អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គន្លឹះដើម្បីក្លាយជាអ្នកស្តាប់ដ៏ល្អរបស់សិស្ស”
អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE#AmericanInterconSchool
ជាទូទៅគ្រូបង្រៀនមិនត្រឹមតែមកដើម្បីតែបង្រៀនមេរៀនដល់សិស្សនោះទេ គ្រូបង្រៀនក៏អាចជាអ្នក ស្តាប់ដ៏ល្អដើម្បីជួយកែលម្អទំនាក់ទំនងគ្រូ និងសិស្ស ដើម្បីចូលរួមចំណែកបង្កបរិយាកាសក្នុងថ្នាក់រៀនប្រកបដោយភាពកក់ក្តៅ រីករាយ និងសុវត្ថិភាព។ ក្នុងនាមជាគ្រូបង្រៀន អ្នកត្រូវអាចធ្វើជាអ្នកស្តាប់ប្រកបដោយប្រសិទ្ធភាពបានដោយសារហេតុផលដូចខាងក្រោម៖
១. ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសិស្ស :
ដើម្បីឱ្យគ្រូបង្រៀនបង្កើតទំនាក់ទំនងល្អ និងទទួលបានការទុកចិត្តពីសិស្ស គ្រូត្រូវស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលសិស្សកំពុងប្រាប់ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា ការនិយាយរបស់ពួកគេត្រូវបានស្តាប់។ ពេលខ្លះយើងអាចចាប់អារម្មណ៍តែពីកិច្ចការដែលយើងបានដាក់ឱ្យសិស្សថាតើគាត់បានធ្វើវាត្រឹមត្រូវឬទេ ហើយមិនបានផ្តោតទៅលើអ្វីដែលពួកគេកំពុងនិយាយ និងបង្ហាញពីគំនិតរបស់ពួកគេនោះទេ។
២. ដើម្បីយល់ពីសិស្ស :
ការធ្វើជាអ្នកស្តាប់ដ៏ល្អអាចជួយឱ្យគ្រូបង្រៀនយល់ពីសិស្សរបស់ពួកគេបានកាន់តែប្រសើរ។ ការសន្ទនាប្រកបដោយប្រសិទ្ធភាពជាមួយសិស្សអាចជួយកំណត់ពីចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់សិស្សហើយអាចត្រូវបានប្រើដើម្បីរៀបចំរចនាសម្ព័ន្ធមេរៀនដើម្បីជម្រុញលើកទឹកចិត្ត និងជំរុញឱ្យពួកគេធ្វើបានល្អជាងមុន។
៣. ដើម្បីទទួលយកមតិយោបល់របស់សិស្ស :
សិស្សត្រូវដឹងថាពួកគេមានសម្លេង នេះជាការលើកទឹកចិត្តពួកគេឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការសិក្សា។ មតិយោបល់របស់សិស្សអាចជួយគ្រូឱ្យកែលម្អវិធីសាស្រ្តបង្រៀន និងធ្វើឱ្យដំណើរការបង្រៀន-រៀនមានភាពប្រសើរឡើងនៅក្នុងថ្នាក់។
គន្លឹះសំខាន់ៗដើម្បីក្លាយជាអ្នកស្តាប់ដ៏ល្អរបស់សិស្ស៖
– បើកចិត្ត និងចំណាយពេលសម្រាប់ការសន្ទនាជាមួយសិស្ស។ ព្យាយាមផ្តោតអារម្មណ៍តែលើសិស្សហើយមិនផ្តោតលើសកម្មភាព ឬកិច្ចការដែលមិនពាក់ព័ន្ធ។
– ត្រូវប្រាកដថា ពាក្យសំដី ទាំងភាសាកាយវិការ ទឹកមុខ និងខ្សែភ្នែក បង្ហាញថាអ្នកពិតជាចាប់អារម្មណ៍ក្នុងការស្តាប់។
– អ្នកអាចស្តាប់ដោយស្ងៀមស្ងាត់សិន ចៀសវាងការនិយាយកាត់ វិនិច្ឆ័យ ឬការរិះគន់ជាដើម។
– រៀបប្រយោគឡើងវិញ និងសង្ខេបការសន្ទនារបស់សិស្សដើម្បីបង្ហាញថា ពួកគេមិនបាននិយាយចោលតែឯង គឺអ្នកបានយកចិត្តទុកដាក់ចំពោះពួកគេពិតមែន។
– ប្រើសំណួរបើកចំហដើម្បីទទួលបានភាពច្បាស់លាស់អំពីគំនិត និងអារម្មណ៍របស់សិស្ស។ វាក៏បាន ផ្តល់ឱ្យពួកគេនូវឱកាសដើម្បីពន្យល់លម្អិតអំពីប្រធានបទដែលពួកគេបានលើកឡើង។
– ក្រោយពីស្តាប់រួច ផ្តល់ការឆ្លើយតបដោយយល់ចិត្ត នោះនឹងជួយឱ្យសិស្សយល់ថាអ្នកឱ្យតម្លៃពួកគេនិងអារម្មណ៍របស់ពួកគេ។
– ចូលរួមក្នុងការពិភាក្សាកិច្ចការផ្សេងៗជាមួយសិស្សដើម្បីយល់ពីពួកគេកាន់តែ ច្បាស់។ កិច្ចពិភាក្សាទាំងនេះអាចជួយបង្កើតទំនាក់ទំនង និងទំនុកចិត្ត។
ដកស្រង់ចេញពីគេហទំព័រ៖
– https://www.etprofessional.com/ten-tips-for-listening-to-our-students
– https://k12teacherstaffdevelopment.com/tlb/be-a-listening-teacher/