អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ឧស្សាហកម្មកម្សាន្តរបស់ពិភពលោករងផលប៉ះពាល់ជាសាកលដោយសារជំងឺកូវីដ-១៩”
អត្ថបទដោយ : ហ៊ុល សារួន

ផលវិបាកជាសាកលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ មានទំហំធំធេងបំផុតដោយស្ទើរតែគ្រប់វិស័យរបស់ប្រទេសនីមួយៗនៅលើសាកលលោកត្រូវបានរាំងស្ទះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដោយឡែកសម្រាប់វិស័យឧស្សាហកម្មកម្សាន្ត (Entertainment Industry) ជាពិសេសវិស័យផលិតកម្មខ្សែភាពយន្ត និងទូរទស្សន៍ល្បីៗរបស់ពិភពលោក
ក៏ត្រូវបានទទួលរងនូវការខាតបង់យ៉ាងខ្លាំងផងដែរ។
តាមការស្រាវជ្រាវក្នុងរយៈពេលជាង១ឆ្នាំមកនេះ ដោយសារជំងឺកូវីដ១៩ វិស័យឧស្សាហកម្មកម្សាន្ត ជាពិសេសឧស្សាហកម្មផលិតខ្សែភាពយន្ត (Film Industry) របស់ពិភពលោកទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយខាតបង់ទឹកប្រាក់ជាច្រើនពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០១៩។ ការផលិតកម្មខ្សែភាពយន្ត ការចាក់ផ្សាយវីដេអូតាមអ៊ីនធឺណែត កម្មវិធីកម្សាន្ត ផលិតកម្មល្ខោន កម្មវិធីកីឡា ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងការសម្តែងពាណិជ្ជកម្មដែលធ្លាប់តែត្រូវបានពេញនិយមសម្រាប់មហាជន ឥឡូវត្រូវបានបង្រួមមកតូចចង្អៀតបំផុតដែលនៅសល់ប្រមាណតែប្រហែល៣០% តែប៉ុណ្ណោះ។
កម្មវិធីដែលបានគ្រោងទុកសម្រាប់ការផលិត និងដាក់ឱ្យដំណើការកម្សាន្តផ្សេងៗនៃក្រុមហ៊ុនល្បីៗរបស់ពិភពលោកត្រូវបានពន្យារពេល ឬលុបចោល ហើយក្រុមហ៊ុនជាច្រើនត្រូវបានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។ តាមការស្រាវជ្រាវតំបន់ឧស្សាហកម្មភាពយន្តដែលទទួលរងនូវផលប៉ះពាល់ជាងគេរួមមាន អាមេរិកខាងជើង អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងៗទៀតនៃពិភពលោកទាំងមូល។ តំបន់អាស៊ីប៉ាស៊ីហ្វិក (ចិន) និងអឺរ៉ុប (អ៊ីតាលី អេស្ប៉ាញ បារាំង និងអាឡឺម៉ង់) គឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេ។
ដោយឡែក ក្រុមហ៊ុនកម្សាន្តដែលទទួលរងនូវផលប៉ះពាល់ជាងគេដោយសារជំងឺរាតត្បាតកូវីដ-១៩ រួមមាន Warner Bros, Sony Pictures Motion Picture Group, Walt Disney Studios, Universal Pictures, 20th Century Fox, Paramount Pictures, China Film Group Corp., Netflix Inc., Hulu LLC, Apple Inc. ព្រមទាំងក្រុមហ៊ុនដទៃទៀតផងដែរ។ ផលិតកម្មហូលីវូដមួយចំនួនត្រូវរងផលប៉ះពាល់ដោយសារតែការផ្ទុះឡើងនៃជំងឺ ហើយផលិតកម្មថតនៅតំបន់ផ្ទុះ ជាពិសេសនៅប្រទេសចិន សហរដ្ឋអាមេរិក អ៊ីតាលី និងកូរ៉េខាងត្បូង ត្រូវបានរឹតត្បិតក្នុងការផលិត និងធ្វើការផ្លាស់ប្តូរកាលវិភាគ ទីតាំង ឬក៏ត្រូវបានបិទទាំងស្រុង។
ប៉ុន្តែទោះបីជាទទួលរងនូវការប៉ះពាល់ខ្លាំងយ៉ាងណាក៏ដោយ ដោយមានការជ្រោមជ្រែងពីរដ្ឋាភិបាល ក្រុមហ៊ុនទាំងនោះកំពុងព្យាយាមរកមធ្យោបាយផ្សេងៗដោយផលិតកម្មវិធីតម្រូវតាមការទស្សនា ជាពិសេសតាមរយៈបណ្តាញសង្គម(Social Media) វិញ តួយ៉ាងដូចជាក្រុមហ៊ុន Netflix បានដាក់ឱ្យដំណើរការកម្មវិធី Google Chrome ដែលមានឈ្មោះថា Netflix Party ដើម្បីឱ្យអ្នកប្រើប្រាស់អាចទាញមើលកម្មវិធីកម្សាន្ត (Online Video) បាន។
ដកស្រង់ចេញពី៖
– https://www.researchandmarkets.com/
– https://www.natlawreview.com