អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “តំបន់ទេសចរណ៍ទាំង៨កន្លែងលើពិភពលោកដែលមានពណ៌ចម្រុះទាក់ទាញបំផុត”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE#AmericanInterconSchool
តំបន់ទេសចរណ៍នានាពាសពេញពិភពលោក តែងតែទាក់ទាញចិត្តភ្ញៀវទេសចរទៅកាន់កន្លែងរបស់ខ្លួនជាមួយនឹងទិដ្ឋភាព ឬទេសភាពដែលមានភាពពិសេសខុសប្លែកពីកន្លែងមួយទៅកន្លែងមួយ។ ជាក់ស្ដែងដូចជាតំបន់ទេសចរណ៍ទាំង៨កន្លែងខាងក្រោមនេះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរជាខ្លាំងចំពោះទស្សនីយភាពដែលមានពណ៌ចម្រុះស្រស់ស្អាតប្លែករបស់ខ្លួន។
១. កោះពណ៌ស្វាយ (Purple Island) ប្រទេសកូរ៉េខាងត្បូង :
កោះពណ៌ស្វាយដ៏ល្បីមួយនេះ មានទីតាំងនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។ ចំណុចនៃពណ៌ស្វាយដ៏ទាក់ទាញលើកោះនេះ ដោយសារតែវាមានដើមផ្កា Lavender ច្រើនជាង៤ម៉ឺនដើម រួមទាំងផ្កាចម្រុះច្រើនប្រភេទទៀត ដែលមានពណ៌ស្រដៀងគ្នានេះ។ ជាមួយគ្នានេះដែរ ដើម្បីឱ្យសោភ័ណភាពកោះរឹតតែមានភាពទាក់ទាញ អ្នកនៅលើកោះបានធ្វើការលាបពណ៌ទៅលើផ្ទះ ផ្លាកសញ្ញា ឡាន និងស្ពានជាដើមជាមួយនឹងពណ៌ស្វាយទាំងអស់ ដែលមើលទៅពិតជាពោរពេញដោយក្ដីសុខខ្លាំងចំពោះអ្នកដែលចូលចិត្ត និងស្រឡាញ់ពណ៌មួយនេះ ។
២. បឹង Grand Prismatic Spring នៅសហរដ្ឋអាមេរិក :
Grand Prismatic Spring គឺជាបឹងដ៏ធំបំផុតមួយក្នុងសហរដ្ឋអាមេរិក ដែលមានទីតាំងនៅឧទ្យានជាតិYellowston។ បឹងមួយនេះទទួលបានការទាក់ទាញខ្លាំង ដោយសារតែវាមានពណ៌ចម្រុះជាច្រើនដូចជាពណ៌ក្រហម ទឹកក្រូច លឿង បៃតង និងខៀវ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងបំផុត។
៣. ទីក្រុង Chefchaouen ប្រទេស Morocco :
Chefchaouen ស្គាល់ឈ្មោះមួយទៀតថាជាទីក្រុងខៀវ ដោយសារតែទេសភាពពាសពេញទីក្រុងមួយនេះគឺគ្របដណ្ដប់ដោយពណ៌ខៀវទាំងស្រុង។ ផ្ទះនៅក្នុងទីក្រុងទាំងអស់ត្រូវបានលាបពណ៌ខៀវ ប៉ុន្តែនៅរក្សាហេដ្ឋារចនាសម្ព័ន្ធបែបបុរាណរបស់ខ្លួនដែលមើលទៅខុសប្លែក ហើយលេចធ្លោបំផុត។
៤. ភូមិ Cinque Terre ប្រទេសអ៊ីតាលី :
Cinque Terre គឺជាដែនដីដ៏ល្បីល្បាញមួយប្រចាំប្រទេសអ៊ីតាលី ដែលទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៩៧។ ភូមិដ៏ស្រស់ស្អាតមួយនេះ លម្អដោយផ្ទះរាប់រយសាងសង់ជាប់ៗគ្នា ជាមួយនឹងការលាបពណ៌ផ្ទះលេចៗ មើលទៅប្រៀបដូចជាផ្ទាំងរូបគំនូរ ។
៥. ទន្លេ Cano Cristales ប្រទេស Colombia :
ទន្លេ Cano Cristales គឺជាទន្លេដែលមានពណ៌ចម្រុះមួយ មានទីតាំងនៅឧទ្យានជាតិ Macarena ប្រទេស Colombia។ ជាមួយនឹងផ្ទៃទឹកថ្លាដូចកញ្ចក់ឆ្លុះដល់បាត បង្ហាញពីការប្ដូរពណ៌ចម្រុះខុសប្លែកៗពីគ្នាពីមួយខែទៅមួយខែជារៀងរាល់ឆ្នាំ។ ទន្លេមួយនេះដែរ ក៏ត្រូវបានគេស្គាល់ថាជា «ទន្លេឥន្ទធនូ» ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកកម្សាន្តទីនេះរៀងរាល់ឆ្នាំ ។
៦. ទីក្រុងចំណាស់ Bo-Kaap (Cape Town ប្រទេសអាហ្វ្រិកខាងត្បូង) :
ទីក្រុងចំណាស់ជាមួយផ្ទះថ្មដ៏ស្រស់ស្អាត និងមានពណ៌ចម្រុះជាច្រើន មានទីតាំងស្ថិតនៅកណ្ដាលក្រុង
Cape Town។ ស្ថាបត្យកម្មនៃសំណង់អគារនីមួយៗក្នុងទីក្រុងនេះ មានលក្ខណៈបុរាណ ប៉ុន្តែលេចធ្លោជាខ្លាំង ដែលជាហេតុធ្វើឱ្យមានភាពទាក់ទាញចំពោះភ្ញៀវទេសចរតាមបណ្ដាប្រទេសនានាលើពិភព លោក។
៧. ភូមិ Gamcheon ប្រទេសកូរ៉េខាងត្បូង :
ភូមិ Gamcheon គឺជាភូមិបុរាណមួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជាមួយនឹងទស្សនីយភាពនៃកូនផ្ទះតូចៗ ចម្រុះពណ៌ សាងសង់ជាប់ៗគ្នា។ តាមប្រជាជននៅតំបន់នោះបាននិយាយថា រាល់រូបភាព និងការលាបពណ៌ទាំងអស់នៅទីនោះសុទ្ធតែមានអត្ថន័យរបស់ពួកគេរៀងៗខ្លួន ។
៨. រូងភ្នំ Batu ប្រទេសម៉ាឡេស៊ី :
រូងភ្នំ Batu គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសម៉ាឡេស៊ី ដែលកម្រមានអ្នកទេសចរណារំលងឡើយ។ កន្លែងទេសចរណ៍មួយនេះ តែងតែទទួលបានការចូលទស្សនាពីភ្ញៀវប្រមាណ៥០០០ នាក់ជារៀងរាល់ថ្ងៃ។ អ្វីដែលទាក់ទាញបំផុត គឺកាំជណ្ដើរឥន្ទធនូចំនួន២៧២កាំ រួមជាមួយនឹងរូបសំណាកនៃព្រះប្រចាំសាសនាហិណ្ឌូ ដែលមានពណ៌ចម្រុះប្លែកដែរនោះ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
ស្អាតណាស់! តំបន់ទេសចរណ៍ ៨ កន្លែងលើពិភពលោក មានពណ៌ចម្រុះទាក់ទាញបំផុត