគ្រប់គ្រងឯទៀតដើម្បីទទួលបានបែបបទនៃការដោះស្រាយបញ្ហាថ្មីៗ និងកាន់តែមានប្រសិទ្ធភាពទ្វេឡើង។ ម្យ៉ាងទៀត អ្នកអាចសម្រាកបន្តិចហើយផ្លាស់ប្តូរពីការគិតដែលកាន់តែជ្រៅទៅៗ ទៅជាការគិតផ្លូវថ្មីមួយទៀត។ ថាមិនត្រូវអ្នកអាចរកបានដំណោះស្រាយដែលកាន់តែល្អក៏ថាបាន។
៤. វាយតម្លៃជម្រើសទាំងអស់ :
អ្នកត្រូវតែស្មោះត្រង់ ព្រោះថាការវាយតម្លៃនូវដំណោះស្រាយដែលរកបានមិនអាចទោរទន់ទៅរកមនោសញ្ចេតនា ចំណង់ចំណូលចិត្ត ឬភាពពេញចិត្ត និងមិនពេញចិត្តរបស់ខ្លួនអ្នក ឬនរណាម្នាក់នោះទេ។ អ្នកត្រូវវាយតម្លៃតាមភាពជាក់ស្ដែងចំពោះគុណវិបត្តិ និងគុណសម្បត្តិរបស់ដំណោះស្រាយនោះ ព្រមទាំងបែងចែកវាទៅតាមលក្ខខណ្ឌតិច ឬច្រើននៃគុណវិបត្តិ និងគុណសម្បត្តិរបស់វារៀងៗខ្លួន។
៥. ជ្រើសរើសជម្រើសមួយ ឬច្រើន :
អ្នកត្រូវជ្រើសរើសជម្រើសមួយ ឬច្រើនដែលល្អបំផុត ផ្តល់គុណវិបត្តិតិចបំផុត ព្រមទាំងមានគុណសម្បត្តិច្រើនជាងគេ។ អ្នកអាចប្រើវិធីចងដំណោះស្រាយល្អៗដែលមានច្រើនក្នុងចង្កោមតែមួយដែលយើងគិតថាវាអាចយកទៅអនុវត្តដំណាលគ្នាបាន។ ឧទាហរណ៍ថា អ្នកចង់ពង្រីកអាជីវកម្មលក់សម្លៀកបំពាក់ដែលអាជីវកម្មចាស់លក់តែសម្លៀកបំពាក់សម្រាប់យុវវ័យ។ នៅពេលដែលអ្នកគិតថាអ្នកនឹងពង្រីកអាជីវកម្មនោះស្រាប់តែមានមតិជំទាស់ខុសៗគ្នាជាច្រើនពីនិយោជិកថា ចង់ផ្លាស់ប្តូរការលក់សម្លៀកបំពាក់នោះទៅជារបស់កូនក្មេងផង យុវវ័យផង វ័យចំណាស់ផង។ ដោយឡែកសម្រាប់ដំណោះស្រាយរបស់អ្នក អ្នកអាចចងដំណោះស្រាយចំពោះបញ្ហានេះទៅជាការលក់សម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យដោយដាក់វាទៅតាមជាន់ និងវ័យនីមួយៗផ្សេងៗគ្នា។
៦. សម្រេចផ្សព្វផ្សាយ និងអនុវត្ត :
បន្ទាប់ពីអ្នកបានជ្រើសរើសយកជម្រើសមួយ ឬច្រើនរួចមកហើយ អ្នកត្រូវតែប្រកាសប្រាប់ដល់អ្នកឯទៀតឱ្យពួកគេបានដឹង ព្រមទាំងវាស់ស្ទង់ពីភាពពេញចិត្តរបស់គេម្នាក់ៗ និងចាត់វិធានការអនុវត្តដំណោះស្រាយនោះ។ ប្រសិនបើអ្នកបានអនុវត្តដំណាក់កាលខាងលើបានល្អ នោះមកដល់ដំណាក់កាលនេះ អ្នកនឹងមិនជួបប្រទះការប៉ះទង្គិចឡើយ។
៧. គ្រប់គ្រងដំណើរការ និងមានផែនការបម្រុង :
ក្រោយពីអនុវត្តដំណោះស្រាយហើយ អ្នកមិនអាចទុកវាចោលនោះទេ អ្នកត្រូវតែគ្រប់គ្រង និងតាមដានពីដំណើរការនោះឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការថ្លោះធ្លោយដោយប្រការណាមួយ។ អ្នកត្រូវប្រាកដថា ដំណើរការរបស់អ្នកប្រព្រឹត្តទៅបានល្អ និងអាចគ្រប់គ្រងភាពរអាក់រអួលបានទាន់ពេលវេលា។ មួយវិញទៀត អ្នកមិនត្រូវភ្លេចផែនការបម្រុងទេ ក្នុងករណីដែលដំណោះស្រាយនោះមិនអាចទៅតាមអ្វីដែលអ្នកចង់បាន ហើយអ្នកក៏អាចបកទៅរកជំហានទីមួយបានដែរ ប្រសិនបើដំណោះស្រាយរបស់អ្នកគ្មានប្រសិទ្ធភាព។
បញ្ហាមិនមែនជារឿងគួរឱ្យខ្លាចនោះទេ។ វាគ្រាន់តែបង្ហាញប្រាប់អ្នកថាស្ថានភាពបច្ចុប្បន្នរបស់អ្នកអនុវត្តខុសប្រក្រតីតែប៉ុណ្ណោះ ហើយអ្នកត្រូវរកវិធីផ្សេងមកប្រើជំនួសវិញ។
ដកស្រង់ចេញពីគេហទំព័រ៖ https://kumnit.com