អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “សីដក់”
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
#MJQE#AmericanInterconSchool
សីដក់ ឬសីមេលោង ជាប្រភេទល្បែងបែបប្រពៃណីមួយដែលមានលក្ខណៈពហុសាសន៍ដោយសារតែប្រទេសភាគច្រើននៅទ្វីបអាស៊ីសុទ្ធតែអះអាងថា វាជាប្រភេទកីឡាដែលដូនតារបស់ពួកគេបន្សល់ទុកឱ្យទើបគេបានកដាក់ឈ្មោះឱ្យវាថា សីប៉ាក់តាក្រ។ សម្រាប់ប្រទេសកម្ពុជាគេហៅថាសីដក់ ឬសីមេលោង មានរឿងព្រេងខ្មែរជាច្រើនបានអះអាងពីការលេងសីដក់នេះដូចជាក្នុងរឿងឃុនឆាង-ឃុនផែនជាដើម។
រូបរាង :
សីដក់ ឬសីមេលោងជាប្រភេទសីដែលត្បាញដោយបន្ទះផ្ដៅ ចាក់ជាក្រឡា៤ជ្រុងតូចៗដោយរក្សាទម្រង់សីនេះឱ្យមូលសម្រាប់ទាត់នឹងខ្នងជើង។ សីមួយប្រភេទទៀតត្បាញពីបន្ទះផ្ដៅដែរ ដែលសីប្រភេទនេះសម្រាប់ទាត់នឹងខ្នងជើង កែងដៃ ជង្គង់ ក្បាលជាដើម។ សីមួយប្រភេទទៀតដែលធ្វើពីស្លាបសត្វនោះគេហៅថាជាប្រភេទសីពែន។ សីដក់ និងសីមេលោងនេះមានប្រវត្តិនៅលើទឹកដីកម្ពុជាប្រមាណជាង៥០០ឆ្នាំមកហើយ។ សីនេះគេលេងដោយឈរជាវង់ ហើយទាត់ឱ្យគ្នាទៅវិញទៅមកដោយពួកគេអាចប្រើស្មា ជង្គង់ ក្បាលជាដើម។ ការលេងនេះសម្រាប់អ្នកដែលធ្វើឱ្យសីធ្លាក់ដីនោះគេអាចពិន័យដោយដាក់កន្ទុយ បង្អកស្រា ឬប្រើពាក្យចំអកឱ្យទៅតាមការនិយមនៃតំបន់នីមួយៗ។
ការវិវត្តនៃសីដក់ ឬសីមេលោងនៅអាស៊ី :
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ សីប៉ាក់តាក្រនេះបានវិវត្តន៍យ៉ាងស្មុគស្មាញ ហើយប្រទេសមួយចំនួនបានប្រកាសជាចំហថាសីនេះមានកំណើតនៅក្នុងប្រទេសរបស់គេ។ ឆ្នាំ១៩៣០ ប្រទេសថៃ និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់បានប្រជែងគ្នាដោយអះអាងថាសីនេះជារបស់ខ្លួន។ ការប្រជែងដោយគ្មានឈ្នះគ្មានចាញ់បែបនេះទើបប្រទេសទាំងនោះ ឯកភាពគ្នាដាក់ឈ្មោះឱ្យសីនេះដោយមិនឱ្យនរណាចំណេញលើនរណាឡើយ។ ឈ្មោះដែលគេដាក់កាលនោះ គឺសីប៉ាក់រ៉ាហ្គាហ្សារីង (Sepak Raga Jaring)។ ចំណេរក្រោយមកសីនេះ គេបានឯកភាពគ្នាប្ដូរទៅជាសីប៉ាក់តាក្រវិញទល់សព្វថ្ងៃ។ ជាមួយនឹងការដាក់ឈ្មោះថ្មីនោះសីប៉ាក់តាក្រគេច្នៃវាឱ្យទៅជាប្រភេទកីឡាដែលលេងដោយមានទីលានត្រឹមត្រូវ ហើយគេក៏បានចងក្រងជាច្បាប់-ក្បួនសម្រាប់ប្រកួត។ វាមិនទាន់ក្លាយជាប្រភេទកីឡាអូឡាំពិកទេ តែសីនេះមានប្រកួតរហូតដល់ជើងឯកតាមតំបន់-ទ្វីប និងពិភពលោកទៀតផង ។
របៀបលេង :
សីដក់ ឬសីមេលោងលេងម្ខាង០៣នាក់ដោយមិនគិតពីកីឡាករបម្រុងនោះទេ តែនៅក្នុងការប្រកួតក្រុមនីមួយៗអនុញ្ញាតឱ្យមានកីឡាករតែ០៤នាក់ប៉ុណ្ណោះ ដោយរាប់ទាំងកីឡាករបម្រុងម្នាក់ផង។ កីឡាករបម្រុងម្នាក់នោះអាចផ្លាស់ប្ដូរបានរហូតដូចកីឡាបាល់ទះដែរ។ លក្ខខណ្ឌនៃការប្រកួតបើមានក្រុមណាមួយឈ្នះ២សិតជាប់គ្នានោះ គឺបានឈ្នះជាស្ថាពរ។ តាមធម្មតាមួយសិតមាន១៥ពិន្ទុ តែក្នុងករណីការប្រកួតឈ្នះ-ចាញ់មួយសិតម្នាក់នោះ គឺត្រូវលេងសិតទី៣ទៀត ដើម្បីរកអ្នកចាញ់អ្នកឈ្នះដែលសិតទី៣ នេះលេងដោយកំណត់ពិន្ទុតែ៦ប៉ុណ្ណោះ ហើយលេងបាន៣ពិន្ទុនឹងធ្វើការផ្លាស់ប្ដូរតារាងគ្នា។ កីឡានេះលេង៣ប៉ះដូចបាល់ទះដែរ ហើយគេអាចប្រើក្បាលដើម្បីលេង។ ការលេង៣ប៉ះនេះខុសពីបាល់ទះដោយកីឡាករតែម្នាក់ឯងអាចលេងបានទាំង៣ប៉ះដោយគ្មានបញ្ហា។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://km.wikipedia.org/wiki/%E1%9E%9F%E1%9E%B8%E1%9E%8A%E1%9E%80%E1%9F%8B