អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើគ្រូបង្រៀនត្រូវមានតួនាទីបែបណានៅក្នុងសង្គម និងក្នុងប្រព័ន្ធអប់រំ?”
អត្ថបទដោយ : គុណ ភ័ត្រ្តា
#MJQE#AmericanInterconSchool
គ្រូបង្រៀនមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរខ្លឹមសារមេរៀន ចំណេះដឹងឱ្យសិស្ស និងពិភាក្សារវាងគ្រូ និងសិស្ស ដើម្បីកំណត់ខ្លឹមសារ និងផ្លាស់ប្ដូរសង្គម។ គ្រូបង្រៀន គឺជាឪពុកម្ដាយ ជាអ្នកសិក្សាស្រាវជ្រាវ ជាមិត្តភក្តិ ជាមគ្គទេសក៍ ជាទីប្រឹក្សា ជាអ្នកច្នៃប្រឌិត ជាអ្នកវិភាគ ជាអ្នកកំចាត់បក្សពួកនិយម ជាអ្នកផ្ដល់នូវទស្សនវិស័យ ជាអ្នកវាយតម្លៃ ជាសិល្បករ និងជាអ្នកសម្របសម្រួលដ៏ស្ទាត់ជំនាញជាដើម។ល។
គ្រូបង្រៀនស្រឡាញ់រាប់អានសិស្សប្រៀបដូចជាកូនរបស់ខ្លួន មានក្ដីស្រឡាញ់ មានការអាណិតអាសូរ រក្សាទឹកចិត្តអត់ឱន ស្និទ្ធស្នាលក្នុងឋានៈជាឪពុកម្ដាយ និងផ្ដល់ចំណេះឱ្យសិស្សដោយមិនលម្អៀង។ បន្ថែមពីនេះ គ្រូបង្រៀនក៏ជាមិត្តភក្តិដ៏ល្អជាមួយសិស្សផងដែរនៅក្នុងលំហរ និងកាលខ្លះ។ គ្រូបង្រៀនក៏ជាអ្នកមគ្គទេសក៍ដ៏ចំណានក្នុងការបង្ហាញផ្លូវ និងជាទីប្រឹក្សា ជាអ្នកដឹកនាំ ព្រមទាំងផ្ដល់ឱ្យសិស្សបានឃើញ បានយល់ពីឧត្ដមគតិជឿនលឿន និងបង្ហាញសិស្សពីមាគ៌ាអភិវឌ្ឍន៍ចំណេះដឹង សមត្ថភាព ប្រកបដោយភាពត្រឹមត្រូវ។ ក្នុងនោះផងដែរ គ្រូបង្រៀនក៏ជាអ្នកស្រាវជ្រាវ អ្នកបង្កើតថ្មី និងអ្នកផ្ដល់ទស្សនវិស័យដល់សិស្សទៅតាមលទ្ធភាព សមត្ថភាពដែលខ្លួនមាន និងព្យាយាមពង្រីកចំណេះដឹងខ្លួនឯងផងដែរ។ បន្ថែមពីនេះគ្រូបង្រៀន ក៏ត្រូវតែជាអ្នកមានជំនាញក្នុងការវិភាគពីអ្វីដែលកើតមាននៅក្នុងសង្គមឱ្យសិស្សបានយល់ បានដឹងក្នុងក្របខណ្ឌវិជ្ជាជីវៈ មានមូលដ្ឋានហេតុ និងផលច្បាស់លាស់ ប៉ុន្តែមិនមែនជាអ្នកបំពុលទស្សនៈ ព្រោះតែនិន្នាការណាមួយទៅលើសិស្សឡើយ។
ជារួមមក ក្នុងកិច្ចការជាគ្រូបង្រៀន មិនមែនគ្រាន់តែទៅបង្រៀនតាមតែមេរៀនដែលគេបានកំណត់នោះទេ ប៉ុន្តែត្រូវតែជាអ្នកចេះរំលេចឱ្យសិស្សបានឃើញពីសង្គមដែលពួកគេបានរស់នៅផង និងបង្ហាញពីគំនិតជឿនលឿនផង។ ហេតុផលនេះហើយ ទើបអាជីពជាគ្រូបង្រៀនមានតម្លៃ។
ដកស្រង់ចេញេពី៖ https://thmeythmey.com/?page=detail&id=46597