អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព៖
ក្រោមប្រធានបទ “ការថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញ”
អត្ថបទដោយ : ខាត់ សុធា
#MJQE #American Intercon School
ធ្មេញជាសរីរាងមួយនៅក្នុងមាត់មានតួនាទីយ៉ាងសំខាន់ ដែលមនុស្សគ្រប់រូបប្រើប្រាស់គ្រប់វ័យ។ ធ្មេញមានមុខងារសម្រាប់បំបែកចំណីអាហារក្នុងមាត់ មុនពេលអាហារចូលទៅក្នុងក្រពះមនុស្សយើង។ ជាទូទៅ យើងតែងតែភ្លេចពីសុខភាពមាត់ធ្មេញ និងមិនសូវបានថែរក្សាសុខភាពមានត់ធ្មេញយើងឱ្យ បានខ្ជាប់ខ្ជួននោះទេ។ តាមប្រភពមួយបានប្រាប់ពីវិធីសាស្ត្រ៦យ៉ាងក្នុងការថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញរបស់លោកអ្នក។
១. ដុសធ្មេញឱ្យបានទៀងទាត់
លោកអ្នកត្រូវដុសធ្មេញឱ្យបានយ៉ាងតិច២ដង ក្នុង១ថ្ងៃតាមក្បួនខ្នាតត្រឹមត្រូវគឺ ដុសជារង្វង់ពីលើចុះ ក្រោមឱ្យបាន២ ទៅ៣នាទីដោយ ចៀសវាងការដុសខ្លាំងៗ និងកុំភ្លេចសម្អាតអណ្ដាត លោកអ្នកឱ្យបានល្អ។ លើសពីនេះទៀតនោះ លោកអ្នកគួរជ្រើសរើសយកច្រាសដុសធ្មេញណាដែលមានសរសៃច្រាសទន់ និងប្ដូររៀងរាល់៣ខែម្ដង ដើម្បីបញ្ចៀសពីកំណកបាក់តេរីនៅលើច្រាស។
២. ប្រើប្រាស់ថ្នាំដុសធ្មេញដែលមានផ្ទុកសារធាតុភ្លុយអររ៉ាយ (Fluoride)
ការប្រើប្រាស់ថ្នាំដុសធ្មេញដែលមានផ្ទុកជាតិភ្លុយអររ៉ាយ (Fluoride) ជួយការពារធ្មេញរបស់លោក
អ្នកពីការឆាប់ពុក បាក់ ព្រមទាំងជួយទ្រទ្រង់ឱ្យធ្មេញកាន់តែរឹងមាំ និងមានសុខភាពល្អ។
៣. ប្រើខ្សែសម្រាប់សម្អាតធ្មេញ
លោកអ្នកគួរប្រើខ្សែសម្រាប់សម្អាតធ្មេញបន្ទាប់ពីដុសធ្មេញរួច ព្រោះខ្សែសម្អាតធ្មេញមានរូបរាងតូច សម្អាតបានជ្រៅល្អ ដែលច្រាសសម្អាតមិនដល់។ មិនតែត្រឹមតែប៉ុណ្ណោះ វាអាចសម្អាតកម្ទេចកម្ទី អាហារដែលកកជាប់ និងបាក់តេរីផ្សេងៗ ដែលនៅតាមចន្លោះជើងធ្មេញដោយមិនធ្វើឱ្យប្រហោងធ្មេញ និងឈាមអញ្ចាញ។
៤. ប្រើទឹកខ្ពុរមាត់ខ្ពុរមាត់ជាមួយនឹងទឹកថ្នាំ
ដើម្បីទប់ស្កាត់បាក់តេរី និងសម្អាតជាតិអាហារដែលធ្វើឱ្យធ្មេញងាយពុក និង ឆាប់បាក់។
៥. ណាត់ជួបពេទ្យធ្មេញរៀងរាល់៦ខែម្ដង
ណាត់ជួបពេទ្យធ្មេញ ដើម្បីពិនិត្យ និងតាមដានសុខភាពមាត់ធ្មេញរបស់លោកអ្នក ក៏ដូចជាសម្អាតកំណកកំបោរដែលជួយឱ្យធ្មេញរឹងមាំ និងសស្អាត។
៦. ចៀសវាងការពិសាបារី
ការជក់បារីធ្វើឱ្យធ្មេញឆាប់ពុកបាក់ ឡើងពណ៌លឿងនៅលើធ្មេញធ្វើឱ្យមានជំងឺនៅលើអញ្ចាញ មានក្លិន មាត់មិនល្អ និងខ្យល់ដង្ហើមមិនស្រស់ថ្លា។
ដកស្រង់ចេញពី៖
MedicalNewsToday II, https://pethyoeung.com/blog/52
https://www.google.com