អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “សុចរិតភាពក្នុងការអនុវត្ដន៍ការងារ”
អត្ថបទដោយ : ហុង តាំងឌី
ជាទូទៅ ក្រុមហ៊ុន អង្គភាព ឬអង្គការនានា មិនថាតូចឬធំ តែងតែមានគោលការណ៍ចម្បងអនុវត្ដការងារ និងជំនាញរៀងៗខ្លួនក្រោមរូបភាពជាការចងក្រងបោះពុម្ភជាសៀវភៅ បកស្រាយផ្ទាល់អំឡុងពេលអនុវត្ដ ឬតាមរយៈវីដេអូ ឬឯកសារក្នុងវគ្គហ្វឹកហាត់ផ្ទៃក្នុង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជាក់ស្ដែងមានការផ្សាយជាសាធារណៈ លើអ៊ីនធឺណែត ក្នុងគេហទំព័ររបស់ស្ថាប័ន ឬក្រុមហ៊ុនមួយ ដើម្បីបង្ហាញពីជំហរដ៏រឹងមាំក្នុងការប្រតិបត្ដិ និងការវិវឌ្ឍ ហើយក៏ជាផ្នែកសំខាន់មួយនៃការទាក់ទាញវិនិយោគទាំងក្នុង និងក្រៅស្រុកផងដែរ។គោលការណ៍ចម្បងអនុវត្ដការងារបត់បែន និងផ្សេងៗគ្នាខុសពីស្ថាប័ន ឬក្រុមហ៊ុនមួយទៅមួយស្របពេលនេះដែរ អត្ថបទនេះនឹងចែករំលែកចំណេះដឹង ទាក់ទងអំពីសុចរិតភាព ក្នុងការ អនុវត្ដន៍ការងារ (Integrity Principle) ដែលបុគ្គលិកបម្រើការក្នុងស្ថាប័ន ឬក្រុមហ៊ុន គួរតែអនុវត្ដតាមឱ្យខ្ជាប់ខ្ជួន ព្រោះយើងមើលឃើញថា ចំណុចនេះក៏បានចែងក្នុងគោលការណ៍ចម្បង អនុវត្ដន៍ការងារ និងជំនាញអនុវត្ដន៍សវនកម្មផ្ទៃក្នុងរបស់វិទ្យាស្ថាននៃសវនករផ្ទៃក្នុងដែរ ដោយដាក់ជាកំហិតឱ្យអ្នកជំនាញសវនកម្មផ្ទៃក្នុងដែលជាសមាជិកពេញសិទិ្ធអនុលោមតាម។ ទោះជាមិនបានអនុវត្ដគ្រប់ចំណុចក៏ដោយ ព្រោះការអនុវត្តពីស្ថាប័នមួយទៅស្ថានប័នមួយមានភាពខុសគ្នា ដូច្នេះក៏ការបញ្ជាក់ដែលថា ការមិនអនុលោមតាមចំណុចណាមួយ ក៏មិនអាចសរុប សេចក្ដីថា ការអនុវត្ដសវនកម្មទាំងស្រុងគ្មានប្រសិទ្ធភាពដែរ បើកាលណាការអនុវត្ដសវនកម្មអាចសម្រេចបាននូវបេសកម្មសវនកម្មផ្ទៃក្នុង (លើកកម្ពស់ និងការពារតម្លៃនៃការគ្រប់គ្រងហានិភ័យ និងគុណភាព ផលិតផល និងសេវាកម្មក្រុមហ៊ុន ដោយសវនករផ្ដល់នូវការធានា រួមទាំងការប្រឹក្សាយោបល់ និងការផ្ដល់ចំណេះដឹង ផ្អែកលើហានិភ័យ និងប្រកបដោយអព្យាក្រឹត)។ ដូច្នេះ ពីចំណុចខាងលើដែរ យើងអាចបង្រួមន័យថា ដើម្បីអនុវត្ដការងារឱ្យមានប្រសិទ្ធភាព និងកាន់តែសុចរិត នាយកដ្ឋាននីមួយៗត្រូវតែមានការកំណត់បេសកម្មឱ្យបានមោះមុត ។ ជាទូទៅ សុចរិតភាពក្នុងការអនុវត្ដន៍ការងារគឺផ្ដោតសំខាន់លើភាពស្មោះត្រង់ សេចក្ដីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវ។ នាពេលបច្ចុប្បន្ន មិនមានការអះអាងជាផ្លូវការណាមួយស្ដីឧបករណ៍វាស់ពី ភាពស្មោះត្រង់ សេចក្ដីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវនៃបុគ្គលម្នាក់ត្រឹមត្រូវគ្រប់ពេលវេលានោះទេ។ ភាពស្មោះត្រង់ សេចក្ដីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវ ជារឿងដែលស្មុគស្មាញ ព្រោះភាគច្រើនគឺពាក់ព័ន្ធទៅអត្ដចរិតបុគ្គលតាំងចាប់ពីពេលកើត និង/ឬដោយសារបរិបទ និងមជ្ឈដ្ឋានដែលបុគ្គលនោះរស់នៅ លូតលាស់ធំធាត់ រួចវាបានបង្កដក់ក្នុងចិត្ដនាំឱ្យជះឥទ្ធិពលនូវពេលឆ្លើយតប និងប្រតិកម្មក្នុងជីវភាពប្រចាំថ្ងៃ ទាំងរស់នៅ និងធ្វើការផងដែរ។ យើងតែងតែសង្កេតឃើញឥទ្ធិពលនោះ តាមរយៈជាការបញ្ចេញកាយវិការ ការបញ្ចេញគំនិត ការសម្រេចចិត្ដ និងការធ្វើសកម្មភាពផ្សេងៗ។ កម្រិតភាពស្មោះត្រង់ សេចក្ដីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវ ក្នុងបុគ្គលតែម្នាក់ អាចមានភាពខុសគ្នាតាមកាលៈទេសៈ ហើយក៏ខុសគ្នាពីបុគ្គលមួយទៀត ក្នុងកាលៈទេសៈតែមួយ ហើយភាពខុសគ្នាក៏អាចទាំងស្រុង ឬដោយផ្នែកខ្លះផងដែរ។ទោះជាស្មុគស្មាញយ៉ាងណាក៏ដោយ ដើម្បីពិនិត្យ និងវាយតម្លៃជារួមមួយនៃសុចរិតភាពក្នុងការអនុវត្ដន៍ការងារ គេអាចធ្វើបានក្នុងរូបភាពច្រើនដូចជា ស្នើ និងជួលអ្នកជំនាញបង្កើតជាតេស្ដសាកល្បង មានជាកម្រងសំណួរ និងល្បែងផ្សេងៗ ការប្រមូលទិន្នន័យពាក់ព័ន្ធនានាមកវិភាគ រួចចេញជារបាយការណ៍លទ្ធផលនៃការសិក្សាស្ដីពីកម្រិតសុចរិតការងាររបស់ផ្នែកណា ឬបុគ្គលិកនៃស្ថាប័ន ឬក្រុមហ៊ុនតាមកិច្ចព្រមព្រៀង និងតម្រូវការ។ នាពេលបច្ចុប្បន្ន គឺនៅប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក មានអ្នកជំនាញបែបនេះច្រើន ដើម្បើឆ្លើយតបទៅតាមភាពជឿនលឿនទីផ្សារ និងអាជីវកម្មទាន់សម័យបែបឌីជីថល។ ម្យ៉ាងទៀត គេអាចពិនិត្យ និងវាយតម្លៃបែបសាមញ្ញ និងគ្រប់គ្រងផ្ទាល់ដោយផ្ទាល់ពីស្ថាប័ន ឬក្រុមហ៊ុនបាន។វិធីសាស្រ្ដដែលនិយមប្រើប្រាស់ សាមញ្ញ និងមានប្រសិទ្ធភាពគឺការដាក់ឱ្យមានគោលនយោបាយច្បាស់លាស់ មានស្ដង់ដាលើការអនុវត្ដការងារ (រួមបញ្ជូលទាំងតារាងលំហូរការងារយ៉ាងលម្អិត និង ប្រកាសនានាជាអាទ៍ដូចបទបញ្ជា និងសេចក្ដីណែនាំនានា ដើម្បីឆ្លើយតបភាពចាំបាច់ នៃប្រតិបត្ដិការស្ថាប័ន ឬក្រុមហ៊ុន និងចុងក្រោយគឺការពិនិត្យនិងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងស្ដង់ដាអនុវត្ដន៍ការងារក្នុងពេលរយៈពេលដ៏សមស្រប។ក្នុងអត្ថបទនេះដែរ យើងនឹងមិនលើកអំពីការចងក្រង ឬដំណើរការ នៃការធ្វើឯកសារនីមួយៗទេ តែយើងនឹងនិយាយពីហេតុផល ដែលនាំឱ្យចំណុចខាងលើ ជាយន្ដការសម្រាប់ការតាមដាន និងពិនិត្យពីសុរចរិតភាពអនុវត្ដន៍ការងារបែបសាមញ្ញ និងមានប្រសិទ្ធិភាព។មូលហេតុទាំងនោះ គឺព្រោះតែការបណ្ដោយបុគ្គលអនុវត្ដការងារដោយចិត្ដឯង ប្រឈមនឹងហានិភ័យប្រតិបត្ដិការ ហិរញ្ញវត្ថុ និងឈានដល់កេរ្តិ៍ឈ្មោះស្ថាប័ន ឬក្រុមហ៊ុន។ ដូច្នេះ កត្ដា និងកម្រិតភាពស្មោះត្រង់ សេចក្ដីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវ ត្រូវបានកំណត់ និងចែងក្នុងគោលនយោបាយ និងស្ដង់ដាអនុវត្ដន៍ការងារ តាមនាយកដ្ឋាននីមួយៗ។ គណៈគ្រប់គ្រងស្ថាប័ន ឬក្រុមហ៊ុនមានក្ដីរំពឹងទុកខ្ពស់ពីប្រធាននាយកដ្ឋាន (Head of Department) លើការចងក្រង អនុវត្ដ និងតាមដានគោលនយោបាយ និងស្ដង់ដាអនុវត្ដន៍ការងារ ដែលបណ្ដាលឱ្យមានការចរចារគ្នាជាលាយលក្ខណ៍អក្សរក្នុងរូបភាពជាកិច្ចសន្យាការងារ ឬឯកសារ ឬកិច្ចប្រជុំផ្សេងៗ។ក្រោយការព្រមព្រៀង ប្រធាននាយកដ្ឋាន ត្រូវតែមានផែនការលម្អិត និងមានគោលដៅប្រចាំឆ្នាំច្បាស់លាស់ ដោយមានការពិភាក្សាយ៉ាងលម្អិត និងការអនុម័តពីគណៈគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ដូចគ្នានេះដែរ ការអនុវត្ដការងារទាំងអស់ ប្រធាននាយកដ្ឋានត្រូវតែកំណត់ និងចែងយុទ្ធសាស្រ្ដឱ្យច្បាស់លាស់ និងគ្រប់គ្រងផ្ទាល់ និងត្រូវតែធានាថាផែនការប្រចាំឆ្នាំនឹងអាចសម្រេចតាមគោលដៅបានប្រកបដោយទំនុសខុសត្រូវ ក្រមសីលធម៌ និងក្រមវិជ្ជាជីវៈ។ បន្ថែមទៀត ប្រធាននាយកដ្ឋាន មានតួនាទី ចែករំលែកយុទ្ធសាស្រ្ដអនុវត្ដន៍ដែលមានប្រសិទ្ធភាព វិធីសាស្រ្ដអនុវត្ដការងារជាក់ស្ដែងពិតប្រាកដ និងលម្អិតមិនយោងលើទ្រឹស្ដីតែមួយមុខគត់នោះទេ ផ្ដល់ការបង្ហាត់បង្រៀនដោយសកម្មដល់សមាជិកក្រុម និងធានាថាសមាជិកក្រុមយល់ និងទទួលយកផែនការប្រចាំឆ្នាំដែលមានកាលកំណត់ ដើម្បីបំពេញតាមការបែងចែកការងារដែលមានសមតុល្យ និងអព្យាក្រឹត។ លើសពីនេះ ប្រធាននាយកដ្ឋាន ដើរតួយ៉ាងសំខាន់ក្នុងតាមដានរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយក៏រួមបញ្ចូលការធានាថា ឯកសារការងារត្រូវបានរៀបចំឡើង និងទុកដាក់បានត្រឹមត្រូវ។ ចំណុចសំខាន់បំផុតចុងក្រោយ នៃដំណើរការនេះ គឺការពិនិត្យ និងធ្វើបច្ចុប្បន្នភាព គោលនយោបាយ និងស្ដង់ដាអនុវត្ដន៍ការងារ។ ដោយសាររាល់សកម្មភាពអនុវត្ដន៍ការងារ រាល់បញ្ហា គ្រប់ដំណោះស្រាយនានានៃនាយកដ្ឋាន សុទ្ធសឹងតែឆ្លងកាត់ និងសម្រេចដោយប្រធាននាយកដ្ឋាន ដូច្នេះប្រធាននាយកដ្ឋាន គឺជាបុគ្គលយ៉ាងសំខាន់តែម្នាក់គត់ ក្នុងការដឹកនាំធ្វើបច្ចុប្បន្នភាព និងចងក្រងជាឯកសារ។ បន្ទាប់មក ប្រធាននាយកដ្ឋាន ត្រូវតែមាន ការបង្ហាត់បង្ហាញផ្ទាល់ពីអ្វីដែលខ្លួនបានចងក្រង និងការបង្រៀនជាផ្លូវការមួយដល់សមាជិកក្រុម និងបុគ្គលិកពាក់ព័ន្ធដើម្បីធានាថា បញ្ហាដែលបានឆ្លងកាត់នឹងមិនមានប្រឈមម្ដងទៀតក្នុងរូបភាពដដែល និងត្រៀមសម្រាប់បញ្ហាថ្មី។ប្រធាននាយកដ្ឋាន ត្រូវធានាថា ការអនុវត្ដរាល់ចំណុចខាងលើ បូករួមទាំងសកម្មភាពផេ្សងៗ ឯកសារចងក្រងឡើងត្រូវមានតម្លាភាព បញ្ជាក់ពីទំនួលខុសត្រូវ និងវិសាលភាពច្បាស់លាស់ ឈរលើគោលការណ៍ក្រមសីលធម៌ និងក្រមវិជ្ជាជីវៈ មជ្ឈដ្ឋានការងារប្រកបសេរីភាពក្នុងការបញ្ជេញមតិដោយគ្មានការរើសអើង និងស្មើភាពគ្នា និងត្រូវមានវិធានការរំឭកចំណុចទាំងនេះ យ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនជាប្រចាំថ្ងៃរាល់ពេលអនុវត្ដ។ សកម្មភាពសាមញ្ញខាងលើនេះ គឺជាផ្នែកមួយនៃការឆ្លុះបញ្ជាំងពីភាពស្មោះត្រង់ សេចក្ដីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវអនុវត្ដការងារ ហើយក៏ផ្នែកមួយចូលរួម ដើម្បីធានាអោយស្ថាប័ន ឬក្រុមហ៊ុន មានស្ថេរភាពប្រតិបត្ដិការ និងនិរន្ដរភាពអាជីវកម្ម។ បញ្ជាក់ថា ក្រៅពីសាមីនាយកដ្ឋានទទួលខុសត្រូវផ្ទាល់ សកម្មភាពក៏ត្រូវការចូលរូមពីនាយកដ្ឋានពាក់ព័ន្ធ និងនាយកដ្ឋានជំនាញផេ្សងៗដែរ យោងលើចង្វាក់ការងារ តម្រូវការ និងថវិកាជាក់ស្ដែង។ជាចុងក្រោយ អត្ថបទនេះសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង រាល់ចំណុចនីមួយៗដកស្រង់ពីឯកសារយោងនានា និងបទពិសោធន៍ផ្ទាល់ ដូច្នេះវាមិនមែនជាសម្អាងសម្រាប់ក្នុងការយកទៅអនុវត្ដការងារជាក់ស្ដែង នៃស្ថាប័ន ឬក្រុមហ៊ុន ឬបុគ្គលដែលបានឆ្លងកាត់អត្ថបទនេះទេ។ យើងខ្ញុំសូមបដិសេធ និងមិនទទួលខុសត្រូវលើកត្ដាហានិភ័យនានាចេញពីការយល់ និងអនុវត្ដតាមចំណុចណាមួយឬទាំងស្រុង ដែលបានបរិយាយក្នុងអត្ថបទនេះទេ។ ដោយឡែក ដើម្បីជាការចូលរួមមតិ យើងខ្ញុំណែនាំសូមឱ្យមានការប្រឹក្សា និងឆ្លងយោបល់ជាមួយអ្នកជំនាញប្រចាំស្ថាប័ន ឬក្រុមហ៊ុន ឬអ្នកជំនាញសេវាកម្មក្រៅជាមុនសិន ដើម្បីសិក្សា និងស្វែងយល់អំពីហានិភ័យនានាមុននឹងអនុវត្ដ និងអនុម័ត៕
ដកស្រង់ចេញពី៖
https://www2.deloitte.com/am/en/pages/about-deloitte/articles/vision-values-strategy.html
https://www.forbes.com/sites/karagoldin/2019/02/26/five-ways-to-demonstrate-your-integrity-at-work/?sh=becd81c2808e
https://global.theiia.org/standards-guidance/mandatory-guidance/Pages/Core-Principles-for-the-Professional-Practice-of-Internal-Auditing.aspx
https://sacsconsult.com.au/blog/integrity-measure-it/
https://www.ncbi.nlm.nih.gov/books/NBK208721/