អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ឆៃយុំា”
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool
ឆៃយ៉ាំ គឺជាទម្រង់សិល្បៈដែលមានប្រជាប្រិយភាព និងភាពរស់រវើកអាចទាក់ទាញអារម្មណ៍អ្នកមើល និងអ្នកស្ដាប់ឱ្យរំភើបបាន។ វង់តន្ត្រីឆាំយ៉ាំមិនមានលេងជាសាច់ភ្លេងដែលមានបទបែបជាចម្រៀងនោះទេ។ នៅតាមជនបទស្រុកស្រែចម្ការ ជាពិសេសនៅក្រោយរដូវច្រូតកាត់រួច ប្រជាពលរដ្ឋខ្មែរយើងតែងតែរៀបចំប្រារព្ធពិធីបុណ្យទានផ្សេងៗជាទីរីករាយមានដូចជា បុណ្យផ្កា បុណ្យកឋិនទាន និងបុណ្យបំបួសនាគជាដើម។ ដោយសារប្រជាប្រិយភាព និងភាពទាក់ទាញនៃវង់តន្ត្រីនេះ ខ្មែរយើងនិយមយកវង់នេះទៅសម្ដែងនៅក្នុងពិធីបុណ្យទាំងឡាយខាងលើ ដើម្បីញ៉ាំងឱ្យពិធីមានភាពរីករាយ និងអធិកអធម។
វង់តន្ត្រីឆៃយ៉ាំ មានប្រើតែឧបករណ៍មួយចំនួនតូចមានដូចជា ស្គរឆៃយ៉ាំ៤ (ឬអាចតិចជាង ឬច្រើនជាង) ធ្វើពីខ្លឹមខ្នុរប្រវែងប្រមាណ១.៤ម៉ែត្រ និងទទឹងមុខស្គរប្រមាណ០.២០ម៉ែត្រ ពាសដោយស្បែកគោ មានចងរំភាយក្រណាត់សំពត់ពណ៌ខៀវ ក្រហម លឿង និងបៃតង ដោយជីបជាពីរ ឬបីស្រទាប់ដេរភ្ជាប់ជាមួយនឹងអង្កាំទៀតផង។ រីឯការចងខ្សែ គឺដើម្បីឱ្យអ្នកវាយពាក់ឆៀងនឹងស្មាឈរវាយទះដោយប្រើដៃទទេ។ គេបិទបាយពាសនៅចំកណ្ដាលស្បែក ដើម្បីឱ្យឮសូរធ្ងន់ និងពិរោះ។ គេរឹតស្គរពីរធូរល្មម និងស្គរពីរទៀតតឹង ដើម្បីដល់ពេលវាយទៅឱ្យឆ្លើយឆ្លងគ្នាពីរោះល្អ។ វង់តន្ត្រីឆៃយ៉ាំមានគ្រាប់១គូ គងម៉ុង១ ឆាប១គូ និងឈិង១គូទៀត។ វង់ឆៃយ៉ាំខ្លះ ក៏មានបន្ថែមនូវឧបករណ៍ទ្រ១ផងដែរ។
ទោះបីមានជើងស្គរដែលអ្នកវាយស្គរត្រូវវាយតាម គេអាចវាយបំភ្លៃសម្បូណ៌បែបទៅតាមទេពកោសល្យរបស់អ្នកវាយស្គរម្នាក់ៗ។ យើងសង្កេតឃើញថា តន្ត្រីករ និងអ្នករាំនៅក្នុងវង់តន្ត្រីឆៃយ៉ាំស្លៀកពាក់តុបតែងខ្លួន លាបមុខ និងធ្វើសក់បែបកំប្លុកកំប្លែង ដែលទាក់ទាញ និងធ្វើឱ្យទស្សនិកជនមានភាពសប្បាយរីករាយ។ ភាពរស់រវើករំភើបចិត្ត និងទាក់ទាញរបស់វង់តន្ត្រីឆៃយ៉ាំ គឺស្ថិតនៅលើចង្វាក់រន្ថើននៃស្គរឆៃយ៉ាំ និងចលនាក្រមិចក្រមើមរបស់អ្នកវាយស្គរ និងអ្នករាំ។ ចំណែកអ្នកនាំមុខនៅក្នុងវង់តន្ត្រីឆៃយ៉ាំ ស្រែកនូវឃ្លាមួយចំនួនដែលត្រូវឆ្លើយដោយតន្ត្រីករឯទៀតនៅក្នុងក្រុម។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://ams.com.kh/khmercivilization/detail/1252