ដើម្បីជំរុញការសិក្សាអប់រំពុទ្ធិដែលតម្រូវការចាំបាច់របស់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការសិក្ខាសាលាលើកទី៦ ស្ដីពីហេតុអ្វីចាំបាច់ត្រូវការសិក្សាអប់រំ? ជូនដល់សិស្សានុសិស្សថ្នាក់ទី១០ និងទី១១ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះ។ ឆ្លើយទៅនឹងប្រធាន ហេតុអ្វីចាំបាច់ត្រូវការការសិក្សាអប់រំ? លោក ហ៊ុល សារួន វាគ្មិនក្នុងសិក្ខាសាលានោះ បានលើកឡើងថា មនុស្សម្នាក់ៗដែលមានជីវិតរស់រាននៅលើពិភពលោក សុទ្ធតែស្រែកឃ្លាននូវការសិក្សាអប់រំ ព្រោះមានតែការសិក្សាអប់រំទេ ជាអ្នកកំណត់ជោគវាសនាជីវិតរបស់មនុស្សម្នាក់ៗ។
វាគ្មិនស្ទើរតែជោកជាំលើការបណ្ដុះធនធានមនុស្សរូបនេះ បន្តថា ក្នុងនាមអ្នកបន្តវេនដឹកនាំខ្លួនឯង គ្រួសារ និងសង្គមជាតិឱ្យមានការរីកចម្រើន ពុំគួរមើលរំលង ឬព្រងើយកន្តើយនឹងការសិក្សាអប់រំឡើយ។ ការអប់រំមិនត្រឹមតែនាំជីវភាពរស់របស់មនុស្សទៅរកភាពរុងរឿងប៉ុណ្ណោះទេ តែថែមទាំងនាំសង្គមគ្រួសារ រួមទាំងសង្គមជាតិទៅរកភាពរីកចម្រើនផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលា គឺជាកម្មវិធីសិក្សាបន្ថែមពិសេសមួយក្នុងចំណោមកម្មវិធីសិក្សាសំខាន់ៗជាច្រើនរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលតែងតែរៀបចំជូនដល់សិស្សានុសិស្សមកទទួលសេវាអប់រំពីសាលាចំណេះទូទៅកូនកាត់ខ្មែរ-អាមេរិកាំងមួយនេះ ហើយតាមរយៈកម្មវិធីពិសេសៗទាំងនោះ បានជំរុញសាលារៀនមួយនេះឱ្យមានភាពល្បីដូចបច្ចុប្បន្ន៕