អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការប្រែប្រួលរបស់ក្មេងជំទង់ និងការអប់រំ”
អត្ថបទដោយ : អ៊ិន ចាន់ដេត
#MJQE#AmericanInterconSchool
ក្មេងជំទង់ដែលយើងទាំងអស់គ្នាសំដៅដល់ក្មេងដែលមានវ័យចន្លោះពី១៣ឆ្នាំ ដល់១៩ឆ្នាំ គឺជាវ័យមួយដែលធ្វើឱ្យអ្នកអាណាព្យាបាល ឬឪពុកម្តាយប្រឈមជាមួយការប្រែប្រួលមួយដ៍ធំរបស់ពួកគេ ហើយអាចឱ្យក្មេងទាំងនោះបាត់បង់អនាគត់ដ៍ល្អ ប្រសិនបើឪពុកម្តាយយល់មិនច្បាស់អំពីការប្រែប្រួល និង វិធីសាស្រ្តក្នុងការអប់រំ។
នៅក្នុងដំណាក់កាលនេះ ក្មេងជំទង់មានអាកប្បកិរិយាមិនអាចទាយទុកជាមុនបាន ពេលខ្លះពិបាកនឹងយល់ដែលធ្វើឱ្យអ្នកអាណាព្យាបាល ឬឪពុកម្តាយមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង។ ពេលពួកគេនៅតូច កាលមានអាយុ៥ឆ្នាំ ឬ៦ឆ្នាំ អាកប្បកិរិយាពួកគេអាចឱ្យយើងទាយទុកបានខ្លះ ប៉ុន្តែនាពេលពួកគេមានអាយុ១៦ឆ្នាំ ១៧ឆ្នាំ ឬ១៨ឆ្នាំ អាកប្បកិរិយារបស់ពួកគេចាប់ផ្តើមប្រែប្រួលខុសប្រក្រតី ហើយមានអាកប្បកិរិយាមួយចំនួននោះគ្មានន័យច្បាស់លាស់ គំរោះគំរើយមិនសមរម្យ។ ប្រសិនបើអ្នកជាអ្នកអាណាព្យាបាល ឬឪពុកម្តាយមានអារម្មណ៍ខឹងសម្បាបែបនេះ អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេ ព្រោះឪពុកម្តាយមួយចំនួនធំក៍មានអារម្មណ៍បែបនេះដែរ ដោយមូលហេតុត្រង់ថា ខួរក្បាលរបស់ក្មេងជំទង់មានការលូតលាស់លឿនខ្លាំមែនទែន វាលឿនរហូតដល់ក្មេងជំទង់ទាំងនោះពុំអាចយល់ និងគ្រប់គ្រងបាន។
តាមពិតទៅខួរក្បាលរបស់មនុស្ស លូតលាស់ពេញលេញនាពេលដែលពួកគេមានអាយុ២៥ឆ្នាំ ដូច្នេះនៅពេលដែលពួកគេមានអាយុ១៦ឆ្នាំ ឬ១៧ឆ្នាំ ខួរក្បាលពួកគេស្ថិតក្នុងដំណាក់កាលមិនទាន់ពេញ លេញ។ អ្វីដែលកើតឡើងនោះ គឺមណ្ឌលផ្លូវអារម្មណ៍នៃខួរក្បាលកំពុងលូតលាស់យ៉ាងលឿន ប៉ុន្តែផ្នែកខាងមុខនៃខួរក្បាលដែលជាផ្នែកមួយសម្រាប់បង្កើតការសម្រេចចិត្តត្រឹមត្រូវ ការយល់ដឹងខុស និងត្រូវនោះគឺមិនទាន់លូតលាស់ពេញលេញនៅឡើយទេ ដែលនេះជាហេតុធ្វើឱ្យក្មេងជំទង់មានអាកប្បកិរិយាប្លែកៗមិនល្អមួយចំនួន។ ខាងក្រោមនេះជាចរិតលក្ខណៈមួយចំនួនរបស់ក្មេងជំទង់៖
១. អារម្មណ៍រំជើបរំជួលខ្លាំង៖ ពួកគេចាប់ផ្តើមធ្វើអ្វីមួយដោយមិនពិចារណា មានន័យថាបើពួកគេចង់ធ្វើអ្វីមួយ គឺពួកគេធ្វើតែម្តង។ ជារឿយៗពួកគេធ្វើរឿងប្រថុយប្រថានដែលមិនចាំបាច់ ពីព្រោះផ្នែកនៃខួរក្បាលដែលប្រើប្រាស់សម្រាប់ការសម្រេចចិត្ត ការវិភាគខុសត្រូវ មិនទាន់លូតលាស់នៅឡើយទេ ដូច្នេះ នៅពេលពួកគេចង់ធ្វើអ្វីមួយគឺធ្វើតែម្តង ហើយនេះជាមូលហេតុដែលមានក្មេងជំទង់ជាច្រើនបានប្រើប្រាស់គ្រឿងញៀន ឬផឹកគ្រឿងស្រវឹងទាំងវ័យក្មេង។ ក្នុងន័យនេះខ្ញុំចង់មានន័យថា គ្មាននរណាម្នាក់ចង់ ឬមានសិទ្ធិប្រើប្រាស់គ្រឿងញៀននោះទេ តែចំពោះគ្រឿងស្រវឹងវិញជារឿងមួយផ្សេង។ វាតម្រូវឱ្យមានខួរក្បាលដែលលូតលាស់គ្រប់គ្រាន់មួយ ពីព្រោះថានៅពេលដែលពួកគេមានសមត្ថភាពបើកបរ និងផឹកគ្រឿងស្រវឹងនៅពេលជាមួយគ្នា វានឹងអាចបណ្តាលឱ្យមានគ្រោះមហន្តរាយបាន។
២. ក្មេងជំទង់មិនទាន់មានការទទួលខុសត្រូវទេ៖ នេះជាចំណុចសំខាន់មួយក្នុងចំណោមចំណុច សំខាន់ៗនៃចរិតលក្ខណៈរបស់ក្មេងជំទង់។ ពួកគេចាប់ផ្តើមមានចំណាប់អារម្មណ៍រឿងស្នេហាដែលជាស្នេហារវាងមិត្តប្រុស និងមិត្តស្រីជាដើម។ ពួកគេគិតដល់ការរួមភេទ ថ្វីត្បិតការរួមភេទជារឿងធម្មជាតិរបស់មនុស្សលោក តែស្ថិតក្នុងវ័យនេះពួកគេមិនអាចរ៉ាប់រងនូវកំហុសឆ្គងណាមួយដែលកើតឡើងដោយតាមតែចិត្តពុះកញ្រ្ជោលមួយពេលនោះទេ ខួរក្បាលរបស់ពួកគេមិនទាន់លូតលាស់គ្រប់គ្រាន់សម្រាប់ការវិភាគខុសត្រូវបាននៅឡើយ។
៣. ក្មេងជំទង់មានអារម្មណ៍ឯកោ៖ រាងកាយរបស់ពួកគេមានការលូតលាស់រហ័សជាងមុន តែមិនសមមាត្រគ្នា។ ពួកគេបានវិឌ្ឍន៍ពីក្មេងដែលគួរឱ្យស្រលាញ់ គួរឱ្យខ្នាញ់ ដល់ដំណាក់កាលមួយដែលពួកគេ វ័យពេញរូប ពេញរាង ហើយភាគច្រើនតែងតែឆ្លុះកញ្ចក់មើលរូបខ្លួនឯងដោយប្រៀបធៀបនឹងអ្វីដែលពួកគេមើលក្នុងខ្សែភាពយន្ត ដូចជាតារាភាពយន្ត តារាចម្រៀង ឬតារាម៉ូឌែលជាដើម។ ពួកគេចាប់ផ្តើមខកចិត្តលើខ្លួនឯង ហើយចាប់ផ្តើមមានអារម្មណ៍ឱ្យតម្លៃខ្លួនឯងទាប ស្អប់ខ្លួនឯង ចង់ក្លាយជានរណាម្នាក់ផ្សេងពីខ្លួនគេ (នេះជាអារម្មណ៍ធម្មតាមួយនៃការប្រែប្រួលរបស់ក្មេងជំទង់)។ ដោយមានអារម្មណ៍វិលវល់នឹងរឿងស្នេហាប្រុស ស្រី ជាធម្មតាការសិក្សារបស់ពួកគេអាចមានការធ្លាក់ចុះ ហើយដោយសារមានអារម្មណ៍ឯកោ ធ្វើឱ្យពេលខ្លះពួកគេចង់តែនៅជាមួយមិត្តភក្តិ ទោះពេលខ្លះពួកគេទើបតែបំបែកគ្នាពីការជួបជុំក៍ដោយ តែនៅពេលដែលពួកគេនៅតែម្នាក់ឯង ពួកគេមានអារម្មណ៍កណ្តោចកណ្តែង ហើយនេះជាហេតុពេលខ្លះគេត្រូវការភាពជាឯកជនដោយសំងំក្នុងបន្ទប់របស់ពួកគេ។
តើយើងត្រូវមានដំណោះស្រាយបែបណាចំពោះកូនៗវ័យជំទង់របស់យើង ដើម្បីឱ្យពួកគេចម្រើនវ័យដោយរឹងមាំ និងប្រកបដោយក្តីរីករាយនោះ!
ដោយសារតែផ្នែកនៃខួរក្បាលរបស់ក្មេងជំទង់ដែលប្រើសម្រាប់ធ្វើការសម្រេចចិត្តឱ្យត្រឹមត្រូវនោះមិនទាន់លូតលាស់ពេញលក្ខណៈនៅឡើយ តួនាទីរបស់ឪពុកម្តាយត្រូវធ្វើជាផ្នែកសម្រេចចិត្តនៃខួរក្បាល ដូច្នេះយើងត្រូវប្រាប់កូនៗរបស់យើងថា “កូនដឹងទេ ដោយសារតែវ័យកូននៅលូតលាស់មិនទាន់ពេញលេញនៅឡើយ ជាពិសេសផ្នែកសម្រេចចិត្ត ដូច្នេះប៉ា និងម៉ាក់នឹងដើរតួជាផ្នែកនេះនៃខួរក្បាលកូនដើម្បីសម្រេចចិត្តនៅអ្វីដែលល្អៗសម្រាប់កូន”។ ប្រសិនបើលោកអ្នកជាឪពុកម្តាយនិយាយជាមួយពួកគេក្នុងលក្ខណៈដ៍ស្និទស្នាល និងក្នុងសភាពគោរពគ្នាជាដៃគូពិភាក្សា និងភាពរីករាយ ពួកគេនឹងទទួលយកវា។
ពេលខ្លះនៅពេលដែលយើងព្យាយាមកែតម្រូវអាកប្បកិរិយាកូនក្នុងវ័យជំទង់របស់យើង យើងគួរនិយាយក្នុងរបៀបមួយជាអ្នកប្រឹក្សា ដើរតួជាផ្នែកខាងមុខនៃខួរក្បាលរបស់កូន។ បន្ទាប់មក យើងនឹងពិភាក្សាដោយចំហអំពីបញ្ហារបស់កូន រួមទាំងរឿងស្នេហា គ្រឿងញៀន និងគ្រប់រឿងទាំងអស់ ដូចជាការដែលមិនចាំបាច់ក្នុងការសេពសុរាក្នុងពេលបើកបរជាដើម។ ចំណុចសំខាន់នៃផ្នែកខាងមុខនៃខួរក្បាលរបស់យើង គឺវាមិនធ្វើការវិនិច្ឆ័យនោះទេ ផ្នែកខាងមុខនៃខួរក្បាលនឹងមិននិយាយថា “កូនឯងឆ្គូតទេឬដែលនិយាយបែបនេះ កូនឯងមិនចេះគិតទេឬ កូនឯងមិនទទួលខុសត្រូវទេឬ” ដាក់កូនឡើយ។ ផ្នែកខាងមុខនៃខួរក្បាលគ្រាន់តែជួយឱ្យយើងនិយាយដោយមើលទៅលើស្ថានភាពនោះ ហើយធ្វើការសម្រេចចិត្តទៅលើអ្វីដែលយើងបានឃើញ។ ប្រសិនបើយើងអាចធ្វើបែបនេះបានជាមួយកូនៗរបស់យើង ពួកគេនឹងរីកចម្រើនវ័យតាមលក្ខណៈធម្មជាតិ តាមអ្វីដែលពួកគេគួរតែក្លាយទៅនាពេលដែលខួរក្បាលពួកគេលូតលាស់ពេញលក្ខណៈក្នុងវ័យពួកគេមានអាយុម្ភៃឆ្នាំជាង ហើយប្រសិនបើយើងបានបំពេញតួនាទីបានត្រឹមត្រូវហើយ យើងអាចឱ្យពួកគេចាកចេញទៅក្នុងនាមជាបុរស ស្រ្តីដ៍អស្ចារ្យ។
ដកស្រង់ចេញពី:
– https://www.khmerload.com/news/101459
– https://www.stanfordchildrens.org/en/topic/default?id=understanding-the-teen-brain-1-3051
– https://www.theguardian.com/education/2009/may/19/exam-revision
– https://www.aacap.org/AACAP/Families_and_Youth/Facts_for_Families/FFF-Guide/The-Teen-Brain-Behavior-Problem-Solving-and-Decision-Making-095.aspx