អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើបច្ចេកវិទ្យាអាចចូលមកជំនួសការបង្រៀនរបស់គ្រូបានដែរឬទេ?”
អត្ថបទដកស្រង់ដោយ : ញឹម ពិសិដ្ឋ
#MJQE#AmericanInterconSchool
ក្នុងសម័យទំនើបនេះ បច្ចេកវិទ្យាកំពុងតែចូលមកជំនួសអ្វីៗជាច្រើនរួមទាំងការអប់រំផងដែរ។ ការរៀនសូត្រនៅពេលបច្ចុប្បន្ននេះគឺមានភាពងាយស្រួលខ្លាំង ព្រោះយើងមិនចាំបាច់កាន់សៀវភៅ និងប៊ិក ដោយសារតែមានកម្មវិធីដែលអាចឱ្យយើងប្រើប្រាស់សម្រាប់សរសេរនៅលើឧបករណ៍អេឡិចត្រូនិចដូចជាទូរសព្ទ និងកុំព្យូរទ័របាន។ បច្ចេកវិទ្យាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងការរៀនសូត្រ ដោយសិស្សគ្រាន់តែអង្គុយនៅមុខកុំព្យូរទ័រនៅផ្ទះដើម្បីស្តាប់គ្រូបង្រៀនពីចម្ងាយ។ ចំណែកលោកគ្រូ អ្នកគ្រូវិញ ពួកគាត់មិនចាំបាច់ត្រូវមកបង្រៀនផ្ទាល់ក្នុងថ្នាក់នោះទេ។ ពួកគាត់អាចបង្រៀនពីចម្ងាយក្នុងទម្រង់ផ្សេងៗដូចជាវីដេអូបង្រៀនតាម Skype ឬ Zoom ជាដើម។
ដោយសារតែបែបនេះហើយ ទើបមានការលើកឡើងថា តើនាពេលអនាគតបច្ចេកវិទ្យាអាចជំនួសការបង្រៀនផ្ទាល់របស់គ្រូបានដែរឬទេ? ហើយតើបច្ចេកវិទ្យាទំនើបនេះល្អគ្រប់គ្រាន់ដើម្បីបង្រៀនកុមារឬទេ? វាជារឿងសំខាន់ដែលយើងត្រូវចងចាំថា គ្រូបង្រៀនគឺមិនគ្រាន់តែជាអ្នកសម្របសម្រួល និងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនោះទេ គ្រូបង្រៀនក៏ដើរតួជាអ្នកដឹកនាំ ណែនាំ យកចិត្តទុកដាក់ និងបំផុសគំនិតឱ្យសិស្សចេះស្រលាញ់ការសិក្សា និងចេះគោរពគ្នាទៅវិញទៅមក។ តួនាទី និងភារកិច្ចដ៏ធំធេងទាំងនេះគឺមិនអាចត្រូវបានជំនួសដោយបច្ចេកវិទ្យាទំនើបបានឡើយ។ បច្ចេកវិទ្យាមិនអាចបង្រៀនសិស្សឱ្យចេះជំនាញដែលអាចឱ្យសិស្សយកទៅដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ពួកគេបានទេ ឧទាហរណ៍ ជំនាញក្នុងការរៀនចេះសម្រេចចិត្ត ការគិតបែបស៊ីជម្រៅ និងការគ្រប់គ្រងពេលវេលាជាដើម។
សរុបសេចក្តីមក វាច្បាស់ណាស់ថាបច្ចេកវិទ្យាកំពុងជួយសិស្សក្នុងការសិក្សារបស់ពួកគេ ហើយវាក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនមានចំនុចពិសេសណាមួយមកធានាថា បច្ចេកវិទ្យាអាចចូលមកជំនួសការបង្រៀន បទពិសោធ និងទឹកចិត្តដ៍ធំធេងរបស់គ្រូបង្រៀនបានទេ។ ការបង្រៀនផ្ទាល់គឺនៅតែជាធាតុផ្សំដែលមិនអាចខ្វះបានក្នុងការអប់រំ។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://timesofindia.indiatimes.com/readersblog/my-musings/can-technology-replace-teachers-3234/