អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “សើចច្រើនកើនអាយុ”
អត្ថបទដោយ : ប៉ាំង លាងស៊ីម

ជីវិតនៅវ័យកុមារ ជាជីវិតមួយពោរពេញទៅដោយភាពសប្បាយរីករាយ ក្មេងៗមិនសូវមានទុក្ខកង្វល់ច្រើនដូចជាមនុស្សចាស់នោះទេ។ ក្នុងមួយថ្ងៃៗ កុមារសើចច្រើនដោយសារតែពួកគេមិនសូវមានទំនួលខុសត្រូវខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងគ្រួសារ។ លុះដល់ពេលមនុស្សចម្រើនវ័យកាលណា ភាពទំនួលខុសត្រូវក៏ចាប់ផ្តើមឈានមកដល់ជាបណ្តើរៗ ជាហេតុនាំឱ្យការសើចរបស់មនុស្សមានការថមថយទៅតាមវ័យនោះដែរ តែទោះជាបែបនេះក្តីសូមកុំបណ្តែតបណ្តោយឱ្យជីវិតរបស់យើងប្រែប្រួលនូវការសើច និងភាពសប្បាយរីករាយក្នុងឆាកជីវិតដ៏សែនខ្លីនេះឱ្យសោះ។
ការសើចជួយពង្រឹងសុខភាពផ្លូវចិត្តរបស់មនុស្ស ហើយក៏ប្រៀបបាននឹងការហាត់ប្រាណ ព្រោះសាច់ដុំប្រហែល៣០កំពុងធ្វើការអំឡុងពេលសើច។ ការសើច វាអាចកម្ចាត់ជាតិពុលចេញពីរាងកាយ។ ដោយសារតែពេលសើចអារម្មណ៍ និងរាងកាយរបស់អ្នកមានទំនាក់ទំនងនឹងគ្នា វាធ្វើឱ្យអ្នកប្រើប្រាស់សាច់ដុំជាច្រើននៅពេលដែលអ្នកសើច។ ការសើចគឺជាថ្នាំល្អបំផុត។ ការសើចពិតជាមានសារៈសំខាន់ និងត្រូវបានគេបង្ហាញថាមានគុណប្រយោជន៍ជាច្រើនចំពោះរាងកាយរបស់មនុស្ស។
១. បញ្ចុះសម្ពាធឈាម
អ្នកដែលកំពុងបញ្ចុះសម្ពាធឈាម ឬសូម្បីតែអ្នកដែលទើបតែចាប់ផ្តើមមានសម្ពាធឈាមនៅកម្រិតធម្មតាវិញ នឹងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។
២. បន្ថយកម្រិតអ័រម៉ូនស្ត្រេស
ដោយការកាត់បន្ថយកម្រិតនៃអ័រម៉ូនស្ត្រេស អ្នកក៏កំពុងកាត់បន្ថយជំងឺថប់អារម្មណ៍ និងស្ត្រេសដែលប៉ះពាល់ដល់រាងកាយរបស់អ្នក។ លើសពីនេះទៀត ការកាត់បន្ថយអ័រម៉ូនស្ត្រេសអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពរឹងមាំកាន់តែខ្លាំង។
៣. ធ្វើលំហាត់ប្រាណក្បាលពោះ
អត្ថប្រយោជន៍មួយនៅក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃការសើច គឺវាអាចជួយសម្រកក្បាលពោះរបស់អ្នក។ នៅពេលដែលអ្នកសើច សាច់ដុំក្បាលពោះរបស់អ្នកនឹងកន្ត្រាក់ ស្រដៀងទៅនឹងពេលដែលអ្នកធ្វើលំហាត់ប្រាណក្បាលពោះដែរ។ ទន្ទឹមនឹងនេះ សាច់ដុំដែលអ្នកមិនប្រើពេលសើចក៏មានពេលសម្រាក។ ដូច្នេះ សូមសើចឱ្យបានច្រើន ប្រសិនបើអ្នកចង់បានក្បាលពោះរាបស្មើ ។ សើចជួយដល់ការសម្រកទម្ងន់ ព្រោះការសើចបានដុតបំផ្លាញកាឡូរី។ តាមការសិក្សាបានបង្ហាញថា ការសើចរយៈពេល១០ ទៅ១៥នាទីក្នុងមួយថ្ងៃដុតបំផ្លាញកាឡូរីប្រមាណ៤០កាឡូរី។
៤. ជួយសុខភាពបេះដូងមានភាពប្រសើរឡើង
ការសើចគឺជាការធ្វើលំហាត់ប្រាណបេះដូងមួយដ៏ល្អ ជាពិសេសចំពោះអ្នកដែលមិនអាចធ្វើលំហាត់ប្រាណផ្សេងទៀតដោយសារតែការរងរបួស ឬមានជំងឺ។ នៅពេលដែលអ្នកសើច បេះដូងរបស់អ្នកធ្វើការច្របាច់ឈាម និងដុតបំផ្លាញបរិមាណកាឡូរីស្រដៀងគ្នាទៅនឹងការដើរយឺត ឬមធ្យម។ តាមការសិក្សាពីសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋ Maryland បានរកឃើញថា អ្នកជំងឺបេះដូង ដែលសើចតិចមានអាការឆាប់ខឹង និងប្រទូសរ៉ាយ ខ្លាំងជាងអ្នកជំងឺសើចបានច្រើន។
៥. បញ្ចេញអ័រម៉ូន Endorphins
អ័រម៉ូន endorphins ជាថ្នាំបំបាត់ការឈឺចាប់ពីធម្មជាតិរបស់រាងកាយ។ នៅពេលដែលអ្នកសើចរាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូន endorphins ដែលអាចជួយបន្ធូរបន្ថយការឈឺចាប់រ៉ាំរ៉ៃ និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។
៦. បង្កើនភាពស្និទ្ធស្នាល
បើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ បានរកឃើញថាការសើចដាក់គ្នាមុននឹងចាប់ផ្ដើមការសន្ទនា គឺអាចជួយបង្កើតភាពស្និទ្ធស្នាលរវាងគ្នាទៅវិញមក។ សម្រាប់ប្តីប្រពន្ធ ឬគូស្នេហ៍ការសើច ឬការញញឹមអាចជួយឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លាបង្កើនភាពទុកចិត្ត និងមានទំនាក់ទំនងល្អជាមួយគ្នាបានយូរអង្វែង។
៧. បង្កើនការចងចាំ
ការមើលកម្សាន្តជាមួយវីដេអូបែបសប្បាយ ឬកំប្លែងៗរយ:ពេល២០នាទី អាចជួយបំបាត់ភាពតានតឹង និងបង្កើនការចងចាំដល់ខួរក្បាល ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។
ដកស្រង់ចេញពី៖
https://vayofm.com/news/detail/105069-205289262.html