ក្នុងវគ្គប្រកួតតែងកំណាព្យជំនាន់ទី២ ដែលរៀបចំដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្រោមប្រធានបទ “ការបំពានសិទ្ធិកុមារនៅមន្ទីរសន្តិសុខ២១ នាសម័យកម្ពុជាប្រជាធិបតេយ្យ” បានប្រកាសលទ្ធផលហើយកាលពីថ្ងៃទី៣កញ្ញា ម្សិលមិញនោះ ដោយសិស្សមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានជ័យលាភីរហូតដល់ទៅ៣រូប ដែលក្នុងនោះ យុវតី សរ ស៊ូឈី ជាប់ជ័យលាភីលេខ១, យុវតី សាមន្ថា លក្ស្មី ជាប់ជ័យលាភីលេខ២ និងយុវជន នូវ ប៊ុណ្ណារក្ស សត្យា ជាប់ជ័យលាភីលេខ៤។គួរជម្រាបជូនថា ក្រៅតែពីទទួលបានវិញ្ញាបនបត្រជ័យលាភី បេក្ខជនដែលជាប់ជ័យលាភីលេខ១ ទទួលបានថវិកាលើកទឹកចិត្ត៣០០ដុល្លារ លេខ២ ១៥០ដុល្លារ និងលេខ៣ ទទួលបាន១០០ដុល្លារ ហើយក៏ទទួលបាននូវវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តផងដែរ។ ទោះជាបែបនេះក្ដី សិក្ខាកាមទាំងអស់ដែលបានចូលរៀនដោយបានបំពេញតាមលក្ខខណ្ឌនៃវគ្គបណ្ដុះបណ្ដាលតែងកំណាព្យជំនាន់ទី២នោះ ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការសិក្សាផងដែរ។
ចំពោះសិក្ខាកាមទទួលជ័យលាភីលេខ១ បានថ្លែងចំណាប់អារម្មណ៍ថា ខ្លួនពិតជាមានមោទនភាពមែនទែន ដែលសារមន្ទីរផ្ដល់ឱកាសសិក្សាកំណាព្យខ្មែរបានយ៉ាងស៊ីជម្រៅទៅលើប្រវត្តិ ជើងកាព្យ និងចំណុចពិសេសៗនៃកំណាព្យខ្មែរពីសាស្រ្តាចារ្យមានបទពិសោធស្ទើរតែជោកជាំក្នុងជីវិត ហើយថែមទាំងបានពន្យល់ពីឫលគល់នៃប្រវត្តិសាស្រ្តខ្មែរក្រហមបានយ៉ាងស៊ីជម្រៅផងដែរ នូវការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរខ្លួនឯង ហើយនៅសារមន្ទីរមួយនេះ កុមារក៏ទទួលរងគ្រោះខ្លាំង ដែលខ្លួនបានពណ៌នានៅក្នុងកំណាព្យ។ នៅពេលចូលរៀនវគ្គនេះដំបូង យុវតីរូបនេះ បានបញ្ជាក់ថា ខ្លួនគ្មានមូលដ្ឋានគ្រឹះខាងកំណាព្យទេ គឺរៀនបានត្រឹមតែ១០សប្ដាហ៍ប៉ុណ្ណោះ ខ្លួនអាចតែងកំណាព្យបានយ៉ាងល្អរហូតជាប់ជ័យលាភីដែលនឹកស្មានមិនដល់។
សូមបញ្ជាក់ថា ការប្រឡងតែងកាព្យទាក់ទងនឹងប្រធានបទខ្មែរក្រហមនេះ គឺរៀបចំឡើងក្នុងគោលបំណងបំផុសទឹកចិត្តយុវជនឱ្យចូលរួមឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម ទៅលើសោកនាដកម្ម អំពើរំលោភសិទ្ធិមនុស្ស និងវិនាសកម្មទាំងឡាយ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការជាន់ដាន ព្រោះយុវជនសម័យនេះ ហាក់បានបំភ្លេចចោល ឬមិនបានយកចិត្តទុកដាក់ ហើយពួកគេគិតថា វាជារឿងអតីតកាលដ៏គួរឱ្យឈឺចាប់ដែលមិនគួរនឹងរម្លឹកឡើងវិញនោះឡើយ។