អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ សុខភាពជាអ្វី?
អត្ថបទដោយ : លីម រតនៈ
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ និងឮពាក្យសុខភាព ហើយខ្លួនប្រាណ និងជីវិតរស់នៅរបស់យើងផ្ទាល់ ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរ។ អ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាព រីឯអ្នកខ្លះទៀត មិន ខ្វល់ខ្វាយនឹងសុខភាពឡើយ។ កាលពីមុនសុខភាពត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយ និងផ្លូវចិត្ត តាមបែបបទមាត្រដ្ឋានមួយ។ មានសុខភាព គប្បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាទម្ងន់ លទ្ធភាពសម្លឹងមើលឃើញ លទ្ធភាពស្ដាប់ ស្ថានភាពដកដង្ហើមជាដើម។
នៅឆ្នាំ១៩៤៦ អង្គការសុខភាពពិភពលោក បានដាក់បញ្ចូលកម្រិតសង្គម ដោយឱ្យនិយមន័យថា សុខភាពគឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្តអារម្មណ៍ និងសុខុមាលភាពសង្គម ពោលសុខភាពមិនត្រឹមតែភាពគ្មានជម្ងឺ ឬពិការភាពប៉ុណ្ណោះទេ។ បន្ទាប់មកការវិវឌ្ឍនៃសុខភាព បានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាព ដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការ និងរឿងរ៉ាវបុគ្គល។
នៅចុងទសវត្សរ៍ទី២០ នេះ សុខភាពបានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួន។ ដោយឡែកមជ្ឈមណ្ឌលអប់រំសុខភាពនៅប្រទេសបារាំង បានឱ្យនិយមន័យថាសុខភាព គឺជាសុខភាព សភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំ ជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គមដោយគិតគូរ ទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងសុខភាពជាអាទិ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ។
បន្ទាប់ពីបានឆ្លងកាត់សង្រ្គាមអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក ប្រទេសកម្ពុជាយើង បានទទួលការបាត់បង់យ៉ាងធំធេងដែលមិនអាចពណ៌នាបានឡើយក្រោយពីស្តា និងរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធសង្គមរួចមក ប្រទេសកម្ពុជាបានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងខ្លាំង។ ប៉ុន្តែការរស់នៅ ដោយឆ្លងកាត់វិបត្តិផ្សេងៗ រួមទាំងការការប្រែប្រួលក្នុងសង្គមបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅ របស់ប្រជាជនកម្ពុជាយើង។
ឥទ្ធិពលអវិជ្ជមានទាំងឡាយដែលបានកើតឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាដែល បន្សល់ទុកពីសង្គ្រាមដូចជាការព្រាត់ប្រាស់ឪពុកម្តាយ បងប្អូន វិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពិការ និងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀត បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើង ដែលអាចបង្កើតជាបញ្ហាផ្លូវចិត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
បញ្ហាទាំងអស់នេះ រួមជាមួយនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀតក្នុងសង្គមដូចជា ភាពក្រីក្រ សកម្មភាព អនាចារផ្សេងៗ អាចបង្កឱ្យយុវជនដែលជាមនុស្សជំនាន់ថ្មីមានស្ថានភាពផ្លូវចិត្តពុំល្អប្រសើរឡើយ ហើយក៏ជាកត្តាជំរុញឱ្យមានអំពើហិង្សាជម្លោះប្រដាប់អាវុធក្នុងសង្គម និងនិន្នាការអវិជ្ជមានផ្សេងៗជាច្រើន ទាក់ទងទៅនឹងឥរិយាបទ និងអាកប្បកិរិយារបស់យុវជននៅក្នុងផ្នែកមួយស្តីអំពីអារម្មណ៍ទុក្ខព្រួយ នៃឯកសារ ស្តីពីការអង្កេតថ្នាក់ជាតិទៅលើឥរិយាបទប្រកបដោយគ្រោះថ្នាក់របស់យុវវ័យដែលធ្វើឡើងដោយក្រសួងអប់រំយុវជន និងកីឡា ឧបត្ថម្ភ ដោយអង្គការយូនីសេហ្វ និងយូនិស្កូ នៅក្នុងឆ្នាំ២០០៤ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានយុវជនរហូតទៅដល់២០% ធ្លាប់មានអារម្មណ៍ទុក្ខព្រួយ អស់សង្ឃឹម រហូតដល់ចង់ ធ្វើអ្វីក្នុងរយៈពេលច្រើនជាងមួយសប្តាហ៍ ហើយនៅក្នុងចំណោមអ្នកដែលមានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឃឹម២០% ម្នាក់ក្នុងចំណោម៥នាក់ ឬ៤%នៃយុវវ័យទូទាំងប្រទេស ធ្លាប់បានគិតដល់ ការធ្វើអត្តឃាត។
នៅពេលដែលយុវជនទាំងនោះមានអារម្មណ៍ខូចចិត្ត គឺមានតែម្តាយឪពុក ឬអាណាព្យាបាលជាស្រ្តី និងមិត្តភក្តិតែប៉ុណ្ណោះ ដែលបានជួយលួងលោមផ្តល់កម្លាំងចិត្តដល់ពួកគេ។ ផ្តើមចេញពីបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យស្ថាប័នជំនាញក្នុងក្រសួងសហការជាមួយនឹងសមាគម រញ្ជនពុទ្ធិបពោធនមិត យកចិត្តទុកដាក់អភិវឌ្ឍន៏នូវគម្រោងមេរៀនអប់រំដល់យុវជន ក៏ដូចជាការផ្តល់ ចំណេះដឹងមួលដ្ឋានទាក់ទងនឹងការថែទាំសុខភាពចិត្តដើម្បឱ្យយុវជនយើងអាចយល់ដឹងពីទ្រឹស្តី ហើយប្រើប្រាស់ និងអនុវត្តនជាក់ស្តែងនៅក្នុងបំណិនជីវិតក្នុងការគ្រប់គ្រងនូវភាពតានតឹងចិត្ត និងអារម្មណ៍ អវិជ្ជមានដែលជំរុញឱ្យពួកគេធ្វើអត្តឃាត រួមនឹងការជួយគាំទ្រឱ្យយុវជនអភិវឌ្ឍន៍បានល្អប្រសើរនូវការគោរព និងឱ្យតម្លៃចំពោះខ្លួនឯងដែលជាកត្តាបង្កើតនូវភាពរឹងមាំផ្នែកផ្លូវចិត្ត។
គម្រោងមេរៀននេះ គឺជាឯកសារមូលដ្ឋានមួយជួយដល់លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់ ជាមូលដ្ឋានក្នុងការផ្តល់ចំណេះដឹងផ្នែកសុខភាពផ្លូវចិត្តដល់យុវវ័យបានតាមរយៈ កម្មវិធីសិក្សានៅក្នុងសាលាចាំណេះទូទៅ។ នៅក្នុងគ្រោងមេរៀននេះ រួមមានខ្លឹមសារ សំខាន់ៗជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តដូចជា៖
1. ព័ត៌មានជាមូលដ្ឋានស្តីអំពីប្រភពដែលបង្កើតឱ្យមានបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត។
2. បច្ចេកទេសក្នុងក្របខណ្ឌថែទាំសុខភាពបឋមផ្នែកផ្លូវចិត្តដែលជួយឱ្យយុវជន អាចជួយខ្លួនឯងបានក្នុងការគ្រប់គ្រង។
B Sakda, [19.07.21 13:41]
វិធីសាស្រ្តក្នុងការជួយខ្លួនឯងឱ្យយុវជនមានកម្លាំងចិត្ត រឹងមាំអាចប្រឈមមុខ ដោះស្រាយ នូវបញ្ហាផ្នែកផ្លូវចិត្តក្នុងមធ្យោបាយវិជ្ជមាន ដែលរួមមានការបង្កើតអារម្មណ៍ និងទស្សនៈវិជ្ជមានក្នុងផ្លូវចិត្ត ក៏ដូចជាការអភិវឌ្ឍនូវការគោរពចំពោះតម្លៃខ្លួនឯង។
ក្រៅពីខ្លឹមសារសំខាន់ៗជាមូលដ្ឋានដូចខាងលើនៅក្នុងសៀភៅណែនាំនេះ ក៏បានផ្តល់នូវវិធីសាស្រ្ត សម្រាប់ដឹកនាំការបង្រៀនសិស្សដោយផ្អែកលើគោលការណ៍សិស្សមជ្ឈមណ្ឌលដើម្បីជំរុញការបង្រៀន និងការសិក្សារបស់សិស្ស។ លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់សៀវភៅណែនាំនេះ គួបផ្សំនឹង សមត្ថភាពជំនាញផ្នែករៀបចំគម្រោងសម្រាប់ការបង្រៀន និងភាពប៉ិនប្រសប់ក្នុងការបង្រៀន ដើម្បីផ្តល់នូវចំណេះដឹងទាក់ទងនឹងការថែទាំសុខភាពផ្លូវចិត្តនេះដល់សិស្សឱ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលខ្ពស់។