អត្ថបទដកស្រង់ដោយ: ដាង វិបុល
#MJQE#AmericanInterconSchool
ជនល្បីល្បាញនៅជុំវិញពិភពលោកធ្លាប់បានជជែកពិភាក្សាគ្នាយ៉ាងច្រើនទៅលើទស្សនៈដែលថា យើងគួរធ្វើអ្វីដែលយើងស្រលាញ់ (គឺស្វែងរកការងារដែលយើងមានចំណង់ចំណូលចិត្តទៅលើ)។ ប៉ុន្តែ ផ្អែកតាមការស្រាវជ្រាវបច្ចុប្បន្នបង្ហាញថា មនុស្សជាច្រើនមិនសូវចូលរួមឱ្យបានពេញលេញ មិនពេញចិត្ត និងមានការខកចិត្តនៅកន្លែងធ្វើការ ដូច្នេះវាអាចទៅរួចទេប្រសិនបើយើងប្ដូរទស្សនៈនេះទៅជា ស្រលាញ់អ្វីដែលយើងកំពុងធ្វើ គឺការងារបច្ចុប្បរបស់យើងវិញ។
ការរកការងារដែលយើងស្រលាញ់ពេញចិត្តគឺជាដំបូន្មានពីបុរាណ។ សុភាសិត ខុងជឺ ពោលថា “ធ្វើអ្វីដែលអ្នកស្រលាញ់”។ ពាក្យពេចន៍របស់គាត់ដែលថា “ជ្រើសរើសការងារដែលអ្នកពេញចិត្ត នោះអ្នកនឹងមិនចាំបាច់ធ្វើការសូម្បីតែមួយថ្ងៃនៅក្នុងជីវិត” ជាពាក្យពេចន៍ដ៏ល្បីល្បាញដែលត្រូវបានគេនិយាយតៗគ្នាពេញប្រវត្តិសាស្ត្រ។ ហើយមានទស្សនៈដ៏ល្បីល្បាញមួយទៀតរបស់ ម៉ាយ៉ា អេនជឺឡូ ដែលថា “…ស្វែងរកអ្វីដែលអ្នកចូលចិត្ត ហើយធ្វើវាឱ្យបានល្អរហូតដល់អ្នកដទៃទប់ស្ងើចសរសើរមិនបាន”។ បើដូច្នោះ តើមានអ្នកគាំទ្រទស្សនៈផ្ទុយពីនេះដោយប្រាប់មនុស្សថាត្រូវស្រលាញ់អ្វីដែលគេធ្វើដែរឬទេ? យើងមិនចាំបាច់រកឯណាឆ្ងាយទេ ស្ទីវចប បានឱ្យដំបូន្មានថា “វិធីដើម្បីធ្វើការបានល្អបំផុតនោះគឺស្រលាញ់អ្វីដែលអ្នកកំពុងធ្វើ”។ ការងារមានគឺច្រើនបែប ច្រើនសណ្ឋាន និងច្រើនតួនាទីណាស់ បើនិយាយឱ្យចំដំបូន្មានដែលថា “ស្វែងរកការងារដែលយើងពេញចិត្ត” គឺងាយទទួលយកទេសម្រាប់អ្នកដែលស្រលាញ់ការងាររបស់ខ្លួន ប៉ុន្តែសម្រាប់អ្នកដែលមិនស្រលាញ់ការងាររបស់ពួកគេ តើពួកគេត្រូវលាឈប់ពីការងារបច្ចុប្បន្ន ហើយស្វែងរកការងារក្នុងក្ដីស្រមៃដែលពួកគេចង់បានឬ? ឬក៏ពួកគេអាចរៀនរកឱ្យឃើញនូវអត្ថន័យ និងភាពជោគជ័យនៅក្នុងការងារបច្ចុប្បន្នរបស់ពួកគេបាន? ចម្លើយគឺពិតជាបាន។ នេះក៏ព្រោះថា តាមការស្រាវជ្រាវបង្ហាញថា ស្នាដៃដ៏អស្ចារ្យ (ដែលទទួលបានពានរង្វាន់ឆ្នើម) គឺកើតឡើងនៅពេលដែលមនុស្សផ្ដោតលើការធ្វើអ្វីមួយដែល “អ្នកដទៃ” ចូលចិត្ត។ ការសិក្សាអំពីស្នាដៃឆ្នើមបានបង្ហាញថា ៨៨% នៃស្នាដៃដែលទទួលបានរង្វាន់ឆ្នើម គឺផ្ដើមចេញពីបុគ្គលិកសួរខ្លួនឯងថា “តើខ្ញុំអាចធ្វើ ឬកែប្រែអ្វីបានដែលនឹងធ្វើឱ្យ “អ្នកដទៃ” ចូលចិត្ត?
ស្រលាញ់ការងាររបស់អ្នក វាគឺដើម្បីគេ មិនមែនខ្លួនឯងទេ៖
ការសិក្សាដែលបានធ្វើឡើងរួមគ្នារវាងស្ថាប័នពីរគឺវិទ្យាស្ថាន អូ.ស៊ី ថែនន័រ និង ហ្វប អ៊ីនសៃធ៍ បានរកឃើញថា រាល់កិច្ចការទាំងអស់ដែលត្រូវបានយកមកសិក្សា គឺសុទ្ធតែមានគោលបំណងរួមមួយដូចគ្នា ដោយកិច្ចការនោះផ្ដោតលើធ្វើយ៉ាងណាបង្កើតអ្វីថ្មីមួយដែលអ្នកដទៃនឹងចូលចិត្ត មិនមែនសំដៅលើការអនុវត្តការងាររបស់គេនោះទេ។ ពួកគេគឺមិនផ្ដោតលើខ្លួនឯងឡើយ ផ្ទុយទៅវិញ គឺផ្ដោតលើអ្នកដែលទទួលឥទ្ធិពលពីការងាររបស់ពួកគេ គឺអតិថិជន មិត្តរួមការងារដែលពឹងផ្អែកលើគេ អ្នកដឹកនាំដែលទុកចិត្តគេ សហគមន៍ដែលរំពឹងការគាំទ្ររបស់ពួកគេ ឬអ្នកដែលទទួលបានផលពីការងាររបស់គេ។
និយាយឱ្យចំគឺការស្រលាញ់ការងាររបស់អ្នកគឺជារឿងមួយ វាគឺជាសកម្មភាព និងការទទួលខុសត្រូវដែលអ្នកមានជាប្រចាំ។ ប៉ុន្តែ ការស្រលាញ់លទ្ធផល ឬឥទ្ធិពលដែលការងាររបស់អ្នកមានទៅលើអ្នកដទៃ គឺជារឿងមួយទៀត។ ប្រសិនបើអ្នកមិនស្អប់ការងាររបស់អ្នកទាំងស្រុងទេ ប៉ុន្តែគ្រាន់តែមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នកកំពុងធ្វើនោះ សូមសាកល្បងសង្កេតមើលលទ្ធផលដែលបានមកពីការងាររបស់អ្នក។ រកឱ្យឃើញថា តើវាជាជះឥទ្ធិពលយ៉ាងណាទៅលើអ្នកដទៃដូចជា មិត្តរួមការងារ អតិថិជន ក្រុមផ្សេងទៀត ឬនរណាក៏ដោយដែលទទួលបានផលពីការងាររបស់អ្នក។
សរុបទៅ មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចជ្រើសរើសការងារដែលខ្លួនចូលចិត្តទេ ហើយក៏មានអ្នកដែលអាចជ្រើសរើសបាន ប៉ុន្តែមិនដឹងថាខ្លួនឯងចូលចិត្តការងារអ្វី ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពបែបនេះ រឿងដែលគួរធ្វើនោះគឺរៀនស្រលាញ់អ្វីដែលយើងកំពុងធ្វើ ហើយធ្វើវាឱ្យបានល្អបំផុត។ ថ្ងៃណាមួយយើងនឹងរកឃើញអ្វីដែលយើងចង់ធ្វើយ៉ាងពិតប្រាកដ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.forbes.com/sites/davidsturt/2015/03/13/do-what-you-love-or-love-what-you-do/?sh=5d7131216ee9